ភ្នំពេញ៖ លោកវរសេនីយ៍ទោ គង់ ចាន់ធីណា ជាមន្ត្រីនគរបាលប្រយុទ្ធម្នាក់ក្នុងអង្គភាពនគរបាលការពារដែលបានការពារសមរភូមិមុខ ឬហៅថា នគរបាល A3 ប៉ុន្តែដោយសារចំណង់ចំណូលចិត្តស្រឡាញ់វិស័យកីឡាខ្លាំង ខណៈដែលលោកមានជំនាញក្បាច់គុនកីឡាប្រយុទ្ធស្រាប់ផងនោះ គឺលោកបានបន្ថែមនូវជំនាញជាអ្នកហាត់គុនរហូតទទួលបានខ្សែក្រវាត់ខ្មៅ ៦ ជាន់ ផ្នែកកីឡាហាប់គីដូ និងទទួលបាននូវជំនាញជាគ្រូបង្វឹកក្បាច់គុន ដើម្បីរកប្រាក់ចំណូលក្រៅម៉ោងពីការងារជារាជការ។
មិនតែប៉ុណ្ណោះកូនប្រុសច្បងម្នាក់ និងកូនស្រីរបស់លោក ២ នាក់ សុទ្ធតែមាននិស្ស័យខាងកីឡាហើយបានហ្វឹកហាត់ក្បាច់គុន ដើម្បីធ្វើជាគ្រូជំនួយរបស់លោកផងដែរ។ យ៉ាងណាក៏ដោយប្រាក់ចំណូលបន្ថែមពីមុខរបរបង្ហាត់ក្បាច់គុននេះ ពីដំបូងបង្ហាត់សិស្សដោយគ្មានទីតាំងល្អសមរម្យទេ គឺនៅតាមសួនច្បារសាធារណៈ ប៉ុន្តែជាង ១០ ឆ្នាំចុងក្រោយនេះ លោកត្រូវបានតែងតាំងជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងចុងក្រោយនេះជាជំនួយការលោកឧត្តមសេនិយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃទទួលបន្ទុកប្រភេទកីឡាប្រយុទ្ធដែលតួនាទីនេះ គឺដាក់ចំជំនាញរបស់លោកតែម្តង។
ការងារជំនាញរបស់លោកគ្រូ គង់ ចាន់ធីណា ក្រៅពីធ្វើជានគរបាលលោកមានជំនាញច្បាស់លាស់ផ្នែកបង្ហាត់កីឡាប្រយុទ្ធមានហាប់គីដូ និងប្រដាល់គុនខ្មែរនៅក្រៅម៉ោងជាពិសេសនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុងពេលព្រឹក និងពេលល្ងាចព្រមទាំងចេញទៅបង្ហាត់ជាលក្ខណៈឯកជននៅតាមគេហដ្ឋានផងដែរ។ ជាមួយគ្នានេះប្រាក់ចំណូលពីការបង្ហាត់គឺតាមការស្ម័គ្រចិត្តពោលគឺទទួលបានពីកូនសិស្សឧបត្ថម្ភប៉ុន្តែក៏ប្រមូលបានថវិកាច្រើនគួរសមដែលមជ្ឈដ្ឋានមួយចំនួនមិននឹកស្មានដល់ដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារបានប្រសើរនោះ។
លោក គង់ ចាន់ធីណា បានប្រាប់ ភ្នំពេញ ប៉ស្តិ៍ថា៖ «បច្ចុប្បន្នខ្ញុំមានអាយុ ៥៣ ឆ្នាំ ហើយបានចូលធ្វើនគរបាលជាតិតាំងពីឆ្នាំ ១៩៨៨ នៅនាយកដ្ឋាននគរបាលការពារ (ប៉ូលិស A3)។ ដោយខ្ញុំព្យាយាមហាត់កីឡាជាប្រចាំខ្ញុំមានសុខភាពល្អ និងបន្តបង្ហាត់គេយកប្រាក់កម្រៃ»។
«មុខរបរបង្ហាត់ក្បាច់គុននេះមិនសូវមានគេចាប់អារម្មណ៍ធ្វើជាគ្រូច្រើននោះទេព្រោះចំណង់ចំណូលចិត្ត និងនិស្ស័យខុសគ្នាហើយណាមួយជីវភាពមុខរបរគ្រូក្បាច់គុននេះកន្លងមកភាគច្រើនលំបាកក្រីក្រប៉ុន្តែបើយើងមានជំនាញច្បាស់លាស់ គឺមានសិស្សមកហាត់ច្រើនទទួលបានកម្រៃច្រើនគួរសមគឺបើកូនសិស្សបង់ម្នាក់តែ ១០ ដុល្លារ សម្រាប់ ១ ខែ ហើយមានកូនសិស្សតែ ១០០ នាក់ យើងនឹងទទួលបានសមរម្យតាមនោះដែរ។ទោះជាយ៉ាងណាសម្រាប់សិស្សដែលក្រីក្រហើយគេចង់មកហ្វឹកហាត់យើងនៅតែអនុគ្រោះឱ្យគេបានហាត់ដោយមិនយកប្រាក់ផងដែរ»។
លោក ចាន់ធីណា បានបន្ថែមថា៖ «ខ្ញុំបង្ហាត់សិស្សជាអចិន្ត្រៃយ៍គឺរាល់ព្រឹក និងរាល់ល្ងាចនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនៅជាន់លើរបស់អង្គភាពកីឡានគរបាលជាតិ។ បន្ថែមពីលើនេះខ្ញុំមានកម្មវិធីបង្ហាត់តាមគេហដ្ឋានក្រៅម៉ោងខ្លះ និងពិសេសទៅបង្ហាត់ក្រុមសមត្ថកិច្ច និងកងអន្តរាគមន៍អង្គរក្សផ្នែកក្បាច់ចាប់ក្បាច់ក្លេ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចរបស់សមត្ថកិច្ច»។
គ្រូក្បាច់គុនជានគរបាលរូបនេះបានបន្ថែមទៀតថា៖ «ក្រៅពីនេះខ្ញុំបើកក្លិបប្រដាល់គុនខ្មែរមួយឈ្មោះក្លិបមកុដរាជសីហ៍ចំណុះឱ្យសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃដែលផ្តល់ឱ្យកីឡាករបានហាត់ និងឡើងប្រកួតមានកេរ្តិ៍ឈ្មោះល្បីគួរសម។មុខរបរបង្ហាត់គុននេះខ្ញុំបង្ហាត់បានរយៈពេល ២០ ឆ្នាំ ហើយហើយមកដល់បច្ចុប្បន្នមានចំណូលក្នុង ១ ខែ សរុបជិត ៨០០ ដុល្លារដែរ»។
នៅក្នុងផែនការ និងចក្ខុវិស័យលោក គង់ ចាន់ធីណា បានបញ្ជាក់ថា៖ «ក្បាច់គុនកីឡាហាប់គីដូមានប្រយោជន៍ល្អខាងសុខភាពការពារខ្លួន និងមានក្បាច់ក្លេសម្រាប់សមត្ថកិច្ច។ សម្រាប់ឆ្នាំ ២០២១ នេះហាប់គីដូបានចូលអាណត្តិទី៧ ដែលតាមគម្រោងនឹងធ្វើមហាសន្និបាត ដើម្បីរៀបចំការប្រកួតជើងឯកជាតិ និងស្វែងរកការគាំទ្ររៀបចំការប្រកួតឱ្យបានច្រើនក្នុងមួយឆ្នាំៗដើម្បីទាក់ទាញយុវជនឱ្យមានការចូលរួមហាត់កាន់តែច្រើនព្រោះសម័យកូវីដ ១៩ នេះ (មុនពេលបិទខ្ទប់) កីឡាករកីឡាការិនីមកហាត់ថយចុះជាងពាក់កណ្តាល គឺមានត្រឹមខ្ទង់ ១០០ នាក់ប៉ុណ្ណោះ»៕