ស្ទឹងត្រែង: អតីតមន្ត្រី​ជើងចាស់​ចូលនិវត្តន៍​ម្នាក់​គឺ​លោក​កឹម សួន បច្ចុប្បន្ន​មាន​វ័យ​កាន់​តែ​ចាស់​បាន​អះអាង​ថា លោក​មាន​ជំនាញ​ក្បាច់​គុន​ដំបង និង​ចង់​ឲ្យ​មាន​អ្នក​ហាត់​បន្ត​កីឡា​ក្បាច់​គុន​ប្រភេទ​នេះ ដើម្បី​រក្សា​មរតក​វប្បធម៌​ដ៏​យូរ​លង់​របស់ ខ្មែរ​មួយ​នេះ​ដែល​សឹង​តែ​ខ្វះ ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ។

ក្រៅពី​មាន​ចំណេះ​វិជ្ជា​ផ្នែក​ស្នៀត​គុន​ដំបង​ហើយ លោក​មាន​ចេតនា​ចង់​ស្វែងរក​ដៃគូ​សហការ​ដើម្បី​សរសេរ​សៀវភៅ​ចង​ក្រង​ជា​ច្បាប់​ក្បួន​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​ទទួល​បន្ត​វេន​នូវ​មរតក​វប្បធម៌​បុរាណ​ខ្មែរ​មួយ​នេះ។

តាមរយៈ​ការសម្ភាស​ផ្ទាល់​កាលពី​សប្តាហ៍​មុន​នៅឯ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែល​លោក​កំពុង​តែ​រស់​នៅ​បច្ចុប្បន្ន លោក កឹម សួន បាន​ប្រាប់​ថា៖ «គិត​មក​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មាន​អាយុ ៧៣ ឆ្នាំ មាន​ស្រុក​កំណើត​មក​ពី​ស្រុក​ពារាំង ខេត្ត​ព្រៃវែង ហើយ​ក្នុង​អំឡុង​ឆ្នាំ ១៩៦៨ ខ្ញុំ​ហ្វឹកហាត់​ក្បាច់​គុន​ដំបង​នៅ​ទីនោះ​ជាមួយ​គ្រូ​ចាស់ៗ​ជំនាន់​នោះ»។

លោក​បាន​បន្តថា៖ «អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​វិស័យ​ក្បាច់គុន​នេះ ដោយសារ​ក្នុង​វ័យ ២៣ ឆ្នាំ ក្នុង​ឆ្នាំ ១៩៦៣ ខ្ញុំ​មាន​បញ្ហា​បេះដូង ហើយ​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​លោកគ្រូ​ពេទ្យ​បាន​ផ្តល់​យោបល់​ឲ្យ​ហ្វឹកហាត់​កីឡា​ជាប្រចាំ​ទើប​សុខភាព​មាន​ប្រក្រតី​ល្អ»។

នៅក្នុង​ឆ្នាំ ១៩៦៥ លោក​កឹម សួន បាន​ចូល​ហ្វឹកហាត់​កីឡា​បន្ថែមទៀត​ដើម្បី​សុខភាព​ល្អ ដោយ​មិន​ប្រកួត​ទេ មាន​ដូចជា​ប្រដាល់​សេរី នៅ​ក្លិប​ភ្នំ​ពេជ្រ និង​ហាត់​គុន​ដំបង​ជាប្រចាំ​នៅ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង និង​ហាត់​កីឡា​យូដូ​នៅ​ភូមិ​គ្រាល ឃុំ​កំពង់​អំពិល ខេត្ត​ព្រៃវែង រហូត​ដល់​ឆ្នាំ ១៩៦៩។

លោក​បាន​បញ្ជាក់ដែរថា ៖ «ដោយសារតែ​ការហ្វឹកហាត់​កីឡា​ច្រើន​ប្រភេទ​ជាប្រចាំ​នេះហើយ បាន​ធ្វើ​សុខភាព​ខ្ញុំ​បាន​ល្អ មាំទាំ​រហូត​ដល់​សព្វ​ថ្ងៃ»។

លោក កឹម សួន បាន​លម្អិត​ពី​ប្រវត្តិ​របស់លោក​ថា៖ «ខ្ញុំ​មាន​អាជីព​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ពារាំង ខេត្ត​ព្រៃវែង តាំង​ពី​ឆ្នាំ ១៩៦៩ ដល់​ខ្មែរ​ក្រហម​វាយ​ឈ្នះ​របប​លន់ នល់ នៅ​ឆ្នាំ ១៩៧៥។ ក្រោយ​ឆ្នាំ ១៩៧៩ ខ្ញុំ​បាន​ទៅ​បម្រើការ​នៅ​ការិយាល័យ​អប់រំ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ហើយ​ឆ្នាំ ១៩៩០ ខ្ញុំ​បាន​ផ្លាស់​មក​ធ្វើការ​នៅ​សាធា​រណការ និង​ដឹក​ជញ្ជូន ខេត្ត​ស្ទឹងត្រែង និង​បាន​ចូល​និវត្តន៍​តាំង​ពី​ឆ្នាំ ២០០៦ មក​ម្ល៉េះ។

ក្រោយ​ចូលនិវត្តន៍ លោក​កឹម សួន មាន​អាសយដ្ឋាន​នៅ​ភូមិគ្រឹះ នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ជា​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ឱសថ​បុរាណ និង​កំពុង​សរសេរ​សៀវភៅ​ក្បាច់​គុន​ដំបង​ដើម្បី​រក្សា​មរតក​វប្បធម៌​ខ្មែរ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ក្រោយពេល​ចូលនិវត្តន៍​រូបខ្ញុំ និង​គ្រួសារ​មិនមាន​ការ​លំបាក​ក្នុង​ជីវភាព​នោះ​ទេ ប៉ុន្តែ​ក្នុងឋានៈ​ជា​មន្ត្រី​រាជការ​ខ្មែរ​ចូល​និវត្តន៍​ម្នាក់​ដែល​មាន​ទស្សនៈ និង​គោល​បំណង​ចង់​ផ្សព្វផ្សាយ​ពី​ចំណេះ​របស់​ខ្ញុំ​មាន​ដូចជា​កីឡា​ក្បាច់​គុន​ដំបង​នេះ នៅ​មិន​ទាន់​មាន​ស្ថាប័ន​ណា​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ឬ អភិវឌ្ឍ​នៅ​ឡើយ ពោល​គឺ​គ្មាន​អ្នក​បន្ត​វេន»។

លោក​បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​អាច​លះបង់​ពេលវេលា​សមស្រប​ក្នុងការ​បង្វឹក​ដល់​កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ​បាន ប្រសិន​បើ​ក្រសួង​អប់រំ យុវជន និង​កីឡា ឬ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បង្កើត​ជា​ក្លិប ឬ​សហព័ន្ធ​គុន​ដំបង​ឡើង​វិញ​នោះ ដើម្បី​ឲ្យ​មាន​អ្នក​ហ្វឹក​ហាត់​បន្ត»។

ទាក់ទង​នៅ​នឹង​បច្ចេកទេស​កីឡា​គុនដំបង​វិញ លោក​ព្រឹទ្ធាចារ្យ​បាន​ពន្យល់​ទៀតថា៖ «មរតក​ក្បាច់​គុន​របស់​ខ្មែរ​សុទ្ធ​សាធ​តែង​មាន​លក្ខណៈ​ក្បួន ឬ​ច្បាប់​ច្បាស់​លាស់​អាច​សម្គាល់​ថា ជា​របស់​ដូនតា​ខ្មែរ​យើង ក្នុង​នោះ គុន​ដំបង​ទី ១ របៀប​ថ្វាយ​បង្គំ​គ្រូ គឺ​យក​ទិស​ទាំង ៤ ជា​គោល។ ទី ២ ការ​ហ្វឹក​ហាត់​មាន​ទ្វារ ៤ ដល់​ទ្វារ ៨។ ទី ៣ ហាត់​មេកែ​ទី ៤ ហាត់​ស្នៀត​ដែល​មាន​រហូត​ដល់ ៧០ ស្នៀត​ឯណោះ»។

លោកគ្រូ​បាន​បន្ថែមថា៖ «ទោះ​ជាមាន​ស្នៀត​ច្រើន ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​ជា​ស្នៀតធំៗ​នោះ​គឺមាន ៤ ទិស ហើយ​ការ​ប្រើ​ប្រាស់ មាន​ដំបង​ចុង ១ និង​ដំបង​ចុង ២ ដំបង​វែង និង​ដំបង​ខ្លី»។

លោក កឹម សួន បានស្នើ​សុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​តាមរយៈ​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ប្រសិន​បើ​ស្ថាប័ន​គ្រប់​គ្រង​កាន់​កាប់​ផ្នែក​កីឡា​ចាប់​អារម្មណ៍​ចំពោះ​ក្បាច់​គុន​ដំបង សូម​មេត្តា​ជួយ​បង្កើត​ជា​សហព័ន្ធ ឬ​សមាគម ឬ​ក្លិប ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ហាត់​រៀន​បន្ត​វេន​ទៅ។ ចំណែក​ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​ចេញ​មុខ​បង្ហាត់ ឬ​ចង​ក្រង​បាន»។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិ​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុ​ប្រធាន​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ឆ្លើយ​តប​ថា៖ «ក្បាច់​គុន​ដំបង​គឺ​យើង​បាន​ចាត់​បញ្ចូល​ក្នុង​គុន​ល្បុក្កតោ ដែល​មាន​សហព័ន្ធ​ត្រឹមត្រូវ ប៉ុន្តែ​សកម្មភាព ឬ​ចលនា​ក្បាច់​គុន​នីមួយៗ យើង​អាច​អភិវឌ្ឍ​ឲ្យ​បាន​ទូលំ​ទូលាយ​បាន​ទៅ​តាម​ភាព​ជាក់​ស្តែង និង​ការ​ស្ម័គ្រ​ចិត្ត​ចូលរួម ពីព្រោះ​បើ​និយាយ​ពី​សកម្មភាព​កីឡា វា​ផ្តើម​ចេញ​ពី​ការ​លះបង់ និង​ស្ម័គ្រ​ចិត្ត​ឲ្យ​មាន​ការ​រីក​ចម្រើន​ផុស​ផុល ហើយ​បន្ទាប់​មក ឈាន​ទៅ​ទទួល​បាន​ផ្លែផ្កា ជា​ក្រោយ»។

លោក​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​គាំទ្រ​ឲ្យ​មានការ​សហការ​គ្រប់​អ្នក​ដែលមាន​ជំនាញ​កីឡា ដើម្បី​អភិវឌ្ឍ​បន្ថែម និង​មាន​ចក្ខុ​វិស័យ​ក្នុង​ការ​សរសេរ​សៀវភៅ​ក្បាច់​គុន​ដំបង»៕