ភ្នំពេញៈ អ្នកប្រដាល់ យ៉េន ឌីណា (ឈ្មោះពិត ប៉ោ ភារិទ្ធ) របស់សមាគមប្រដាល់ក្រសួងកសិកម្មបានលេចមុខជាថ្មីដោយរូបគេត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយជើងខ្លាំងថៃ Loom Leng អមកម្មវិធី TV5 Boxing Knock Out Serie នៃសង្វៀនប៉ុស្តិ៍លេខ ៥ ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាមនាថ្ងៃសៅរ៍ ប៉ុន្តែអ្នកដឹកនាំកីឡាករថៃមកប្រកួតបានបង្ហើបថា Loom Leng មិនអាចចាញ់ យ៉េន ឌីណា បាននោះទេ។
កីឡាករមកពីខេត្តកោះកុង យ៉េន ឌីណា បានខកខានប្រកួតយូរនេះហើយប្រិយភាពរបស់គេក៏បានធ្លាក់ចុះ ដោយសារប្រកួតមួយរយៈចុងក្រោយចាញ់ញឹក និងវ៉ៃមិនសូវទាក់ទាញ។ យ៉េន ឌីណា ធ្លាប់មានប្រជាប្រិយខ្លាំងក្នុងអំឡុងការប្រកួតដែលរៀបចំនៅសង្វៀនអប្សរា ព្រោះមានលោក យុទ្ធ ភូថង ជាអ្នកគ្រប់គ្រង និងលើកតម្កើងសមត្ថភាព យ៉េន ឌីណា ដោយផ្គូផ្គងប្រកួតជាមួយកីឡាករមកពីប្រទេសថៃដែលមានសមត្ថភាពខ្សោយជាង ដើម្បីងាយនឹងឈ្នះបានខ្សែក្រវាត់ស្រួលៗ ប៉ុន្តែនៅពេលដែល យ៉េន ឌីណា ទៅប្រកួតនៅសង្វៀនដទៃដូចជាអាស៊ីអាគ្នេយ៍វិញគឺចាញ់កីឡាករថៃងើបមុខមិនរួចរហូតដល់កម្មវិធីបណ្តេញចេញពីការប្រកួត។
ចំណែក Loom Leng ជាជើងខ្លាំងម្នាក់ដែលធ្លាប់ឈ្នះបានខ្សែក្រវាត់នៅកម្ពុជា ហើយកីឡាករកម្ពុជាមួយចំនួនលំបាកទប់ទល់ជាមួយគេណាស់។ ប្រភពពីអ្នកតាមដានប្រដាល់ដ៏ច្រើនលើសលប់សុទ្ធតែបញ្ចេញមតិថា យ៉េន ឌីណា ឡើងប្រកួតជាមួយ Loom Leng គឺ គេអាចទស្សន៍ទាយពីលទ្ធផលមុនបានគឺឡើងដើម្បីប្រកួតចាញ់ប៉ុណ្ណោះ។
ចំណែកលោក ថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួតបាននិយាយថា៖ «សមត្ថភាពក្បាច់គុនរបស់កីឡាករថៃ Loom Leng មិនអាចចាញ់ យ៉េន ឌីណា បានទេ គឺសង្ឃឹមឈ្នះ ១០០ ភាគរយគឺសូម្បីអ្នកទស្សនាធម្មតាមិនមែនអ្នកបច្ចេកទេសក៏ហ៊ានវាយតម្លៃថា យ៉េន ឌីណា ឡើងប្រកួតមិនអាចគេចពីបរាជ័យបាននោះដែរ បើកីឡាករថៃ Loom Leng វ៉ៃអស់ពីសមត្ថភាពនោះ ប៉ុន្តែខ្ញុំមិនមែនអ្នកផ្គូផ្គងទេគឺគ្រាន់តែជាអ្នកនាំកីឡាករថៃមកប្រកួតប៉ុណ្ណោះ»។
ចំណែក យ៉េន ឌីណា មិនអាចសុំការសម្ភាសបានទេ ប៉ុន្តែតាមប្រភពសុំមិនបញ្ចេញឈ្មោះបង្ហើបថា ពេលនេះ យ៉េន ឌីណា កំពុងទៅហ្វឹកហាត់ជាមួយក្លិប អេភូថង ដោយនៅតែប្រើឈ្មោះសមាគមប្រដាល់ក្រសួងកសិកម្មដដែល។
ជាមួយគ្នានេះការប្រកួតជម្រុះពាន TV5 Boxing Knock Out Serie បានឈានដល់ជុំទី ៣ ដែលក្នុងសប្តាហ៍នេះតម្រូវទៅលើអ្នកប្រដាល់ ៤ រូបក្នុងនោះ កីឡាករ អេ ហនុមាន ក្លិបអេភូថងកីឡាត្រូវប្រកួតជាមួយ ផាន់ សុផាត ក្លិបពុទ្ធសេរីវង្ស ខណៈកាលពីប្រកួតនៅជុំទី ១ អេ ហនុមាន បានឈ្នះ រិន ដេវីដ ក្លិបនាគរាជចតុមុខ ដោយពិន្ទុ ហើយ ផាន់ សុផាត បានឈ្នះអ្នកប្រដាល់ សំរាំង ភក្ដីក្លិបព្រៃទទឹងកីឡានៅទឹកទី ១។
ចំណែក គឿម សុវណ្ណឌឿត ក្លិបមោងឫស្សីមរតកគុនខ្មែរ ត្រូវ ខេម ចាន់ របស់ក្លិបទ័ពឆត្រយោង ៩១១ ហើយតាមបទពិសោធ និងសមត្ថភាព ខេម ចាន់ មានប្រៀបជាង គឺអាចឈ្នះក្នុងភាគរយខ្ពស់។ រីឯការប្រកួតជម្រុះជុំទី ១ សុវណ្ណឌឿត ឈ្នះ អេលីត ប៊ុនសិទ្ធ ក្លិបឆ្មាសសែនសុខដោយពិន្ទុ ខណៈ ខេម ចាន់ បានផ្ដួលអ្នកប្រដាល់ សំណាង សុខនឿន ឲ្យសន្លប់នៅទឹកទី ២៕