ភ្នំពេញ៖ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​រៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី១ ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៩ ដើម្បី​បន្ត​អាណត្តិ​ថ្មី​ទី២ ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រោម​វត្តមាន​សំខាន់ៗ​តំណាង​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា NOCC ព្រមទាំង​សមាជិក​សហព័ន្ធ និង​កីឡាករ​កីឡាការិនី​ជា​ច្រើន​នាក់​ទៀត។

លោក សោម សុទ្ធរិទ្ធិពង្ស ជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​អាន​របាយការណ៍ និង​បង្ហាញ​សមិទ្ធផល​អាណត្តិ​ចាស់ ព្រមទាំង​ប្រកាស​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ចំនួន ៩ រូប ក្នុង​នោះ​លោក ថាង ហ្គោដុន ដែល​ជា​ប្រធាន​ចាស់​បាន​ទទួល​ការ​គាំទ្រ​ឱ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​នេះ​បន្ត​ទៀត។

ទោះយ៉ាង​ណា លោក ថាង ហ្គោដុន ដែល​ជា​អនុប្រធាន NOCC ផង​នោះ មិន​មាន​វត្តមាន​ផ្ទាល់​នៅ​ក្នុង​មហាសន្និបាត​នេះ​ទេ ដោយសារ​បញ្ហា​កូវីដ ១៩ ប៉ុន្តែ​មហាសន្និបាត​បាន​គាំទ្រ​លោក​ក្នុង​សំឡេង ១០០ ភាគរយ។ ជាមួយ​គ្នា​នោះ អង្គ​មហាសន្និបាត​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​អនុម័ត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ចំនួន​សរុប ៨ នាក់​ទៀត រួម​មាន​លោក ថោង រដ្ឋសក្តិ អនុប្រធាន​ទី១ លោក វ៉ាត់ ចំរើន អនុប្រធាន​ទី២ លោក សោម សុទ្ធរិទ្ធិពង្ស ជា​អគ្គលេខាធិការ និង​កញ្ញា ងួន តរុណី ជា​អគ្គ​ហេរញ្ញិក ខណៈ ៤ រូប​ទៀត​ជា​សមាជិក។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «ថ្វីដ្បិត​តែ​លោក​ប្រធាន ថាង ហ្គោដុន ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី មិន​បាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​មហាសន្តិបាត​នេះ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​សហព័ន្ធ​មាន​ឯកឧត្តម ថោង រដ្ឋសក្តិ ជា​អនុប្រធាន​ទី១ តែងតែ​ប្រកាន់​ជាប់​នូវ​សាមគ្គី​ផ្ទៃ​ក្នុង​ការ​សម្របសម្រួល​បាន​ល្អ ដើម្បី​ធ្វើ​សកម្មភាព​បាន​ល្អ​ទាំង​ទៅ​លើ​រដ្ឋបាល​បច្ចេកទេស និង​ការ​បំផុស​អភិវឌ្ឍ​វិស័យ​កីឡា​ទូកក្តោង​កម្ពុជា រួមទាំង​សមាជិក​ប្រតិបត្តិ​ទាំង​អស់ ដោយ​មាន​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ប្រធាន​ដូចគ្នា​ដែរ»។

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ NOCC ផង​នោះ បាន​ថ្លែង​បន្ថែម​ថា៖ «យើង​មានលទ្ធភាព​ក្នុង​ការ​រៀបចំ​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​តាម​នីតិវិធី​លក្ខន្តិកៈ​ច្បាស់លាស់ ហើយ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​កំពុង​តែ​ខិតខំ ពង្រឹង​ប្រភេទ​កីឡា​អូឡាំពិក​ដ៏​មាន​សក្តានុពល​របស់​អន្តរជាតិ​មួយ​នេះ ឱ្យ​មាន​ដំណើរ​ការ​ល្អ​ទាក់ទាញ និង​មាន​ប្រជាប្រិយភាព ខណៈ​កន្លង​មក​សហព័ន្ធ​បាន​ធ្វើ​សកម្មភាព​ច្រើន ដូចជា​ចូលរួម​ប្រកួត​អន្តរជាតិ បញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជាច្រើន​លើក។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រភេទ​កីឡា​ទូក​ក្តោង ក៏​មាន​នៅ​ក្នុង​បញ្ជី​សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ ២០២៣ ផង​ដែរ ហេតុ​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២ ឆ្នាំ ២០២៣ (CAMSOC) កំពុង​ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​ទូកក្តោង មាន​ការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​របស់​ក្រុម​ជម្រើសជាតិ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ដើម្បី​ស្វែងរក​នូវ​ឧត្តមភាព​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ ២០២៣»៕