ភ្នំពេញ៖ ​​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ថោង ខុន និង​​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា បាន​ជំរុញ​ឱ្យ​ក្រុម​អត្តពលិក​វ័យ​ក្មេង​មាន​សក្តានុពល ព្រម​ទាំង​​គ្រូបង្វឹក​នៅ​​លើ​ប្រភេទ​កីឡា​នេះ ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ពង្រឹង​សមត្ថភាព​ឱ្យ​បាន​ខ្លាំង គឺ​ធ្វើ​យ៉ាង​ណា​ដណ្តើម​មេដាយ​ឱ្យ​បាន​ច្រើន​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣។

លោក ថោង ខុន ​ជា​អនុ​ប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ផង​នោះ បាន​ចាត់ទុក​​ឆ្នាំ ​២០២១ នេះ​ជា​ឆ្នាំ ដែល​គ្រប់​ប្រភេទ​កីឡា​របស់​កម្ពុជា​ត្រូវ​ប្រឹង​ហាត់​ឱ្យ​បាន​ខ្លាំង ហើយ​ផ្នែក​​ផ្សេងៗ​ទៀត ក៏​ត្រូវ​រៀបចំ​ឱ្យ​បាន​ល្អ គឺ​យ៉ាង​ហោចណាស់​ក៏​បាន​ពី ​៧០ ​ទៅ ​៨០ ​ភាគរយ​ដែរ ខណៈ​ដែល​​​ភាគី​ចិន​បាន​ឯកភាព​ទទួល​យក​គ្រូ​បង្វឹក និង​ក្រុម​អត្តពលិក​របស់​កម្ពុជា​ចំនួន ​១០០ ​នាក់ ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ទីនោះ ក្នុង​នោះ​ក៏​មាន​ក្រុម​​កាយ​សម្ព័ន្ធ ១០ នាក់​ផង​ដែរ។

ប្រធាន​សហព័ន្ធ​រូប​នេះ បាន​ថ្លែង​ថា៖​ «ក្នុង​នាម​ជា​មិត្តភក្តិ​ដ៏​ល្អ​ភាគី​ចិន​បាន​ត្រៀម​ទទួល​យក​គ្រូ​បង្វឹក និង​ក្រុម​អត្តពលិក​របស់​កម្ពុជា​ចំនួន ​១០០ នាក់ ឱ្យ​ទៅ​ហ្វឹក​ហាត់​រយៈពេល​វែង​នៅ​ទីនោះ ហើយ​ក្នុង​នោះ​ក៏​មាន​គ្រូ​បង្វឹក និង​​ក្រុម​អត្តពលិក​កាយ​សម្ព័ន្ធ​ចំនួន ​១០ នាក់​ផង​ដែរ​ អ៊ីចឹង​ពេល​ហាត់​នៅ​ចិន​នេះ ខ្ញុំ​សូម​ឱ្យ​លោក​គ្រូ ​អ្នក​គ្រូ ព្រម​ទាំង​​ចៅៗ​ទាំង​អស់​ខិតខំ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​កីឡា​កាយ​សម្ព័ន្ធ​​នេះ ទាំង​ផ្នែក​អាទីស្ទីក និង​អាអេរ៉ូប៊ិក នៅ​ចិន​គាត់​​ពូកែ»។

លោក​ ថោង ខុន បាន​បន្ថែម​ថា៖​ «សម្រាប់​កីឡា​ជា​ក្រុម យើង​ពិបាក​យក​មេដាយ តែ​​កីឡា​​កាយ​សម្ព័ន្ធ ដែល​លេង​ជា​បុគ្គល និង​ជា​ក្រុម​តូចៗ​នេះ យើង​មាន​ឱកាស​យក​មេដាយ​បាន​ច្រើន អ៊ីចឹង​សូម​ឱ្យ​លោក​គ្រូ អ្នក​គ្រូ និង​ចៅៗ​ទាំង​អស់​ខិតខំ ព្រោះ​ក្រៅ​ពី​ការ​ទៅ​ហ្វឹកហាត់​នៅ​ចិន គឺ​យើង​ក៏​បាន​សុំ​គ្រូ​ជំនាញ​កម្រិត​ខ្ពស់​ពី​ចិន មក​ជួយ​បង្វឹក​ដល់​ក្រុម​កាយសម្ព័ន្ធ​របស់​យើង​​ផង​ដែរ ហេតុ​នេះ​យើង​អាច​ចូលរួម​ហាត់​បាន​ច្រើន​នាក់​ ចំណែក​​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ យើង​ធ្វើ​ម៉េច​ដណ្តើម​មេដាយ​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ស័ក្តិសម​ក្នុង​នាម​យើង​ជា​ម្ចាស់ផ្ទះ»។

ការ​ថ្លែង​បែប​នេះ របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ថោង ខុន គឺ​បាន​ធ្វើ​នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​ ​គ្រូបង្វឹក និង​ក្រុម​អត្តពលិក​​កាយ​សម្ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាកាយ​សម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើក​ទី​៤ ឆ្នាំ ​២០២០ ដែល​ទើប​បាន​រៀបចំ​ឡើង និង​បញ្ចប់​​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​អង្គារ។

តាមរយៈ​ការ​ប្រកួត​ចំនួន ​៤ ​ថ្ងៃ នៅ​សាល​ដំបូល​ទូក​នៃ​ពហុកីឡដ្ឋាន​ជាតិ ដោយ​មាន​អត្តពលិក​​ចំនួន ​៦៤ ​នាក់ ចូល​រួម​តំណាង​ឱ្យ​ក្លិប​ចំនួន ​៤ ​នោះ ក្រុម​កីឡាករ កីឡាការិនី​មក​ពី​ខេត្ត​កំពង់ឆ្នាំង​បាន​ឈរ​នៅ​លេខ ​១ ដោយ​បាន​ដណ្តើម​​​មេ​ដាយមាស ​៤ ប្រាក់ ​៥ សំរឹទ្ធ ​៣ តាម​ពី​ក្រោយ​ដោយ​ក្លិប​ក្រសួង​មហាផ្ទៃ​ដោយ​ឈ្នះ​មេដាយ​មាស ​៤ ប្រាក់ ​៤ សំរឹទ្ធ ​៦ ចំណែក​ក្រុម​ខេត្ត​ក្រចេះ បាន​មេដាយ​មាស ​៤ ប្រាក់ ​១ សំរឹទ្ធ ​៤ ហើយ​​​ក្រុម​ខេត្ត​តាកែវ បាន​មេដាយ​មាស ​១ និង​ប្រាក់ ​៣ ខណៈការ​ប្រកួត​នេះ ត្រូវ​បាន​មន្រ្តី​ជំនាញ​វាយ​តម្លៃ​ថា មាន​ភាព​ស្វិតស្វាញ​ខ្លាំង។

លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​បាន​និយាយ​ថា៖​ «​ការ​ប្រកួត​នេះ ទទួល​បាន​ជោគជ័យ ហើយ​ផ្អែក​ទៅ​លើ​លក្ខណៈ​បច្ចេកទេស យើង​ពិនិត្យ​ឃើញ​ថា កីឡាករ កីឡាការិនី​របស់​យើង​ទាំង​អស់ មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង ដោយសារ​យើង​ឈាន​ជើង​ឆ្ពោះ​ទៅ​រក​ឆ្នាំ ​២០២៣ ហើយ​ទី​២ កីឡា​កាយ​សម្ព័ន្ធ​អាទីស្ទីក​នេះ ក៏​ប្រកួត​ប្រជែង​គ្នា ដើម្បី​​ត្រៀម​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិន អ៊ីចឹង​វា​ជាឱកាស​មួយ​សម្រាប់​ពួក​គាត់ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ និង​មោទន​ភាព​សម្រាប់​ខ្លួន​គាត់ និង​ប្រទេស​ជាតិ»៕