
លោក លុយ សុខុម ទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងការប្រកួតរត់ចម្ងាយ។ រូបថត យឺន ពន្លក

នៅក្នុងព្រឹត្តិការណ៍ការប្រកួតរត់ប្រណាំងទិវាអូឡាំពិកអន្តរជាតិដែល ទើបបញ្ចប់កាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញ លោកតា លុយ សុខុម អតីតម្ចាស់មេដាយមាសកីឡាប្រណាំងកង់ទសវត្សរ៍ ៦០ក៏មានវត្តមានដែរ ទោះបីជានៅពេលនេះ លោកមានអាយុ៧៥ឆ្នាំទៅហើយក្តី។ ក្នុងវ័យចំណាស់ជាងគេ លោកតា លុយ សុខុម នៅតែអាចរត់ប្រណាំងប្រជែងទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោម កីឡាករ កីឡាការិនីចូលរួមចំនួន៥០០នាក់ ក្នុងវិញ្ញាសារត់ចម្ងាយ៣០១៥ម៉ែត្រ។
លោក លុយ សុខុម មានស្រុកកំណើតនៅទីរួមខេត្តកំពង់ចាម ក្នុងគ្រួសារមន្ត្រីរាជការនៅសម័យសង្គមរាស្ត្រនិយម ហើយលោកមាននិស្ស័យចូលចិត្តលេងកីឡាតាំងពីក្មេងមកដូចជា កីឡារត់ចម្ងាយ ហែលទឹក និងប្រណាំងកង់ជាដើម។ លោកបានចូលរួមក្នុងសកម្មភាពកីឡាតាំងពីឆ្នាំ១៩៥៤មក។ លោកតា លុយ សុខុម បានមានប្រសាសន៍ថា៖«ខ្ញុំបានចូលហ្វឹកហាត់កីឡាជិះកង់ជាលើកដំបូងនៅឆ្នាំ១៩៥៣ ក្នុងខេត្តកំពង់ចាមជាមួយលោកគ្រូឈ្មោះ ប៊ុននៅ។ បន្ទាប់មក ខ្ញុំបានខិតខំប្រឹងប្រែងរៀន និងហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ហើយខ្ញុំក៏បានជាប់ជាកីឡាករ ប្រណាំងកង់ជម្រើសជាតិនៅក្នុងឆ្នាំ១៩៥៩ហើយខ្ញុំបានបន្តមកហ្វឹកហាត់ ប្រមូលផ្តុំគ្នាជាមួយកីឡាករជម្រើសជាតិដទៃទៀតនៅទីក្រុងភ្នំពេញ»។
លោក លុយ សុខុម បានមានប្រសាសន៍រំឭកថា នៅឆ្នាំ១៩៦០ លោកបាន ចូលរួមការប្រកួតកីឡាជិះកង់ថ្នាក់ជាតិ និងបានទទួលមេដាយមាសជាលើកដំបូងក្នុងការប្រណាំងកង់ចម្ងាយ១៧៥ គីឡូម៉ែត្រ ដោយនៅពេលនោះ សម្តេចព្រះករុណានរោត្តមសីហនុ ព្រះអង្គប្រទានដោយផ្ទាល់។
នៅឆ្នាំ១៩៦១ លោកបានចូលរួមការប្រកួតប្រណាំងកង់ថ្នាក់អាស៊ីនៅប្រទេសជប៉ុន។ ក្នុងចំណោមកីឡាករជាង១០០នាក់មកពីគ្រប់ប្រទេសនៅអាស៊ី កីឡាករសុខុម ទទួលបានចំណាត់ថ្នាក់លេខ៤ វិញ្ញាសាឯកត្តជនចម្ងាយ១៧៤គីឡូម៉ែត្រ។
នៅឆ្នាំ១៩៦២ លោកបានចូលរួមប្រកួតប្រណាំងកង់លក្ខណៈជាក្រុមនៅប្រទេសឥណ្ឌូណេស៊ី ក្នុងចម្ងាយ១៧០គីឡូម៉ែត្រជាក្រុមដោយពេលនោះក្រុមលោក ទទួលបានចំណាត់ថ្នាក់លេខ៤។
នៅឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៧៤ លោកចូលបម្រើការងារនៅកងរាជតម្រួតមានតួនាទីជាគ្រូបង្ហាត់ កីឡាអត្តពលកម្ម រហូតចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ លោកបានភៀសខ្លួនទៅព្រំដែនប្រទេសកម្ពុជា-ថៃ និងមានវាសនាបានទៅរស់នៅសហរដ្ឋអាមេរិក។ ការរស់នៅលើទឹកដីអាមេរិកមានសេរីភាពគ្រប់គ្រាន់មែន ប៉ុន្តែដោយក្តីនឹករឭកស្រុកកំណើត និងទឹកចិត្តស្រឡាញ់វិស័យកីឡា ពិសេសកីឡាប្រណាំងកង់ លោកក៏បានវិលត្រឡប់មករស់នៅកម្ពុជាវិញនៅឆ្នាំ១៩៩៤។
អតីតម្ចាស់មេដាយមាសកីឡាប្រណាំងកង់រូបនេះមានប្រសាសន៍ថា៖ «សព្វថ្ងៃ ខ្ញុំមានអាយុ៧៥ឆ្នាំ តែខ្ញុំមានសុខភាពល្អ អាចចូលរួមលេងកីឡាមហាជនដើម្បីសុខភាពបាន។ ក្នុងមួយថ្ងៃ ខ្ញុំជិះកង់ចម្ងាយពី៨០ ទៅ១០០គីឡូម៉ែត្រជាលក្ខណៈហាត់ប្រាណ ប៉ុន្តែបើចង់ជិះប្រឡងប្រណាំងវិញ លោកអាចជិះបានក្នុងល្បឿនពី៣៨ ទៅ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង»។ ទោះបីជាលោកមានអាយុច្រើនដូចនេះក្តី ប៉ុន្តែរូបលោកនៅតែបន្តការប្រណាំងរបស់លោកជានិច្ច។
ទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃលោក លុយ សុខុម បានប្រាប់ថា លោកមានជីវភាពធម្មតា ដោយសារមានកូន៤នាក់នៅក្រៅប្រទេសជួយឧបត្ថម្ភ ហើយសព្វថ្ងៃលោកគឺជា គ្រូបង្ហាត់កីឡាប្រណាំងកង់ស្ម័គ្រចិត្តនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម និងនៅភ្នំពេញផងដែរ៕
អត្ថបទគួរចាប់អារម្មណ៍
-
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុក្នុងគោលបំណងដើម្បីអនុវត្តពិធីសារណាហ្គូយ៉ានៃអនុសញ្ញាសហប្រជាជាតិស្ដីពី
-
នំពេញៈ ទិវាអនាម័យនៃការមករដូវឆ្នាំនេះ បានផ្ដោតលើការរួមគ្នាបំបែកភាពស្ងៀមស្ងាត់ និងបញ្ចប់ការមាក់ងាយជុំវិញការមករដូវ ខណៈពិភពលោកបានកំណត់ប្រធានបទ ៖ «ការចាត់ទុកការមករដូវរបស់ស្ត្រីជា
-
កំពង់ស្ពឺៈ ភូមិល្ងឹម គឺស្ថិតនៅតំបន់ស្រយាលមួយ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់នោះប្រសិនបើអ្នកដំណើរមើលពីចម្ងាយនឹងឃើញទេសភាពពណ៌ក្រហមឆ្អិនលេចចេញពីភូមិលាយឡំជា
-
កណ្តាលៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចូលរួមក្នុងពិធីបើកសម្ពោធការដាក់ឱ្យដំណើរការរោងចក្រដំឡើងម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុន វីដាប់ប៊ែលយូ &ស៊ី ឯ.ក ក្នុងខេត្តកណ្ដាល ដើម្បី
-
ភ្នំពេញៈ ក្រុមអង្គការ និងសមាគម ដែលធ្វើការលើបញ្ហាធនធានធម្មជាតិ ចំនួន ១០ ស្ថាប័ន បានរៀបចំប្រារព្ធទិវាបរិស្ថាន ពិភពលោកដោយអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ មានឆន្ទៈក្នុងការការពារធនធានធម្មជាតិ
-
ភ្នំពេញៈលោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តរួបរួមគ្នាក្នុងធ្លុងសាមគ្គីតែមួយ ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ