ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង កំពុងលេចធ្លោ លី រិទ្ធី មកពីក្លិបមីស្ទ័រលីគុនខ្មែរខេត្តសៀមរាប បានឈ្នះប្រាក់លានសរុបចំនួន ៣,៤ លានរៀល ពីការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន ខណៈការប្រកួតផ្តាច់ព្រ័ត្រលើកនេះ បានប្តូរពីច្បាប់ Mas Fight ដែលគ្មានចៅក្រមដាក់ពិន្ទុ មកជាប្រដាល់គុនខ្មែរ ដោយសារចង់ឲ្យកីឡាករឈ្នះជើងឯកទទួលបានប្រាក់ផ្តាច់មុខ មិនមែនចែកប្រាក់ស្មើគ្នា នៅពេលគ្មានអ្នកណាសន្លប់ក្នុងការប្រកួត ៩ នាទីពេញ។
នៅក្នុងសមាសភាពកីឡាករចំនួន ៤ រូប ក្នុងប្រភេទទម្ងន់ ៧០ គីឡូក្រាម ដែលចាប់ឆ្នោតភ្លាមឡើងប្រកួតភ្លាមនោះ លី រិទ្ធី បានយកឈ្នះកីឡាករជើងចាស់ ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្តកីឡា ដោយពិន្ទុដាច់ ៥-០ ក្នុងការប្រកួតវគ្គជម្រុះ ៣ ទឹក ចំណែកកីឡាករ ឈឿន ល្វៃ មកពីក្លិបនាគរាជចតុមុខ បានយកឈ្នះ យ៉ាម ខេមរា របស់ក្លិបរស្មីកុមារកំព្រា ដោយពិន្ទុប្រផុតប្រផើយ ៣ ទល់ ២។
យ៉ាងណាក៏ដោយ ការឡើងទៅជួបគ្នារវាងកីឡាករ លី រិទ្ធី និង ឈឿន ល្វៃ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្លាប់ប្រកួតតាមច្បាប់ Mas Fight គឺអ្នកផ្តួលគូប្រកួតឲ្យសន្លប់ ក្នុងរយៈពេល ៩ នាទីពេញ ទើបអាចក្លាយជាម្ចាស់ប្រាក់លាន ចំនួន ៣៩ សប្តាហ៍កន្លងមកហើយនោះ គឺមានការប្តូរ មកជាប្រកួតតាមច្បាប់គុនខ្មែរ មាន ៣ ទឹក ដូចវគ្គជម្រុះដែរ ហើយជាលទ្ធផល លី រិទ្ធី បានឈ្នះ ឈឿន ល្វៃ ដោយពិន្ទុ។
លី រិទ្ធី បានយកឈ្នះ ឈឿន ល្វៃ មានលក្ខណៈស្វិតស្វាញ និងជក់ចិត្ត ប៉ុន្តែចំណុចពិសេសដែលនាំឲ្យ លី រិទ្ធី ក្លាយជាជើងឯក គឺលោកអាជ្ញាកណ្តាលបានរាប់ ឈឿន ល្វៃ នៅចុងទឹកទី៣ ដែលជាហេតុនាំឲ្យទទួលបានជ័យជម្នះតែម្តង ខណៈ លី រិទ្ធី ទើបតែឈានចូលប្រឡូកក្នុងវិស័យប្រដាល់ ជាង ២ ឆ្នាំ ប៉ុន្តែកម្រិតសមត្ថភាពឈានដល់ការប្រកួតលំដាប់ជួរមុខ ជាមួយកីឡាករបរទេស និងគូឯកប្រចាំសប្តាហ៍ក្នុងទម្ងន់ធ្ងន់ទៅហើយ។
លោក លី ម៉ាវី ជាប្រធានក្លិបបានប្រាប់ថា៖ «លី រិទ្ធី ចាប់ផ្តើមល្បីកាលពីចុងឆ្នាំ ២០១៨ បន្ទាប់ពីបានផ្តួលកីឡាករជើងខ្លាំងថៃ នៅសង្វៀនបាយ័ន ហើយបន្ទាប់មកបានចូលប្រកួតដណ្តើមខ្សែក្រវាត់ជាមួយជើងខ្លាំងៗ មិនទទួលបានខ្សែក្រវាត់ ប៉ុន្តែកម្រិតបច្ចេកទេសបាននាំឲ្យ លី រិទ្ធី មានកេរ្តិ៍ឈ្មោះល្បីជាបណ្តើរ។ នៅក្នុងទម្ងន់ ៧០ គីឡូក្រាមនេះ លី រិទ្ធី មានលំដាប់ជួរមុខហើយ ប៉ុន្តែមិនទាន់បានប៉ះជាមួយ ឡុង សុភី, រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា នៅឡើយ»។
ចំណែកលោក ជួប វុត្ថា អ្នកគ្រប់គ្រងសមាសភាពកីឡាករប្រកួតនៅសង្វៀនថោន និងជាអ្នកអត្ថាធិប្បាយបានប្រាប់ថា ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននេះ យើងរៀបចំប្រកួតបាន ៤០ សប្តាហ៍មកហើយ ប៉ុន្តែមកដល់ពេលនេះ ដោយលោកនាយកគ្រប់គ្រងកម្មវិធី និងខាងទំនាក់ទំនងទីផ្សារស្វែងរកការគាំទ្របានយល់ឃើញថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រតាមច្បាប់ Mas Fight ធ្វើឲ្យករណីគូខ្លះ មិនអាចផ្តួលដៃគូប្រកួតបានដោយត្រូវចែកលុយគ្នាស្មើ គឺមិនអាចរកអ្នកឈ្នះជើងឯកប្រចាំសប្តាហ៍បាន។
លោកបន្ថែមថា៖ «តាមការចង់បានរបស់កីឡាករ ឬគណៈកម្មការរៀបចំ ព្រមទាំងនាយកគ្រប់គ្រងកម្មវិធី ក៏ដូចជាមហាជនអ្នកទស្សនា គឺចង់ឲ្យវគ្គផ្តាច់ព្រ័ត្រមានអ្នកឈ្នះ ដោយគ្មានស្មើ អ៊ីចឹងយើងក៏បានឯកភាពគ្នាប្តូររូបមន្ត មកប្រកួតតាមបែបប្រដាល់គុនខ្មែរ ទាំងវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រតែម្តង ដោយមាន ៣ ទឹកដូចគ្នា»៕