ភ្នំពេញ៖ ​លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវ​ការ​ធនធាន​មនុស្ស​ច្រើន ដែល​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់​លាស់ ដើម្បី​ជួយ​បង្ហាត់​បង្រៀន​យុវជន​ឱ្យ​មាន​សមត្ថភាព​ខ្លាំង​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ លើ​ឆាក​អន្តរជាតិ ពិសេស​​ស៊ីហ្គេម​ឆ្នាំ ​២០២៣ នៅ​​កម្ពុជា។

លោក ទៀ បាញ់ បាន​ថ្លែង​ថា៖​ «កម្ពុជា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​រួម​ទាំង​វិស័យ​កីឡា​ផង​ដែរ ហើយ​ជា​រៀង​រហូត​មក​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​កីឡា​នេះ ព្រោះ​ថា ​ប្រទេស​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ ​២០២៣ ដែល​ពេល​នោះ យើង​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ផង និង​ជា​កីឡាករ​ចូលរួម​ប្រកួត​ផង។ ហេតុ​នេះ កម្ពុជា​ត្រូវ​ការ​ធនធាន​មនុស្ស និង​គ្រូ​បង្វឹក​កីឡា​ដែល​មាន​ចំណេះ​ដឹង និង​ជំនាញ​កីឡា​​ប្រភេទ​ផ្សេងៗ​ច្បាស់​លាស់​ជា​ច្រើន ដើម្បី​ជួយ​បង្ហាត់​បង្រៀន​យុវជន​របស់​យើង​ឱ្យ​មាន​សមត្ថភាព​ក្នុង​ការ​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ»។

ការ​ថ្លែង​បែប​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​អាង​ហែល​ទឹក និង​អាង​លោត​ទឹក​នៃ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ហើយ​​វា​ក៏​ជា​ពេល​ដែល​​ប្រធាន CAMSOC រូប​នេះ បាន​ផ្តល់​ជា​អនុសាសន៍​ដល់​​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក និង​ភាគី​ពាក់ព័ន្ធ​ឱ្យ​ប្រើប្រាស់​អាង​ហែល​ទឹក​ទើប​សម្ពោធ​នេះ​ឱ្យ​ចំ​ទិសដៅ ដើម្បី​ជា​ប្រយោជន៍​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ ​២០២៣ ដែរ។

លោក ទៀ បាញ់ បាន​ថ្លែង​ថា៖ ​«យើង​ត្រូវ​រៀបចំ​គណៈកម្មការ ឬ​ក្រុម​ការងារ​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​អាង​ហែល​ទឹក ដើម្បី​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ចំ​ទិសដៅ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កីឡា​ហែល​ទឹក ជា​ពិសេស​ត្រូវ​ខិតខំ​ប្រើប្រាស់​អាង​ហែល​ទឹក​ជា​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​បច្ចេកទេស​ដល់​អត្តពលិក​ហែល​ទឹក​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​បង្កើន​គុណផល​កីឡា​ហែល​ទឹក​កម្រិត​ខ្ពស់ ត្រៀម​ស្វែងរក​ជយលាភី​ពី​ស៊ីហ្គេម និង​អាស៊ាន​​ប៉ារ៉ាហ្គេម ឆ្នាំ ​២០២៣​»។

តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ បាន​ឱ្យ​ដឹង​ថា អាង​ហែល​ទឹក​​ពហុកីឡដ្ឋាន​ជាតិ ដែល​​​កសាង​នៅ​ឆ្នាំ​​ ​១៩៦១-១៩៦៥ ដោយ​បិតាស្ថាបត្យករ​ខ្មែរ លោក វណ្ណ មូលីវណ្ណ ក្រោម​ការ​ផ្តួច​ផ្តើម​របស់​ព្រះករុណា​ព្រះបរមរតនកោដ្ឋ​នោះ ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ក្រោម​ជំនួយ​របស់​ក្រុមហ៊ុន Shanghai Construction Group Co.,ltd ធ្វើ​ការ​​ជួសជុល និង​កែ​លម្អ​ឡើង​វិញ ឱ្យ​ស្រប​តាម​លក្ខណៈ​ស្តង់ដា​អន្តរជាតិ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ ​៣​ លាន​ដុល្លារ​អាមេរិក។

ការ​ជួសជុល​ និង​កែ​លម្អ​ឡើង​វិញ ដោយ​ប្រើ​ពេល​អស់​ ១៨ ខែ​នេះ គឺ​រួម​មាន​អាង​ហែល​ទឹក​ ​១ ទទឹង​ប្រវែង ​២៥ ​ម៉ែត្រ បណ្តោយ​ ​៥០ ​ម៉ែត្រ ស្មើ​នឹង ១០ ​ខ្សែ​បន្ទាត់​ខ្សែ​ហែល​ទឹក, អាង​លោត​ទឹក ​១​ ជម្រៅ ៤,៥០ ​ម៉ែត្រ ដែល​មាន​ទទឹង​ប្រវែង​ ​២០​ ម៉ែត្រ និង​បណ្តោយ​ ២៥ ​ម៉ែត្រ, ឈ្នាន់​រលាស់​សម្រាប់​លោត​ចំនួន ​៤, ការិយាល័យ​សម្រាប់​ធ្វើ​ការ​របស់​សហព័ន្ធ​មាន ​៣ បន្ទប់, ឃ្លាំង​សម្រាប់​ដាក់​សម្ភារ និង​ឧបករណ៍​ចំនួន ​២ ​បន្ទប់, សាល​ប្រជុំ ​១ បន្ទប់, បន្ទប់​គ្រូ​ពេទ្យ ​១ បន្ទប់, បន្ទប់​បញ្ជា​ឧបករណ៍​អេឡិចត្រូនិក ​១ បន្ទប់, សាល​ហ្វឹកហាត់​សាច់ដុំ (GYM) ១ ​បន្ទប់, កន្លែង​ស្នាក់នៅ និង​បន្ទប់​ស្នាក់នៅ​របស់​គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ​៥៥ នាក់, ផ្ទាំង LED ខ្នាត ​៥ ម៉ែត្រ គុណ​នឹង ​៩ ​ម៉ែត្រ ​១ និង​ការ​បំពាក់​ឧបករណ៍​បញ្ជា​ដោយ​ប្រព័ន្ធ​អេឡិច​ត្រូនិក។

គួរ​បញ្ជាក់ថា ការ​ប្រកួត​កីឡា​ហែល​ទឹក​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២០ ក៏​បាន​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​សម្ពោធ​អាង​ហែល​ទឹក​នោះ​ដែរ ហើយ​ក្រុម​អត្តពលិក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មេដាយ​ច្រើន​ជាង​គេ គឺ​មេដាយ​​មាស​ ៤ ប្រាក់​ ១ និង​សំរឹទ្ធ​ ៣ តាម​ពី​ក្រោយ​​ដោយ​​ក្រុម​​​ក្រសួង​មហាផ្ទៃ ដែល​​បាន​មេដាយ​មាស​ ៣ ប្រាក់ ១ និង​មេដាយ​សំរឹទ្ធ ១៕