ភ្នំពេញ៖ ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក បួន លឹមហេង បានលើកឡើងដោយភាពជឿជាក់ថា ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជានឹងដណ្តើមបានមេដាយមាស និងប្រាក់ ច្រើនពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
បើទោះបីជា ក្រុម ITF កម្ពុជាមិនធ្លាប់បានចូលរួមការប្រកួតស៊ីហ្គេម ដោយសារប្រភេទកីឡានេះ មិនទាន់ត្រូវបានដាក់ចូលជាផ្លូវការ ប៉ុន្តែការឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់ពីការប្រកួតជើងឯកពិភពលោក អាស៊ី និងជើងឯកអាស៊ាន កន្លងមកនេះ បានធ្វើឱ្យលោក បួន លឹមហេង មានទំនុកចិត្តខ្លាំងទៅលើក្រុមអត្តពលិក ITF ក្នុងការបង្កើតបានស្នាដៃថ្មីនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។
លោក បួន លឹមហេង បានថ្លែងថា៖ «សម្រាប់ការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ ទ្វីប និងពិភពលោក យើងតែងតែដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ គឺបើទៅ ១៥ នាក់ ពេលត្រឡប់មកវិញ ឃើញពាក់មេដាយសឹងគ្រប់ទាំង ១៥ នាក់ យ៉ាងហោចណាស់ ក៏បានមេដាយ ១២ នាក់ដែរ អ៊ីចឹងពេលខ្ញុំទៅទទួលប្រតិភូកីឡារបស់យើងនៅព្រលានយន្តហោះ គឺខ្ញុំមានការរីករាយសប្បាយណាស់»។
លោកបានបន្ថែមថា៖ «ខ្ញុំជឿថា ITFរបស់យើង ពេលប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣ នឹងទទួលបានមេដាយមាស និងប្រាក់ច្រើន ព្រោះកីឡាករ ដែលមានសមត្ថភាពបានយើងឱ្យចូលរួម តែបើមិនមានសមត្ថភាពទេ យើងដាក់នាំតែខាតទេ។ ឧបមាថា យើងដាក់ ៣០ នាក់ ហើយដណ្តើមបានមេដាយ ២០ នាក់ជាង អាហ្នឹងភាគរយវាល្អ ប៉ុន្តែបើចង់ដាក់ច្រើនដល់ ៤០ នាក់ រួចដណ្តើមបានមេដាយត្រឹម ៧ ទៅ ៨ នាក់ តើយើងយកមុខទៅទុកឯណា! អានេះគិតពីភាគរយ ព្រោះប្រទេសគេដទៃទៀត ក៏គិតពីភាគរយបែបនេះដែរ»។
ការថ្លែងបែបនេះរបស់លោក លឹមហេង ត្រូវបានធ្វើឡើងនៅពេលលោកចូលរួមនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ចៅក្រម អាជ្ញាកណ្តាល កម្រិត «ក» កីឡាតេក្វាន់ដូ ITF នៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃសៅរ៍ ដោយវគ្គនេះ មានសិក្ខាកាមចូលរួមចំនួន ៣០ នាក់ មកពី ១១ ខេត្ត-រាជធានី ហើយលោកគ្រូជនជាតិកូរ៉េខាងជើង រី ឆុលណាំ មានខ្សែក្រវាត់ខ្មៅ ៨ ដាន់ និងលោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ជាគ្រូទ្ទេសសំខាន់ក្នុងវគ្គនេះ។
ជាមួយគ្នានេះ លោក លឹមហេង បានប្រាប់ទៅកាន់ចៅក្រមអាជ្ញាកណ្តាល ដែលទើបបញ្ចប់ការសិក្សាក្នុងវគ្គនេះ ត្រូវបំពេញការងារដោយយុត្តិធម៌ ព្រោះវគ្គបណ្តុះបណ្តាលនេះរៀបចំឱ្យមានឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពធនធានមនុស្សផ្នែកចៅក្រម អាជ្ញាកណ្តាល ដើម្បីយកទៅអនុវត្តនៅលើទីលាន ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ពិសេសសម្រាប់ដឹកនាំការប្រកួតលើប្រភេទកីឡានេះ នៅស៊ីហ្គេម ឆ្នាំ ២០២៣។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក បួន លឹមហេង បានថ្លែងនៅចំពោះមុខសិក្ខាកាមទាំង ៣០ នាក់នោះថា៖ «ក្នុងនាមជាចៅក្រម អាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ ហើយត្រូវផ្តល់យុត្តិធម៌ដល់ភាគី ដែលចូលរួមប្រកួតទាំងអស់ ហើយយើងត្រូវតែប្រាកដថា ការងារដែលយើងកំពុងធ្វើនេះ គឺធ្វើដោយឆន្ទៈ ភាពស្មោះត្រង់ ត្រឹមត្រូវ និងយុត្តិធម៌បំផុត ដោយចេញពីបេះដូងផ្ទាល់របស់ខ្លួនជាអ្នកកាត់សេចក្តីជាមុនសិន មុនផ្តល់ការវិនិច្ឆ័យដល់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួត»។
គួរបញ្ជាក់ថា តេក្វាន់ដូ ITF បានស្ថិតនៅក្នុងប្រភេទកីឡាទាំង ១៧ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ត្រូវដាក់បញ្ចូលទៅក្នុងស៊ីហ្គេមឆ្នាំ ២០២៣ ហើយថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានព្យាករពីសន្ទស្សន៍មេដាយថា ក្រុម ITF របស់ខ្លួននឹងអាចដណ្តើមបានមេដាយមាសច្រើនជាង ១០ ជូនប្រទេសជាតិ៕