ភ្នំពេញ៖ ​លោកស្រី​ឧត្តម​សេនីយ៍ទោ​ ស៊ុំ​ សុខា​ ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ​ខ្សែ​ជីវិត​របស់​គាត់ ដែល​ទទួល​បាន​ជោគជ័យ​រហូត​ដល់​បច្ចុប្បន្ន​នេះ គឺ​កើត​ចេញ​ពី​កីឡា ហើយ​គិត​មក​ដល់​ពេល​នេះ លោកស្រី​បាន​ប្រឡូក​ក្នុង​កីឡា ​៤០ ឆ្នាំ​មក​ហើយ ដោយ​បាន​វិវឌ្ឍ​ខ្លួន​ពី​អ្នក​លេង​កីឡា​ច្រើន​ប្រភេទ​ តាំង​ពី​កុមារភាព រហូត​ក្លាយជា​អ្នក​ដឹកនាំ​កីឡា​ម្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារ​ជាតិ ព្រម​ទាំង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​ និង​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា។​

ការ​វិវឌ្ឍខ្លួន​របស់​លោកស្រី​ផ្កាយ ​២ ស៊ុំ​ សុខា ​គឺ​កើត​ចេញ​ពី​បទពិសោធ និង​លទ្ធផល​ជា​អ្នក​​លេង​កីឡា​​អត្តពលកម្ម​បាល់​បោះបាល់​ទះ និង​​បាល់ទាត់​តាំង​ពី​កុមារភាព​ ខណៈ​ដែល​លោកស្រី​មាន​ឈ្មោះ​ក្នុង​ទស្សនា​វដ្តី​ជា «រតននារី» ​ហើយ​ក្នុង​នោះ​ នៅ​ក្នុង​កំណត់ត្រា​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ គឺ​លោកស្រី​ធ្លាប់​​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ចំនួន ​២ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី ​១៩ ​ឆ្នាំ ​១៩៩៧​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

ដោយ​មាន​ស្រុក​កំណើត​នៅ​ឃុំ​ស្វាយរលំ ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ លោកស្រី ស៊ុំ សុខា ដែល​បាន​កើត​នៅ​ថ្ងៃទី ​៦ ​ខែ ​មេសា​ ឆ្នាំ ​១៩៧០ នោះ ​គឺ​​បាន​​ចូល​ហ្វឹកហាត់​ និង​លេង​កីឡា​អត្តពលកម្ម​ បាល់​ទះ​ បាល់​ទាត់ ​តាំង​ពី​ឆ្នាំ ​១៩៨០ ​នៅ​ក្នុង​សាលា​បឋម​សិក្សា ​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ឆ្នើម​ដាច់​គេ ​និង​ឈ្នះ​ជយលាភី​ជានិច្ច ​ពិសេស​នៅ​អនុវិទ្យាល័យ​ចតុមុខ​ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ​ មុន​នឹង​លោកស្រី​​បាន​ប្រឡង​ជាប់​បាក់​ឌុប​​ នៅ​ឆ្នាំ ​១៩៨៧​។​

ក្រោយ​ជាប់​បាក់ឌុប​ លោកស្រី សុខា បាន​ដាក់​ពាក្យ​ចូល​បម្រើ​​ការងារ​កីឡា​ក្នុង​កង​ទ័ព ​នៃ​ក្រសួង​ការពារ​ជាតិ​ ដោយ​ក្នុង​នោះ​គាត់​​លេង​កីឡា​ច្រើន​ប្រភេទ​មាន​​ដូច​ជា​កីឡា​បាល់​ទះ ​បាល់​ទាត់ ​អត្តពលកម្ម​ និង​ក្រោយ​មក​ចាប់​យក​ជំនាញ​កីឡា​បាញ់​កាំភ្លើង ​ដោយ​ជាប់​ជា​ក្រុម​ជម្រើស​ជាតិ ​តាំង​ពី​ឆ្នាំ ​១៩៩៧​ រហូត​ដល់​ឆ្នាំ ​២០០០​ ទើប​សម្រាក​។​

លោកស្រី​បាន​ថ្លែង​ថា៖​ «​ខ្ញុំ​ធ្លាប់​ចេញ​ទៅ​ប្រកួត​កីឡា​បាញ់កាំ​ភ្លើង​នៅ​វៀតណាម​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និង​ប៊្រុយណេ​ ក្នុង​ក្របខ័ណ្ឌ​កីឡា​កងទ័ព​ ដោយ​ទទួល​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​​ ហើយ​​ខ្ញុំ​ធ្លាប់​ទៅ​ចូលរួម​ប្រកួត​ឈ្នះ​មេដាយ​សំរឹទ្ធ​ជា​ក្រុម​ និង​ឯកត្តជន​ ពី​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​១៩ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ឆ្នាំ ​១៩៩៧​។​ បន្ថែម​លើ​នេះ នៅ​ឆ្នាំ ​២០១២​ ខ្ញុំ​ឈ្នះ​មេដាយ​មាស​នៅ​ប្រទេស​ប្រ៊ុយណេ ​ពី​កីឡា​បាញ់​កាំភ្លើង​កងទ័ព ជយលាភី​ជា​ក្រុម ​ហើយ​បន្ទាប់​មក​ខ្ញុំ​ឈប់​លេង​កីឡា​ ដោយ​ទទួល​ការងារ​ជា​ថ្នាក់​ដឹកនាំ​កីឡា​វិញ​ម្តង ​ស្រប​ទៅ​នឹង​វ័យ​របស់​ខ្ញុំ​កាន់​តែ​ចាស់»​។​

លោកស្រី​ ស៊ុំ​ សុខា​ បាន​ទទួល​មុខងារ​​ជា​នាយិកា​បច្ចេកទេស លើ​ប្រភេទ​​កីឡា​ចំនួន ​១៦​ ក្នុង​កង​ទ័ព ​ហើយ​ជា​បន្តបន្ទាប់​អ្នកស្រី​ទទួល​បាន​ឋានៈ​ជា​អនុ​ប្រធាន​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ ព្រម​ទាំង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ ជា​ឧត្តមសេនីយ៍ទោ​នៃ​នាយិកា​រង​ កីឡា​កងយោធពល​ខេមរភូមិន្ទ​នា ​ឆ្នាំ ​២០១៧​។​ ​

អ្នកស្រី​អះអាង​ថា​៖ ​«តាមរយៈ​បទពិសោធ​ក្នុង​សកម្មភាព​កីឡា​តាំង​ពី​កុមារភាព​ មក​ដល់​បច្ចុប្បន្ន​ មាន​រយៈ​ពេល ​៤០ ​ឆ្នាំ ​ហើយ​ការងារ​ទាំង​នេះ​ បាន​នាំ​ឱ្យ​ខ្ញុំ​​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត ​ក្នុង​នោះ​កូន​របស់​ខ្ញុំ​​ចំនួន ​២ ​នាក់ ​សុទ្ធ​តែ​បាន​បណ្តុះបណ្តាល​ផ្នែក​កីឡា​ ពោល​គឺ​កូន​ស្រី​ឈ្មោះ​ វង្ស ​សុខវីន​ ជា​ជម្រើសជាតិ​កីឡា​បាញ់​កាំភ្លើង​ និង​កូន​ប្រុស​ឈ្មោះ​ វង្ស ​សុខានិល​ លេង​កីឡាបាល់​ទះ អត្តពលកម្ម​ ​និង​បាញ់​កាំភ្លើង​ផង​ដែរ»​។​

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​សួរ​ថា លទ្ធផល​ល្អ ​តាមរយៈ​កីឡា​ តើ​លោកស្រី​ធ្លាប់​ជួប​បញ្ហា​លំបាក​ខ្លាំង​អ្វី​ទេ​? លោកស្រី ស៊ុំ​ សុខា​ ​បាន​ឆ្លើយតប​វិញ​ថា​៖ «នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ មុន​ឈាន​មក​ដល់​ភាព​ជោគជ័យ ​គឺ​គ្មាន​ការងារ​ណា​មួយ ​ដែល​គ្មាន​ការ​លំបាក​ ឬ​គ្មាន​​ឧបសគ្គ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​យើង​ដោះស្រាយ​បាន​ និង​ជម្នះ​បាន​នោះ​ ទើប​មាន​លទ្ធផល​ល្អ​​សម្រាប់​អនាគត»៕​