ភ្នំពេញ៖ ​លោក​ ថោង​ ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ត្រូវ​បាន​អង្គ​មហាសន្និបាត ​សហព័ន្ធ​កីឡា​ កាយសម្ព័ន្ធ​កម្ពុជា​ បោះ​ឆ្នោត​ដោយ​សំឡេង​គាំទ្រ ​១០០ ​ភាគរយ ដើម្បី​ឲ្យ​លោក​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ​ក្នុង​អាណតិ្ត​ទី ​៦ ​ឆ្នាំ ​២០១៩​ ដល់ ​២០២៣ ​រីឯ​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សំខាន់​ៗ​សឹង​តែ ​៩០ ​ភាគរយ​ទៀត​ បន្ត​តួនាទី​ដូច​អាណត្តិ​ចាស់​ដដែល​។​

នៅ​ក្នុង​​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី ​៥ និង​បន្ត​អាណត្តិ​ទី ​៦ ដែល​​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាល​ពី​ថ្ងៃ​អង្គារ​នោះ ​គឺ​​លោក​ឧកញ៉ា​ សុខ ហុង ​​បាន​បន្ត​ជាប់​ជា​អនុប្រធាន ឯ​លោក ​ណយ​ ផាណា​ បន្ត​ជាប់​ជា​អគ្គលេខាធិការ​ លោក​ មាស សារ៉េត ជា​អគ្គលេខាធិការ​រង ​លោក ​ខៀវ ​ចិន្តា ​ជា​អគ្គ​ហេរញ្ញិក​ ចំណែក​អ្នកស្រី​ ដួង សាម៉ៃ​ អ្នកស្រី​ ពេជ្រ​ យូ​ លោក​ ជុំ​ រ៉ាទី​ និង​លោក ​អៀម ​វ៉ាងឌុល​ ជា​សមាជិក​ប្រតិបត្តិ​ថ្មី​សម្រាប់​អាណត្តិ​ថ្មី​។

តាម​របាយការណ៍​ដែល​អាន​ដោយ​លោក​ ណយ​ ផាណា​ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​មាន​បទពិសោធ​យូរ​ឆ្នាំ​នោះ ​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ បច្ចុប្បន្ន​មាន​​ក្លិប​ជា​សមាជិក​ចំនួន ​៩​ ​គឺ​ក្លិប ៧ ​មករា​សែនជ័យ​នៅ​រាជធានី​ភ្នំពេញ, ​ក្លិប​ខេម​ឃីត​ឃុំខ្វាវ​ នៅ​ស្រុក​សំរោង​ខេត្ត​តាកែវ​ ក្លិប​ខេម​ឃីត​ត្រពាំង​ឃ្លោក​ ខេត្ត​តាកែវ​ ក្លិប​ហ្សាក់​កឹះម៉ាញ ​នៅ​ខេត្ត​ក្រចេះ ​ក្លិប​កំពង់ក្តារ ​នៅ​ខេត្ត​កំពង់ឆ្នាំង ​ក្លិប​កំពង់​ត្រឡាច​លើ​ ខេត្ត​កំពង់ឆ្នាំង​ ក្លិប​កៀនរកា​ ខេត្ត​កំពង់ឆ្នាំង​ ក្លិប​បឋម​សិក្សា​សាលា​លេខ ៥ ​ខេត្ត​កំពង់ឆ្នាំង​ និង​ក្លិប​សាលា​បាក់ទូក​ នៅ​រាជធានី​ភ្នំពេញ​។

លោក​ ណយ​ ផាណា​ បាន​បន្ដ​ថា​ ក្នុង​អាណត្តិ​ទី ​៥ ​​កន្លង​មក ​សហព័ន្ធ​កីឡាកាយ​សម្ព័ន្ធ​កម្ពុជា ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ល្អ​ប្រសើរ ​ទាំង​កិច្ច​សហការ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​សហព័ន្ធ​ទទួល​បាន​ការ​បណ្តុះបណ្តាល​គ្រូ​ថ្នាក់​ជាតិ​ អន្តរជាតិ ​ចៅក្រម​ជាតិ​ និង​ចៅក្រម​អន្តរជាតិ​។ ​សមិទ្ធផល​ទាំង​នេះ​ បាន​កើត​ឡើង​ដោយសារ​មាន​ការ​ដឹកនាំ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​ដឹកនាំ​អំពី​ចក្ខុវិស័យ​ នៃ​ការ​អភិវឌ្ឍ​កីឡា​ជំនាញ​ ដោយ​រួម​សហការ​ពី NOCC និង​ក្រសួង​អប់រំ យុវជន ​និង​កីឡា។

ចំណែក​​មួយ​រយៈ​​ចុង​ក្រោយ​នេះ​ ​សកម្មភាព​ទាំង​នេះ ​ក្រោម​កិច្ច​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើកទី ៣២​ (CAMSOC) ​និង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។​ ទោះ​បីជា​យ៉ាង​ណា​ សហព័ន្ធ​ក៏​នៅ​ខ្វះខាត​​សម្ភារ ធនធាន​មន្ត្រីប​ច្ចេកទេស​ គ្រូ​បង្វឹក ចៅក្រម​ ជាពិសេស​ថវិកា​សម្រាប់​បញ្ជូន​មន្ត្រី​បច្ចេទេស ចូលរួម​វគ្គ​អន្តរជាតិ​នានា​ និង​បញ្ជូន​គ្រូ​បង្វឹក​កីឡាករ ​កីឡាការិនី ទៅ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​។​

លោក​ ថោង​ ខុន ​ក្រោយ​ទទួល​បាន​ជាប់​ជា​ប្រធាន​សហព័ន្ធ​បន្ត​ បាន​ផ្តាំផ្ញើ​ឲ្យ​អត្តពលិក​វ័យ​ក្មេង​ខិតខំ​ហ្វឹក​ហាត់​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ ដើម្បី​​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ​លើក​ទី ​៣២ ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​។ ​ជាមួយ​គ្នា​នេះ ​លោក​ ថោង ​ខុន ​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​វ័យ​ក្មេង​ក្នុង​ម្នាក់ៗ​ចំនួន ​១០ ​ម៉ឺន​រៀល​ផង​ដែរ​៕