The Phnom Penh Post Search

Search form

លោក ណន រិទ្ធ រំពឹង មឿន សុខហ៊ុច ឈ្នះ​ប្រាក់​លាន នៅ​សង្វៀន CNC

Content image - Phnom Penh Post
កីឡាករថៃ Nam Khanbuon (ជួរ​ក្រោម​ពី​ឆ្វេង) ត្រូវ​ជួប មឿន សុខហ៊ុច ក្នុង​វគ្គ​ជម្រុះ ហើយ រឿង សារ័ត្ន ត្រូវ​ប៉ះ​ថៃ Leam Phith ។

លោក ណន រិទ្ធ រំពឹង មឿន សុខហ៊ុច ឈ្នះ​ប្រាក់​លាន នៅ​សង្វៀន CNC

ភ្នំពេញ៖ គ្រូបង្វឹក​ក្លិប​ពុទ្ធ​សេរីវង្ស លោក ណន រិទ្ធ បាន​ផ្តល់​ការ​ជឿជាក់​ខ្លាំង​ចំពោះ​ជើង​ខ្លាំង មឿន សុខហ៊ុច ដោយ​លោក​រំពឹង​ថា សិស្ស​របស់​លោក​ម្នាក់​នេះ នឹង​ក្លាយ​ជា​ម្ចាស់​ជើងឯក​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង ដណ្តើម​ប្រាក់​លាន ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម នៅ​លើ​សង្វៀន CNC នា​យប់​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ។

លោក ណន រិទ្ធ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​នេះ​បន្តិច​ថា៖ «ជាង​កន្លះ​ខែ​មក​នេះ មឿន សុខហ៊ុច ហ្វឹកហាត់​បាន​ពេញ​ល្អ​ណាស់ ហើយ សុខហ៊ុច នឹង​ប្រឹងប្រែង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ទាមទារ​យក​ជ័យជម្នះ​ឲ្យ​បាន គឺ​ខ្ញុំ​មាន​សង្ឃឹម​លើ សុខហ៊ុច រហូត​ដល់ ៩០ ភាគរយ​ឯណោះ»។

នៅក្នុង​ការ​ប្រកួត​ជម្រុះ​មាន​ត្រឹម ៣ ទឹក ម៉ឺន សុខហ៊ុច ត្រូវ​ជួប​អ្នក​ប្រដាល់​របស់​ថៃ​វ័យ ២៧ ឆ្នាំ Nam Khanbuon ដែល​ធ្លាប់​ប្រកួត ១០១ ដង​ឈ្នះ ៧៤ ចាញ់ ២៤ និង​ស្មើ ៣ ដង ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន ១៥ ដង គឺ​តិច​ជាង​កីឡាករ​វ័យ ២៤ ឆ្នាំ មាន​កម្ពស់ ១,៧០ ម៉ែត្រ ម៉ឺន សុខហ៊ុច ដែល​ធ្លាប់​ប្រកួត​បាន ១០៦ ដង ឈ្នះ ៧៧ ចាញ់ ២៤ និង​ស្មើ ៥ ដង ក្នុង​នោះ​គេ​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់ ១៧ ដង។

ចំណែក រឿង សារ័ត្ន ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ថៃ Leam Phith ដែល​ថៃ​ម្នាក់​នេះ​មាន​អាយុ ២៧ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់​ប្រកួត ៨០ ដង ឈ្នះ ៦០ ចាញ់ ១៧ និង​ស្មើ ៣ ដង ឯ​កីឡាករ​វ័យ ២២ ឆ្នាំ កម្ពស់ ១,៧៥ ម៉ែត្រ រឿង សារ័ត្ន ធ្លាប់​ប្រកួត ៨៩ ដង ឈ្នះ ៦៣ ចាញ់ ២១ និង​ស្មើ ៥ ដង ហើយ​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន ៥ ទឹក (១ ទឹក​មាន ២ នាទី) ដើម្បី​រក​អ្នក​ឈ្នះ​ដែល​ទទួល​បាន​ប្រាក់ ៤​ លាន​រៀល និង​អ្នក​ចាញ់​បាន ២ លាន​រៀល។

ទាក់ទង​នឹង​ការ​ប្រកួត​ជម្រុះ​នេះ​លោក ណន រិទ្ធ បាន​និយាយ​ថា៖ «កីឡាករ​ថៃ​ម្នាក់​នេះ គឺ មឿន សុខហ៊ុច ធ្លាប់​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ សម្រាប់​ការ​ជួប​គ្នា​កន្លង​មក​ដោយសារ​ការ​ប្រកួត​កាល​នោះ សុខហ៊ុច ហ្វឹកហាត់​បាន​ស្ទើ ប៉ុន្តែ​លើក​នេះ ខ្ញុំ​បាន​បង្វឹក​វា​ពេញ​តែ​ម្តង ហើយ​នៅ​ពេល​កម្លាំង​ស៊ុហ្វ​របស់​យើង​ពេញ អ៊ីចឹង​បច្ចេកទេស​វ៉ៃ​របស់ សុខហ៊ុច ក៏​មាន​ការ​រីកចម្រើន និង​ល្អ​ទៅ​តាម​ហ្នឹង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍