ភ្នំពេញ៖ លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ដឹកនាំ​ក្រុម​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​និង​ឆ្លៀត​សួរ​សុខ​ទុក្ខ​ នា​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។​

ជាមួយ​គ្នា​នេះ​ តំណាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សាងសង់​លោក​ Zhou ​Wali ​បាន​ថ្លែង​អំណរគុណ ​និង​រាយការណ៍​ពី​លទ្ធផល​សាងសង់ ​និង​ការ​គ្រប់គ្រង​ក្រុម​កម្មករ​ និង​អ្នក​បច្ចេកទេស​​សរុប ​៤០០ ​នាក់ ​ដែល​​ស្ថិត​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​តឹងតែង​មិន​ឲ្យ​ចេញ​ចូល ​ដើម្បី​ចៀស​វាង​ការ​ឆ្លង​រាល​ដាល​ជំងឺ​​កូវីដ ​១៩​។​

លោក​ ថោង​ ខុន ដែល​​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ ត្រួត​ពិនិត្យ​បច្ចេកទេស​លើ​ការ​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ​ផង​នោះ ​បាន​ថ្លែង​ក្នុង​ការ​ចុះ​សួរ​សុខ​ទុក្ខ​កន្លង​មក​នេះ​​​ថា​៖ «​ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​សប្បាយ​រីករាយ​ ដោយ​ពិនិត្យ​ឃើញ​អ្នក​ទាំង​អស់​គ្នា​ក្នុង​ការដ្ឋាន​សាងសង់​ មាន​សុខភាព​ល្អ​ ​គ្មាន​អ្នក​ប៉ះពាល់​ជម្ងឺ​ឆ្លង​ ហើយ​ខ្ញុំ​ក៏​សូម​កោត​សរសើរ​ដល់​វិធានការ​គ្រប់គ្រង​ល្អ​ហ្មត់​ចត់ ​ច្បាស់លាស់ ​ក្នុង​ការ​រក្សា​បាន​នូវ​ការ​គ្រប់គ្រង​ល្អ​របស់​ថ្នាក់​ដឹក​នាំ​សាងសង់​ ខណៈ​​ការ​សាងសង់​ទៅ​លើ​សំណង់​រឹង​បាន​​រួច​រាល់ ​១០០ ​ភាគរយ ​គឺ​នៅ​សល់​តែ​ការ​បំពាក់​គ្រឿង​លម្អ​រចនា​ប្លង់ ​និង​ការ​តុបតែង ​ដែល​គ្រោង​ឲ្យ​​ចប់​សព្វ​គ្រប់ ​នៅ​ថ្ងៃទី ​៣១ ខែ ​ធ្នូ ​ឆ្នាំ ​២០២០​»​។​

ចំណែក​លោក​ Zhou​ Wali ​តំណាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នៃ​ប្រទេស ​ចិន ​ដែល​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ​ក្រុមហ៊ុន​ផ្ទាល់​បាន​រាយការណ៍​សង្ខេប​ពី​វឌ្ឍនភាព​ការងារ​សាងសង់​ថា​៖ ​«បច្ចុប្បន្ន​សំណង់​រឹង និង​គ្រឿង​ផ្គុំ​បេតុង​ទាំង​អស់ ​ត្រូវ​បាន​ចប់​សព្វ​គ្រប់ ដោយ​នៅ​សេសសល់​តែ​ការ​បំពាក់​ឧបករណ៍​​សម្ភារ​ដំឡើង​ដំបូល​ បំពាក់​កៅអី​ លាប​ពណ៌​រចនា​ជា​ដើម​»។

លោក​​បន្ថែម​ថា​៖ «​សំណង់​​ទាំង​មូល​សម្រេច​បាន​ ៨០​ ភាគរយ ​ក្នុង​នោះ​ភាគី​​ប្រទេស​​ ចិន ​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឲ្យ​​ចប់​តាម​កាល​កំណត់​នា​បំណាច់​ឆ្នាំ​ ២០២០ ​នេះ​ហើយ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងី​កូវីដ​ ១៩ ​នេះ ​ខាង​រដ្ឋាភិបាល​ចិន​បាន​យក​ចិត្ត​ទុកដាក់​ណែនាំ​ និង​ផ្តល់​ដំបូន្មាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ ពិសេស​លើ​ការ​គ្រង​កម្មករ​ក្នុង​ការដ្ឋាន ​ដើម្បី​ចៀស​ពី​ជំងឺ​ឆ្លង​នេះ ​គឺ​អ្នក​គ្រប់គ្រង​មិន​ស្វែង​រក​កម្មករ​ថ្មី​បន្ថែម​ទេ ដោយ​រក្សា​កម្មករ​ធ្វើ​ការ​ចាស់ៗ​ ​ក្នុង​ដំណាក់​កាល​នេះ ​ដោយ​ផ្តល់​កន្លែង​ស្នាក់នៅ​ ហូប​ចុក និង​ហាម​ចេញ​ចូល​ដាច់​ខាត»​៕