ភ្នំពេញៈ ជា​ក្មេង​កំព្រា​ឪពុក តាំងពី​អាយុ​ ៥ ​ឆ្នាំ​លោក វី តារា បាន​ចាប់យក​ការហាត់​កីឡា​គុន​ល្បុក្កតោ រហូត​ក្លាយ​ជា​អ្នកជំនាញ និង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ដែល​មាន​សមត្ថភាព​ក្នុងការ​បង្វឹក និង​រកប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​បាន​សមរម្យ ហើយ​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​មាន​ក្លិប​ល្បុក្កតោ គ្រប់គ្រង​ផ្ទាល់ខ្លួន​ចំនួន​ ៣ ​ផងដែរ​។

ដោយសារ​ការព្យាយាម និង​ការយកចិត្ត​ទុកដាក់​ស្រឡាញ់​វិជ្ជាគុន​ល្បុក្កតោ​ខ្លាំង​នោះ​លោក វី តារា ត្រូវបាន​គេ​ឃើញ​សម្តែង​ជា​ភាពយន្ត​មួយចំនួន​ដែល​ទាក់ទង ទៅ​នឹង​ឆាកប្រយុទ្ធ ឬ​ឈុត​វ៉ៃ​គ្នា​ជាដើម​។ ជាមួយ​នឹង​ការតស៊ូ​ប្រឹងប្រែង​ទាំងនេះ​ហើយ​បាន​រុញច្រាន​យុវជន វី តារា ឲ្យ​មាន​ប្រាក់​បង់ថ្លៃ​ចូលរៀន​នៅ​សាកលវិទ្យាល័យ ដោយ​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅក្នុង​ឆ្នាំ​ ២០១៧​។

យុវជន​ដែលមាន​មាឌមាំ​កម្ពស់​ខ្ពស់​ ១,៧៥ ​ម៉ែត្រ និង​មាន​សុខភាព​ល្អ​ទម្ងន់​ ៨៥ ​គីឡូក្រាម រាង​សង្ហា​ដូច​ខ្មែរ​អង្គរ លោក វី តារា បាន​ប្រាប់ថា លោក​ជា​កូនកំព្រា​ឪពុក​តាំងពី​អាយុ​ ៥ ​ឆ្នាំ​ដោយ​រស់នៅ​ជាមួយ​ប្អូនស្រី​ម្នាក់ និង​ជាមួយ​ម្តាយ​ដែល​មាន​មុខរបរ​ជា​មេ​ចុងភៅ​ចម្អិន​ម្អូប​ឲ្យ​ចិន​។ លោក​បាន​ស្រឡាញ់​កីឡា​ក្បាច់គុន​ល្បុក្កតោ តាំងពី​ក្មេង​ដោយសារ​ឃើញ​គេ​ហាត់​។

លោក វី តារា បាន​និយាយថា​៖ «​ខ្ញុំ​បាន​ចូល​ហ្វឹកហាត់​ល្បុក្កតោ​លើកដំបូង ជាមួយ​លោកគ្រូ​ក្រមា​មាស សាន គឹមស៊ាន ក្នុង​ក្លិប​អង្គររាជ​ល្បុក្កតោ នៅ​ឆ្នាំ​ ២០០៩ ហើយដោយ​ការព្យាយាម​ហាត់​បាន​មួយរយៈ និង​គោរព​វិន័យ​បានល្អ លោកគ្រូ​បាន​អនុគ្រោះ​ឲ្យ​ខ្ញុំ​បង់លុយ​តែ​ពាក់កណ្តាល​។ បន្ទាប់មក​លោកគ្រូ ស្រឡាញ់​រាប់អាន​ខ្ញុំ​ដូចជា​កូនចៅ និង​បាន​អនុញ្ញាត​ឲ្យ​ហ្វឹកហាត់​មិន​បង់​លុយ​ទេ ដោយ​កាល​នោះ​ក្លិប​ស្ថិត​នៅ​ម្តុំ​អូរឫស្សី មុន​ប្តូរ​ទៅ​ចាក់អង្រែ រាជធានី​ភ្នំពេញ​»​។

តារា បាន​បន្ថែមថា​៖ «​ខ្ញុំ​នៅ​ជួយ​ការងារ​ហ្វឹកហាត់ ជាពិសេស​ជួយ​មើល​សិស្ស​ថ្មីៗ ហើយ​ជា​បន្តបន្ទាប់ ខ្ញុំ​បាន​ប្រឡង​ជាប់​ក្រមាខ្មៅ​ ១ ​ជាន់​។ ខ្ញុំ​បាន​ភ្ជាប់​ខ្លួន​ជាមួយ​កីឡា​ល្បុក្កតោ​មក​រហូត​ក្នុង​នោះ​លោកគ្រូ​បង្ហាត់​ឲ្យ​ចេះ​សម្តែង​ក្បាច់គុន ជា​ឯកត្តជន​ជា​ក្រុម និង​ចេះ​បង្ហាញ​សូ (​សម្តែង​) ក្នុង​កម្មវិធី​ផ្សេងៗ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​សប្បុរសជន​ជា​បន្តបន្ទាប់​»​។

«​ឆ្នាំ​ ២០១២ ខ្ញុំ​បាន​ប្រឡង​ជាប់​បាក់ឌុប និង​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ហើយ​ក្រៅពី​ហាត់​កីឡា ខ្ញុំ​ធ្លាប់​បម្រើការ​ខាង​ព័ត៌មាន​នៅ​វិទ្យុ​មួយ​បាន​មួយរយៈ ដែល​ខ្ញុំ​អាច​ប្រើប្រាស់​ភាសាអង់គ្លេស​បាន​ផងដែរ​។ ក្នុង​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​ ២០១៥ ខ្ញុំ​បាន​ឱកាស​ចូល​ប្រកួត​ជើងឯក​ជាតិ​កីឡា​ល្បុក្កតោ ដោយ​បាន​ឈ្នះ​មាន​ជយលាភី​មេដាយ​សំរឹទ្ធ ប្រាក់ និង​មេដាយ​មាស​ជា​បន្តបន្ទាប់​»​។

គ្រូបង្វឹក​វ័យ​ ២៦ ​ឆ្នាំ វី តារា បាន​ប្រាប់​បន្តថា​៖ «​ខ្ញុំ​បាន​លេចមុខ​មាត់​ខ្លាំង នៅ​ឆ្នាំ​ ២០១៦ ក្នុងពេល​សហព័ន្ធ​កីឡា​ល្បុក្កតោ អនុញ្ញាត​ឲ្យ​ចេញ​បង្ហាត់​ដល់​ក្រុម​កងទ័ព​ជាង​ ៣០០ ​នាក់​ដើម្បី​មក​បង្ហាញ​ក្បាច់គុន​ក្នុង​កីឡា​ជាតិ​លើក​ទី​ ១ នៅក្នុង​ស្តាត​អូឡាំពិក ហើយ​នៅ​ឆ្នាំ​ ២០១៨ ខ្ញុំ​បាន​ចេញទៅ​បង្ហាត់​ផ្នែក​កងទ័ព​ចំនួន​ ៦០០ ​នាក់​តាម​អង្គភាព​ពិសេស សម្រាប់​កីឡា​ជាតិ​លើក​ទី​ ២​។ បន្ទាប់មក ខ្ញុំ​ជាប់​ជា​គ្រូ​ជម្រើសជាតិ​ក្នុង​ឆ្នាំ​ ២០១៨ និង​ជាប់​ជា​គ្រូ​យោធា​ចារ្យ​បង្វឹក​ឲ្យ​កងទ័ព​មកដល់​បច្ចុប្បន្ន​នេះ ដោយ​កាលពី​ដើម​ឆ្នាំ​ ២០២០ ​នេះ​ខ្ញុំ​ចេញ​បង្ហាត់​ដល់​អង្គភាព​កងទ័ព​មួយចំនួន​នៅតាម​កងពល​ និង​ភូមិភាគ​»​។

វី តារា បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ភ្លេចគុណ​លោកគ្រូ​តា​ក្រមាមាស សាន គឹមស៊ាន និង​ឯកឧត្តម វ៉ាត់ ចំរើន នោះទេ​ដោយ​លោក​តែងតែ​ជួយ​ខ្ញុំ​លើកទឹកចិត្ត​ខ្ញុំ​ជានិច្ច ហើយ​ធ្វើឲ្យ​សព្វថ្ងៃ ខ្ញុំ​មាន​ជីវភាព​សមរម្យ​បាន​ចំណូល​ពី​ក្បាច់គុន​ល្បុក្កតោ​គួរសម​គឺ​បាន​ពី​ការធ្វើ​គ្រូ​ជម្រើសជាតិ​ចំនួន​ ១,៨ ​លាន​រៀល ប្រាក់ឧបត្ថម្ភ​ពី​ការបង្វឹក​ក្បាច់គុន​ឲ្យ​ក្រុម​ភេរវកម្ម នៅ​ព្រលាន​យន្តហោះ ១ ​លាន​រៀល​ក្នុង ​១ ​ខែ និង​បាន​ពី​ការបង្វឹក​តាម​ក្លិប​ ១ ​ចំនួន ដូចជា​ក្លិប​ល្បុក្កតោ​ស៊ីសុវត្ថិ ក្លិប​ល្បុក្កតោស នៅ​ខេត្តរតនគិរី នា​ចុង​សប្តាហ៍ ព្រមទាំង​បាន​បង្វឹក​ការថតភាពយន្ត​ប្រយុទ្ធ និង​សម្តែង​ខ្លួនឯង​ផងដែរ អ៊ីចឹង​ក្នុង​ ១ ​ខែ ជា​មធ្យម​ក៏​ខ្ញុំ​បាន​ខ្ទង់​ ៣ ​លាន​រៀល​ដែរ​»៕