The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ​ជា ​វ៉ាន់សាន្ត ​ឈ្នះ​មេដាយ​មាស​កីឡា​ហាប់គីដូ ​៣ ​វិញ្ញាសា​​នៅ​កូរ៉េ​

លោក ​ជា ​វ៉ាន់សាន្ត ​ឈ្នះ​មេដាយ​មាស​កីឡា​ហាប់គីដូ ​៣ ​វិញ្ញាសា​​នៅ​កូរ៉េ​

Content image - Phnom Penh Post
លោក ជា វ៉ាន់សាន្ត បង្ហាញ​មេដាយ​មាស​ទាំង​៣ ដែលលោកដណ្តើម​បាន។ សហ​ការី

លោក ​ជា ​វ៉ាន់សាន្ត ​ឈ្នះ​មេដាយ​មាស​កីឡា​ហាប់គីដូ ​៣ ​វិញ្ញាសា​​នៅ​កូរ៉េ​

ភ្នំពេញ៖ ​អ្នក​និយម​ហាត់​ក្បាច់​គុន​ប្រយុទ្ធ​ Hapkido ​លោក ​ជា ​វ៉ាន់សាន្ត​ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ហាប់គីដូ​ដ៏​ធំ​មួយ ​មាន​ឈ្មោះ​ថា ​The ​9th ​​Kore​ Open Hapkido ​Martial ​Arts​ Competition នៅ​ខេត្ត​ក្យូគីដូ​ ទីក្រុង​យ៉ុងអ៊ីន ​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ហ្វឹកហាត់​របស់​ប៉ូលិស​នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​​ដណ្តើម​បាន​មេដាយ​មាស​ចំនួន ​៣ ​វិញ្ញាសា ​គឺ​ស្នៀត​ទាត់​ ស្នៀត​កាច់​ និង​ស្នៀត​ប្រយុទ្ធ។

នៅ​ក្នុង​ព្រឹត្តិកាណ៍​កីឡា​ហាប់គីដូ​ដ៏​ធំ​នេះ ​ដែល​ធ្វើ​ឡើង​ ​២ ​ឆ្នាំ​​ម្តង​នេះ ​ជា​យុទ្ធនាការ​លក្ខណៈ​អន្តរជាតិ​លើក​ទី ៩​ និង​មាន​សមាជិក​កីឡា​ហាប់គីដូ​អន្តរជាតិ​ចំនួន ​១០ ​ប្រទេស​ បាន​ចូលរួម ​ហើយ​ប្រតិភូ និង​កីឡាករ​ហាប់គីដូ​របស់​កម្ពុជា​មាន​តែ​កីឡាករ​ម្នាក់​គត់ ​ដែល​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រកួត​ជា​លក្ខណៈ​ឯកជន ​ខណៈ​ដែល​អត្តពលិក​ ជា​ វ៉ាន់សាន្ត​ រូប​នេះ ​កំពុង​បំពេញ​ការងារ ​និង​ហ្វឹកហាត់​កីឡា​ហាប់គីដូ​នៅ​ប្រទេស ​កូរ៉េ ស្រាប់​។​

លោក ​ជា ​វ៉ាន់សាន្ត​ ដែល​ជា​សិស្ស​ច្បង​កីឡា​ខ្មែរ​ហាប់គីដូ ​និង​ជា​សកម្មជន​និយម​ចូលចិត្ត​លើក​ស្ទួយ​ហាប់គីដូ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ តាម​បណ្តាញ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​ខ្ញុំ​ចូល​ប្រកួត​ប្រជែង​ក្នុង​លក្ខណៈ​ឯកជន​ និង​តំណាង​ឲ្យ​កីឡា​ហាប់គីដូ​របស់​​កម្ពុជា ​គឺ​ចុះ​ឈ្មោះ​ចូល​ប្រកួត​តែ​ម្នាក់​ឯង​គត់​ ដែល​មាន ១០ ​ប្រទេស​​ចូល​រួម គឺ​មាន​មក​ពី​អាមេរិក​ កាណាដា​ ប្រេស៊ីល​ ថៃ​ កូរ៉េ​ កម្ពុជា​ នេប៉ាល់​ រុស្ស៊ី​ ហូឡង់​ និង​អូស្ត្រាលី​»។​

លោក​ ​វ៉ាន់​សាន្ត​ បន្ថែម​ថា​៖​​ «ខ្ញុំ​បាន​ទទួល​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​ និង​មោទនភាព​បំផុត ​ដោយ​ខ្ញុំ​ឈ្នះ​បាន​​មេដាយ​មាស​ទាំង ​៣ ​វិញ្ញាសា ​គឺ​ក្បាច់​ទាត់​ ​ក្បាច់​កាច់​ និង​ដោះ​ក្លេ ហើយ​ក្នុង​ការ​​ប្រកួត​ជម្រុះ​ដាក់​ពិន្ទុ​នោះ ​ខ្ញុំ​ឈ្នះ ​៦ ​នាក់​ និង​វិញ្ញាសា​ប្រយុទ្ធ​ ខ្ញុំ​ឈ្នះ​ចំនួន ​៣ ​​ប្រកួត​ជាប់ៗ​គ្នា ​គឺ​ឈ្នះ​កីឡាករ​មក​ពី​ប្រទេស ​នេប៉ាល់ ​ម្នាក់ ​និង​​ឈ្នះ​កីឡាករ​កូរ៉េ​ម្ចាស់​ផ្ទះ​ចំនួន ​២ ​នាក់ ដើម្បី​​ទទួល​បាន​មេដាយ​មាស​តែ​ម្តង»​។

តាមរយៈ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ លោក វ៉ាន់សាន្ត​ បាន​បញ្ជាក់​​ថា៖ «ពួក​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ហ្វឹកហាត់​ចូលរួម​ប្រកួត​ដោយ​ស្ម័គ្រ​ចិត្ត និង​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន ​ដើម្បី​មុខ​មាត់​របស់​កម្ពុជា​ ខណៈ​ប្រទេស​ចូលរួម​​ទាំង​អស់ ​មាន​ការ​កោត​សរសើរ​ពី​ហាប់គីដូ​កម្ពុជា​។​ ជាមួយ​ជ័យជម្នះ​របស់​ខ្ញុំ​នេះ​ គឺ​ចង់​ប្រាប់​ថា ​កីឡាករ​ខ្មែរ​ព្យាយាម​ធ្វើ​បាន ​និង​ចង់​សុំ​ឲ្យ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី ​៣២​ ឆ្នាំ​២០២៣​ ដែល​​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ​គឺ​គួរ​រៀបចំ​ឲ្យ​មាន​ប្រភេទ​កីឡា​ហាប់គីដូ​នេះ ​ចូល​ប្រកួត​ប្រជែង​ផង»​។​

ចំណែក លោក ​ម៉ក់ ​សំអុល​ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ ​បាន​ថ្លែង​​អំណរគុណ ​ចំពោះ​កីឡាករ ជា វ៉ាន់សាន្ត ដែល​តែងតែ​ព្យាយាម​ខិតខំ​ហ្វឹកហាត់​ជា​ប្រចាំ​ និង​តែងតែ​នាំ​មក​នូវ​ការ​ចូលរួម​ប្រកួត​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ៗ​។ «ខ្ញុំ​ សូម​សរសើរ​ដល់​សិស្ស​ហាប់គីដូ​កម្ពុជា​យើង​ ដែល​ដណ្តើម​បាន​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។​ ពួក​គេ ​គឺ​ជា​កីឡាករ​ដែល​មាន​ធនធាន​ក្បាច់​គុន​ខ្សែ​ក្រវាត់​ខ្មៅ​តាំង​ពី​នៅ​ហាត់​ប្រទេស​យើង​មក​ម្ល៉េះ​ ហើយ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​ ជា​ វ៉ាន់សាន្ត​ នឹង​ប្រឡង​ឡើង​ខ្សែ​ក្រវាត់ ​​៤ ​ដាន់ ​នៅ​ខែ​មេសា​ ឆ្នាំ ​២០២០​ ​នៅ​ប្រទេស ​កូរ៉េ ​នោះ»។

លោក​ ម៉ក់ សំអុល ​បន្ថែម​ថា៖ ​«ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សហព័ន្ធ​ហាប់គីដូ ខ្ញុំ​មាន​ការ​ត្រេកអរ​ខ្លាំង​ណាស់​ និង​សូម​គាំទ្រ​ចំពោះ​ក្មួយៗ​ខ្មែរ​យើង​ទាំង ដែល​ឈ្នះ​មេដាយ​ជូន​សហព័ន្ធ​ក៏​ដូច​ប្រទេស​ជាតិ ហើយ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​មួយ​ចំនួន គឺ​​ក្នុង​នាម​ថ្នាក់​ដឹកនាំ​សហព័ន្ធ និង​អ្នក​និយម​កីឡា​ប្រយុទ្ធ ​ខ្ញុំ​សូម​សន្យា​ស្វែងរក​ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​ស្វែងរក​ប្រាក់​រង្វាន់​ពី​ខ្ទង់​ណាមួយ​ ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ»​។​

ប្រធាន​សហព័ន្ធ​រូប​នេះ បាន​បញ្ជាក់​ថា៖ ​«នៅ​ចុង​សប្តាហ៍​នេះ​ ថ្នាក់​ដឹកនាំ​សហព័ន្ធ​ហាប់គីដូ ​និង​កោះ​ប្រជុំ​ ដើម្បី​ស្វែងរក​ថវិកា​ពី​សប្បុរសជន ​និង​វិស័យ​ឯកជន​សម្រាប់​​ឲ្យ​មាន​ការ​ប្រកួត​ថ្នាក់​ជាតិ ​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​ឲ្យ​ហាប់គីដូ ​មាន​គុណភាព​អាច​ឲ្យ​ក្រសួង​អប់រំ​ ​យុវជន​ និង​កីឡា​ ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ពិចារណា​ដាក់​ចូល​ក្នុង​ស៊ីហ្គេម​ ឆ្នាំ ​២០២៣ ​ខាង​មុខ​៕​​

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។