ភ្នំពេញ៖ ​នៅ​ក្នុង​វ័យ​ជាង ​៧០ ​ឆ្នាំ​ លោក​ នុត ​ហួ ​នៅ​តែ​មាន​សុខភាព​រឹងមាំ ហើយ​​​បច្ចុប្បន្ន​លោក​ជា​គ្រូ​បង្វឹក​ធំ​ផ្នែក​​កីឡា​យូដូ​​របស់​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ ​ខណៈ​ដែល​កូនៗ​ទាំង​អស់​របស់​លោក​ ក៏​ជា​គ្រូ​បង្វឹក ​និង​មាន​អតីតកាល​សុទ្ធ​តែ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ និង​លេង​កីឡា​យ៉ាង​ឆ្នើម​។

ជាមួយ​នឹង​ភាព​ជោគជ័យ​ក្នុង​ការងារ ​និង​ក្នុង​សកម្មភាព​កីឡា​រយៈពេល ​៥ ​ជំនាន់ (៥ របប) គឺ​មាន​ជំនាន់​ព្រះសីហនុ​ជំនាន់ ​លន់​ នល់​ ជំនាន់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ជំនាន់​រដ្ឋ​កម្ពុជា​ និង​ជំនាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ លោក នុត ហួ ​ បាន​អះអាង​ថា​ ការ​អប់រំ​កាយ​តាមរយៈ​ហ្វឹកហាត់​កីឡា ​និង​ការ​សិក្សា​ចំណេះ​ដឹង​ជំនាញ​ទូទៅ​របស់​កូន​ទាំង​អស់​សុទ្ធ​តែ​រៀន​បាន​យ៉ាង​​តិច​បំផុត​ក៏​បរិញ្ញាបត្រ ​និង​មាន​ការងារ​ធ្វើ​ល្អៗ​ផង​ដែរ​។​

ទាក់ទង​ទៅ​នឹង​ប្រវត្តិ​ក្នុង​កីឡា​វិញ ​លោក​ នុត​ ហួ​ ធ្លាប់​លេង​កីឡា​ជា​ច្រើន​ប្រភេទ ​ក្នុង​នោះ​មាន​កីឡា​យូដូ​ ​បាល់ទាត់​ ចំបាប់​ និង​ប្រដាល់​ជា​ដើម ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ​១៩៧០​ លោក​​បាន​ជាប់​ជា​ជម្រើស​ជាតិ​​កីឡា​យូដូ​ និង​បាន​​​ចាប់​យក​កីឡា​នេះ​ជា​រៀង​រហូត​មក ដោយ​បាន​​ឆ្លង​កាត់​ច្រើន​របប​មក​ដល់​បច្ចុប្បន្ន គឺ​​លើកលែង​តែ​ជំនាន់​ប៉ុលពត​មួយ​ប៉ុណ្ណោះ​ ដែល​គ្មាន​សកម្មភាព​កីឡា​ ប៉ុន្តែ​​កាល​នោះ ​លោក​គឺ​ជា​អ្នក​ធ្វើ​ពលកម្ម​បាន​ល្អ​ជាង​គេ ​ដោយ​សារ​តែ​ធ្លាប់​ហាត់​កីឡា​មាន​ភាព​រឹងមាំ​។​​

ដោយ​មាន​ស្រុក​កំណើត​មក​ពី​ឃុំ​ពាមរក៍ ​ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​ លោក​ នុត​ ហួ​ មាន​ឪពុក​ជា​គ្រូ​គុន​ ហើយ​មរតក​ក្បាច់​គុន​នោះ បាន​​បន្ត​មក​ឲ្យ​​លោក ដោយ​លោក​​បាន​ចូលហ្វឹក​​ហាត់​ដំបូង​ក្នុង​ឆ្នាំ ​១៩៦៤ ​ផ្នែក​ប្រដាល់​។ ​នៅ​ឆ្នាំ ​១៩៦៨​ លោក​បាន​បន្ត​ចូល​​ហ្វឹកហាត់​កីឡា​យូដូ ​និង​ចាប់​ចិត្ត​ខ្លាំង​ផ្នែក​កីឡា​យូដូ​ ​ក្រោយ​ពេល​លោក​បាន​​ជាប់​​ជា​ជម្រើស​ជាតិ​ នៅ​ឆ្នាំ ​១៩៧០ ​ដោយ​ក្នុង​នោះ លោក​​​បាន​​ទៅ​ប្រកួត​នៅ​សិង្ហបុរី និង​​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ឆ្នាំ ​១៩៧៤ ​លើ​​វិញ្ញាសា​ឯកត្តជន ​និង​ជា​ក្រុម​។​

លោក ​នុត ​ហួ ​បាន​ផ្តល់​សម្ភាស​ឲ្យ​ភ្នំពេញប៉ុស្តិ៍​ថា​ ​នៅ​ក្នុង​អំឡុង​ពេល​លោក​លេង​កីឡា​យូដូ ​ក្នុង​ឆ្នាំ ​១៩៧៣​ លោក​មាន​ការងារ​ជា​ទាហាន​ប៉ារ៉ា ​នៃ​របប​លោក​សេនា​ប្រមុខ​លន់នល់​រួច​ទៅ​ហើយ​ ប៉ុន្តែ​តំណែង​នេះ​ត្រូវ​រក្សា​ជា​​សម្ងាត់​នៅ​ពេល​​ឈាន​ចូល​ដល់​សម័យ ​ប៉ុល ​ពត ទើប​ធ្វើ​​ឲ្យ​លោក​​បាន​រស់​រាន​មាន​ជីវិត ​ដោយ​​លាក់​ប្រវត្តិ ​និង​ធ្វើ​ជា​ទាសករ​ដូច​គេ​ដូច​ឯង​។​

លោក​បន្ត​ថា​ ក្រោយ​ថ្ងៃ​រំដោះ​ ឆ្នាំ ​១៩៧៩​ លោក​បាន​វិល​មក​ភ្នំពេញ ​ធ្វើ​ជា​ប៉ូលីស​ព្រហ្មទណ្ឌ​ ហើយ​ដោយសារ​លោក​ចេះ​ក្បាច់​គុន​ល្អ ​គេ​បាន​​ប្រគល់​ផ្នែក​ចាប់​ចង​ពួក​ចោរកម្ម​ដល់​លោក ប៉ុន្តែ​លោក​បាន​ផ្សារ​ខ្លួន​យ៉ាង​ស្និទ្ធ​ជាមួយ​សកម្មភាព​កីឡា​ជានិច្ច ​ដោយ​បាន​ទៅ​សិក្សា​ផ្នែក​កីឡា​នៅ​ប្រទេស​សង្គម​និយម ​មាន​សហភាព​សូវៀត​ និង​ប្រទេស​ជា​ច្រើន ​លើ​ជំនាញ​​កីឡា​យូដូ ​និង​កីឡា​ប្រយុទ្ធ​របស់​រុស្ស៊ី ​ហៅ ​សាំបូ​។

លោក​ នុត ហួ បាន​បន្ថែម​ថា៖​ «នៅ​ឆ្នាំ ១៩៩៥​ គឺ​ពេល​ដែល​កម្ពុជា​បាន​ចូល​លេង​ស៊ីហ្គេម​ជា​ថ្មី ​ក្រោយ​បោះ​ឆ្នោត​ដោយ​អង្គការ​សហប្រជាជាតិ ​អ៊ុន​តាក់ ​និង​មាន​ការ​បង្រួប​បង្រួម​ជាតិ​ជា​ថ្មី​នោះ ​ខ្ញុំ​បាន​ចូល​ប្រកួត​ជា​លើក​ដំបូង ដោយ​​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​»។​

«ទោះ​បី​បច្ចុប្បន្ន​ខ្ញុំ​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​យូដូ មាន​តួនាទី​​ជា​អនុ​ប្រធាន​បច្ចេកទេស​ និង​មាន​ខ្សែ​ក្រវាត់​ខ្មៅ​ចំនួន ​៦ ​ដាន់ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​ឃ្លាត​ចេញ​ពី​សហព័ន្ធ​មួយ​នេះ ដោយសារ​តែ​ការ​ដណ្តើម​តួនាទី​មុខ​មាត់​ និង​ផល​ប្រយោជន៍​ក្នុង​សហព័ន្ធ​ខ្លាំង​ពេក។ ទោះ​យ៉ាង​ណា ក្នុង​នាម​ជា​អតីត​មេ​ប៉ូលិស​ចូល​និវត្តន៍ ​កាល​ពី​ឆ្នាំ ​២០១០​ គឺ​ខ្ញុំ​នៅ​តែ​ស្ម័គ្រ​ចិត្ត​ ជួយ​ការងារ​ឲ្យ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ»​។​

លោក​​បាន​បញ្ជាក់​ថា៖ ​«ជាមួយ​គ្នា​នេះ​ កូន​ខ្ញុំ​ចំនួន ​៤ ​នាក់ ​ក្នុង​នោះ​ស្រី​ម្នាក់​ ដែល​ធ្លាប់​ជា​ជម្រើស​ជាតិ ​ក៏​បាន​ដក​ខ្លួន​ចេញ​​មក​រក​ការងារ​ក្រៅ​ ​ព្រោះ​ពួក​គាត់​មាន​ការ​អប់រំ ​និង​សិក្សា​បាន​ខ្ពស់​មាន​ការងារ​ធ្វើ​ល្អ​ផង​ដែរ​។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ នៅ​ក្នុង​វិស័យ​កីឡា​កូនៗ​ខ្ញុំ​ទាំង​អស់ ​នៅ​តែ​រក្សា​បាន​ការ​ហ្វឹកហាត់​ និង​ជា​គ្រូ​បង្វឹក​ឲ្យ​សមាគម​កីឡា​យូដូ​របស់​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ផង​ដែរ​»។

សម្រាប់​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​គ្រូ ​នុត ​ហួ​ បាន​លើក​ឡើង​ថា៖ ​«​​តាមរយៈ​​កីឡា​ ខ្ញុំ​បាន​អប់រំ​បណ្តុះបណ្តាល​កូនៗ​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​ទាំង​ក្បាច់​គុន ​ការ​សិក្សា​ និង​សីលធម៌​ ដែល​គិត​មក​ដល់​បច្ចុប្បន្ន ​អាច​និយាយ​ថា ​មាន​សន្តិភាព​ក្នុង​ផ្លូវ​ចិត្ត​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ​ជាមួយ​ក្រុម​គ្រួសារ»​។​

អតីត​កីឡាការិនី​ឆ្នើម នុត​ ស្រីរ័ត្ន​ ដែល​ជា​កូន​បង្កើត លោក នុត ហួ ​ហើយ​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​កីឡា​យូដូ ​មាន​ខ្សែ​ក្រវាត់​ខ្មៅ​ចំនួន ​៤ ​ដាន់​នោះ ធ្លាប់​បាន​​ឆ្លង​កាត់​ជា​កីឡាការិនី​ជម្រើស​ជាតិ​យូដូ ​ចំបាប់ ​និង​វ៉ូវីណាម​។ ​ជាមួយ​គ្នា​នោះ គឺ​កាល​ពី​ឆ្នាំ ​២០០៩ នុត ស្រីរ័ត្ន ​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស​វ៉ូវីណាម​កម្រិត​ពិភព​លោក​មុន​គេ​ នៅ​វៀតណាម​ ជាមួយ​កីឡាករ​ ចាន់ ​រតនា​ និង​បន្ទាប់​មក​ឈ្នះ​មេដាយ​ប្រាក់​ នៅ​កម្រិត​​អាស៊ី​ផង​ដែរ​។​

នុត​ ស្រីរ័ត្ន បាន​​និយាយ​ថា៖ ​«​​ខ្ញុំ​បាន​​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ ដោយ​មាន​ការងារ​ច្រើន​ក្រៅ​ពី​កីឡា​ ប៉ុន្តែ​​នៅ​រាល់​ល្ងាច​បង​ប្អូន​ខ្ញុំ ​៣ ​នាក់​ទៀត​ មាន ​នុត ​ដានី​ឧត្តម​ និង ​នុត ​សេរីរ័ត្ន​ថា ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ស្ម័គ្រ​ចិត្ត​ជា​ប្រចាំ ​នៅ​ទីលាន​ហ្វឹកហាត់​នា​សមាគម​កីឡា​យូដូ​ក្រសួង​មហាផ្ទៃ​ ដោយ​មិន​គិត​កម្រៃ​ពី​កូន​សិស្ស​ឡើយ​ ដើម្បី​ទទួល​បាន​​នូវ​សុខភាព​ល្អ ​​តែ​ក៏​​មាន​សិស្ស​ខ្លះ​ ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​ជួយ​តាម​ការ​ស្ម័គ្រ​ចិត្ត​ខ្លះៗ​ផង​ដែរ​៕​