ភ្នំពេញ៖ សម្រាប់​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍​អស់​រយៈពេល​យូរ​ឆ្នាំ​មក​នេះ ក្រុម​ប្រណាំង​កង់​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ឬ​ជយលាភី ដូច​ប្រភេទ​កីឡា​ផ្សេងៗ​នៅ​ឡើយ​ទេ ហើយ​គិត​មកដល់​បច្ចុប្បន្ន​ក្រុម​កង់ ក៏​នៅ​តែ​មិន​ទាន់​អាច​ឈាន​ចូល​ចំណាត់​ថ្នាក់​ជយលាភី​ពី​លេខ ១ ដល់​លេខ ៤ ដដែល។

តែ​ទោះ​យ៉ាងណា យោង​តាម​ការ​ស្រាវជ្រាវ​ជា​ប្រវត្តិ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន គឺ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ ១៩៦៧ កីឡាករ ​ហាស ផល្លា ធ្លាប់​ដណ្តើម​បាន​ចំណាត់​ថ្នាក់​ល្អ និង​ទទួល​បាន​ជយលាភី។ ជាមួយ​គ្នា​នេះ តាមរយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជាច្រើន​លើក​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គ្រូបង្វឹក​ជម្រើសជាតិ លោក ផេង ប៉ូលីន បាន​អះអាង​ថា ក្រុម​ប្រណាំង​កង់​កម្ពុជា បច្ចុប្បន្ន​មាន​សមត្ថភាព​ល្អ​ជាង​មុន ហើយ​មិន​នៅ​ចុង​ក្រោយ​គេ ក្នុង​តំបន់​យើង​ទៀត​នោះទេ គឺ​នៅ​ពាក់​កណ្តាល​គេ។

លោក ផេង ប៉ូលីន បាន​ប្រាប់​ថា៖ «ខ្ញុំ​រំពឹង​ថា កីឡា​ប្រណាំង​កង់​កម្ពុជា​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២១ នៅ​វៀតណាម និង​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ គឺ​យើង​រំពឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ដើម្បី​ឡើង​កាន់​ឈ្នាន់​កិត្តិយស​បាន ព្រោះ​តាមរយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​របស់​សហព័ន្ធ​ក្តី និង​របស់ NOCC ជាមួយ​ក្រសួងទេសចរណ៍​ក្តី គឺ​យើង​ពិនិត្យ​ឃើញ​ថា សមត្ថភាព​អត្តពលិក​យើង មិន​នៅ​ក្រោយ​គេ​នោះ​ទេ គឺ​យើង​បាន​រំកិល​មក​ត្រឹម​ពាក់​កណ្តាល​ដែរ»។

លោក​បន្ថែម​ថា៖ «បើ​រំឭក​កាល​ពី​ស៊ីហ្គេម ឆ្នាំ ២០១៧ កីឡាករ យឿន ភីយុទ្ធ ប្រជែង​បាន​លេខ ៥ ដែរ លើ​វិញ្ញាសា​កង់គួក គឺ​បាំង​តែ​ម្នាក់​ប៉ុណ្ណោះ កុំ​អី​យើង​បាន​ជយលាភី​ហើយ ខណៈ​បច្ចុប្បន្ន​ខ្ញុំ​គិត​ថា យើង​មាន​ក្តី​រំពឹង​លើ​ការ​ប្រកួត​កង់​ភ្នំ ដូចជា​វិញ្ញាសា​ជិះ​ឆ្លង​ឧបសគ្គ ១៨ គីឡូម៉ែត្រ ឬ ២៥ គ.ម ចំណែក​ប្រភេទ​កង់គួក​វិញ យើង​រំពឹង​លើ​វិញ្ញាសា​ត្រឹម ១២០ គ.ម​ចុះ ព្រោះ​អត្តពលិក​យើង​បច្ចុប្បន្ន មិន​ទាន់​មាន​សមត្ថភាព​ល្អ លើ​វិញ្ញាសា​ចម្ងាយ​ឆ្ងាយ​នៅ​ឡើយ​ទេ»។

គ្រូ​ជម្រើសជាតិ​រូប​នេះ បញ្ជាក់​ថា៖ «ក្រុម​អត្តពលិក ដែល​ល្អ​រំពឹង​ឈ្នះ​ជយលាភី យើង​ត្រូវ​បណ្តុះ​ពី​ថ្នាល​ទៅ និង​ស្វែងរក​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ទើប​មាន​សង្ឃឹម​ច្រើន ព្រោះ​ការ​ហ្វឹកហាត់​ក្នុង​ស្រុក​មិន​ទាន់​មាន​លក្ខណៈ​ល្អ ទំនើប​ដូច​ប្រទេស​គេ​នៅ​ឡើយ ហើយ​បញ្ហា​នេះ​សហព័ន្ធ និង​សមាគម​ជិះ​កង់​កម្ពុជា កំពុង​ប្រឹងប្រែង​ហើយ ប៉ុន្តែ​វិបត្តិ​កូវីដ ១៩ ធ្វើ​ឱ្យ​រាំងស្ទះ»។

គួរ​បញ្ជាក់​ថា កាល​នៅ​ជា​កីឡាករ លោក ផេង ប៉ូលីន ធ្លាប់​ឈ្នះ​ត្រឹម​ជើងឯក​ជាតិ និង​ពាន​រង្វាន់​កម្រិត​ក្នុង​ស្រុក​យើង ប៉ុន្តែ​លោក​មាន​បទពិសោធ​ច្រើន លើ​ការ​ដឹកនាំ​ក្រុម​ជិះ​កង់ និង​រៀបចំ​ព្រឹត្តិការណ៍​នានា ហេតុនេះ​ហើយ​ទើប​សហព័ន្ធ​បាន​ប្រគល់​តួនាទី ជា​គ្រូបង្វឹក​ជម្រើសជាតិ​នេះ​ឱ្យ​លោក បាន ២ ឆ្នាំ​ហើយ។ បន្ថែម​លើ​នេះ លោក​មាន​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​កម្សាន្ត ជូន​ភ្ញៀវ ដូចជា​ការ​ជិះ​កង់​ភ្នំ តាម​ខេត្ត​ជា​លក្ខណៈ​ទេសចរណ៍​ផងដែរ៕