ភ្នំពេញ៖ មន្ត្រី​បច្ចេកទេស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​បញ្ចេញ​សារ​មួយ ដើម្បី​បញ្ជាក់​ដល់​អ្នកពាក់ព័ន្ធ​បាន​ដឹង​ពី​ខួប​នៃ​ការរាប់​ថយក្រោយ ឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែល​គិត​ត្រឹម​ថ្ងៃទី ៥ ខែឧសភា នេះ នៅសល់​ពេល​ត្រឹម ២ ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បាន​បញ្ចេញ​សាសព្ទ​យ៉ាង​ដូច្នេះ​ថា៖ «ថ្ងៃទី ៥ ឧសភា ២០២១ ដល់​ថ្ងៃទី ៥ ឧសភា ២០២៣ គឺជា​ខួប​រាប់​ថយក្រោយ ២ ឆ្នាំពេញ​នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES-ASEAN PARA GAMES 2023 ។ ២ ឆ្នាំ​ជា​ពេលវេលា​សេសសល់​សម្រាប់ CAMSOC រួមចិត្ត រួម​គិត រួម​ធ្វើ រួម​ទទួល​ខុសត្រូវ»។

លោក​បាន​បន្តថា៖ «ថ្ងៃទី ៥ ឧសភា នេះ កាលពី​ឆ្នាំទៅ យើង​បាន​ធ្វើ​ម្តង​ហើយ​ឆ្នាំនេះ ជា​សារ​មួយ​អាច​រំឭក និង​នាំគ្នា​ចងចាំ ព្រមទាំង​ដាស់​ស្មារតី​ឱ្យ​មាន​ការប្រុង​ជើងការ​ជាបណ្តើរៗ និង​ព្យាយាម ហើយ​សារ​នេះ​ក៏​គោរព​ផ្ញើជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្រុម​អត្តពលិក​ក្នុង​គោលបំណង​ដូច​ទៅនឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ប្រជាពលរដ្ឋ​ម្នាក់ គប្បី​លេង​កីឡា​បាន ១ ប្រភេទ ដើម្បី​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្ពោះ​ស៊ីហ្គេម ២០២៣ ដែល​នឹង​បើក​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣»។

លោក វ៉ាត់ ចំរើន ពេល​ថ្លែង​ទៅកាន់​អង្គប្រជុំ ដែល CAMSOC បានរៀបចំ​កន្លងមក។

ជាមួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន បាន​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី​ជម្នះ​ឧបសគ្គ​ទាំងឡាយ។ «នៅក្នុង​ដំណាក់កាល​នេះ​ជា​ពេលដែល​យើង ត្រូវ​រៀបចំ​ហ្គេម អ៊ីចឹង​ស្នើ​សុំឱ្យ​ក្រុមការងារ​បច្ចេកទេស ក្រុមការងារ​ជំនាញ​ទាំងអស់ ត្រូវ​សាមគ្គីភាព​គ្នា ឱ្យ​បាន​រឹងមាំ ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​ទាំងឡាយ ព្រោះ​រយៈពេល ២ ឆ្នាំ​នេះ ជា​ពេលវេលា យើង​ត្រូវធ្វើ​សុក្រឹតភាព ត្រូវ​ធ្វើ​វិធានការ​នៃ​ការហ្វឹកហាត់​ពិសេស»។

អ្នកជំនាញ​កីឡា​រូបនេះ​បាន​បន្ថែមថា៖ «២ ឆ្នាំនេះ ជា​រយៈពេល​ដ៏ខ្លី សម្រាប់​កសាង​គុណភាព​នៃ​គុណផល​កីឡា អ៊ីចឹង​សូមឱ្យ​ទទួលបាន​នូវ​ស្មារតី​ថ្មី ធ្វើឱ្យ​វិបត្តិ​កូវីដ១៩ ក្លាយ​ទៅ​ជា​អាវុធ​ដ៏មុតស្រួច​របស់​ក្រុម​អត្តពលិក ដោយ​ប្រែក្លាយ​ពី​គ្រោះ​ឱ្យ​ទៅ​ជា​ឱកាស ឆ្ពោះ​ទៅ​មុខ​យ៉ាង​ស្វាហាប់ ដើម្បីឱ្យ​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ក្លាយ​ជា​ព្រឹត្តិការណ៍​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ដ៏អស្ចារ្យ និង​ជា​កិត្តិយស​ជាតិ​ដ៏មហាសាល​សម្រាប់​តកូនចៅ​តរៀង​ទៅ»។

ជាមួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន បាន​កោតសរសើរ ដល់​ស្ថាប័ន​មួយចំនួន​រួមមាន​អគ្គនាយកដ្ឋាន​កីឡា មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា សហព័ន្ធ​កីឡា​ជាតិ មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​សមាគម​កីឡា​នានា ក្រុម​អត្តពលិក គ្រូបង្វឹក ព្រមទាំង​មន្ត្រី​បច្ចេទេស និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​សហការ​ល្អ និង​រួបរួមគ្នា​តែមួយ ដើម្បី​ជាតិ​តែមួយ​នៅក្នុង​បេសកកម្ម​ឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​នេះ ដែល​មាន​គុណប្រយោជន៍ មិន​សំដៅ​តែ​លើ​កីឡា​មួយ​មុខ​នោះទេ។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖ «ការធ្វើជា​ម្ចាស់​ផ្ទះ​នេះ គឺ​ប្រទេស​នីមួយៗ មិនមែន​សំដៅ​ទៅរក​សកម្មភាព​កីឡា​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ពោល​ជា​ឱកាស ដែល​ប្រទេស​ជាតិ​បាន​បង្ហាញ​ពិភពលោក​ឱ្យ​ស្គាល់​ពី​ភូមិសាស្ត្រ​នយោបាយ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សេដ្ឋកិច្ចជាតិ និង​ចក្ខុវិស័យ​ទេសចរណ៍​របស់​ជាតិ​សាសន៍​យើង ហើយ​បន្ទាប់ពី​ប្រារព្ធ​រួច និង​សល់​សក្តានុពល​គ្រប់យ៉ាង​ដែលជា​មរតក​សម្រាប់​ជាតិ និង​ប្រជាជន»៕