ភ្នំពេញៈ គ្រូបង្វឹក​ក្លិប​ឃ្លាំងមឿង​លោក សុខ វិជ័យ បាន​និង​កំពុង​ដាក់​ការសង្ស័យ​ទៅ​លើ​ការប្រកួត​កាត់សេចក្តី​ចុងក្រោយ​រវាង​កីឡាករ លាភ រដ្ឋា និង​ថៃ Yorth Vandy នៅលើ​សង្វៀន SEATV នា​ថ្ងៃ​សៅរ៍​នេះ​ថា​អាច​នឹង​មាន​ការឃុបឃិត​គ្នា​ក្នុង​ការរៀបចំ​ឲ្យ​ថៃ​ធ្វើ​ជា​សន្លប់​នៅក្នុង​ទឹក​ណា​មួយ​ជួយ​ឲ្យ លាភ រដ្ឋា មាន​ប្រៀប​លើ​សិស្ស​របស់​លោក វ៉ាន់ វឿន ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​តំណាង​ឲ្យ​ពូល​កម្ពុជា​។

លោក សុខ វិជ័យ បាន​ចេញ​មុខ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​បើ​ការប្រកួត​រវាង​លាភ រដ្ឋា និង​ថៃ Yorth Vandy មិន​ប្រក្រតី និង​កាត់ក្តី​មិន​យុត្តិធម៌​ធ្វើឲ្យ​ការប្រកួត​លក្ខណៈ​ខ្សែក្រវាត់​ក្លាយ​ទៅ​ជា​ការរៀបចំ​ឃុបឃិត​គ្នា ដើម្បី​ជួយ​ឲ្យ​កីឡាករ​នេះ​ឡើង កីឡាករ​នោះ​ធ្លាក់​តាម​អំពើ​ចិត្ត​នោះ​លោក​នឹង​ប្តឹង​ទៅ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​រក​យុតិ្តធម៌​។

«​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​លោក រាជ សុផែន ជា​ប្រធាន​បច្ចេកទេស​ប្រចាំ​សង្វៀន SEATV ដើម្បី​ឲ្យ​គាត់​ពិនិត្យ​មើល​ការប្រកួត​របស់​ លាភ រដ្ឋា និង Yorth Vandy ដែល​ត្រូវ​ចៀសវាង​ឲ្យ​បាន​ពី​ភាពមិនប្រក្រតី ឬ​ការឃុបឃិត​គ្នា ព្រោះ​លទ្ធផល​ការប្រកួត​មិន​ត្រឹមត្រូវ​លើក​នេះ វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​កីឡាករ​របស់​ខ្ញុំ វ៉ាន់ វឿន ដែល​កំពុង​ឈរ​ចាំ​លទ្ធផល​នេះ​»​។

លោក សុខ វិជ័យ បន្ថែម​ថា​៖ «​អ្វី​ដែល​ខ្ញុំ​មិន​ទុកចិត្ត ព្រោះ​លោក ថៃ អ៊ូ ជា​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត ហើយ លាភ រដ្ឋា ជា​កីឡាករ​ក្នុង​សមាគម​ប្រដាល់​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​លោក ថៃ អ៊ូ ជា​អ្នកគ្រប់គ្រង​។ អាច​និយាយ​ថា អ្នក​ស្រុកភូមិ​ជាមួយ​គ្នា អ៊ីចឹង​អាច​ឃុបឃិត​គ្នា​នៅក្នុង​ប្រការ​ណា​មួយ​ឲ្យ​កីឡាករ​ថៃ​ធ្វើ​ជា​ចាញ់​ដោយ​សន្លប់ ដើម្បី​យក​ប្រៀប​លើ វ៉ាន់ វឿន ដើម្បី​បាន​ឈ្នះ​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​»​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក រាជ សុផែន ដែល​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ផង​នោះ​បាន​ពន្យល់​ថា​៖ «​អ្វីៗ​យើង​អនុវត្ត​តាម​ច្បាប់ និង​លក្ខខណ្ឌ​ដែល​បានចែង​រួចហើយ និង​ធានា​បាន​នូវ​យុត្តិធម៌ សម្រាប់​គ្រប់​កីឡាករ​ដោយ​មិន​ប្រកាន់​ថា នៅ​ក្លិប​ណា​មកពី​ណា​ទេ គឺ​យើង​អនុវត្ត​តាម​ច្បាប់​ប្រកួត ហើយ​ពេល​មាន​ករណី​មិន​ប្រក្រតី​ណា​មួយ​កើតឡើង​ ឬ​មាន​ភ័ស្តុតាង​ច្បាស់លាស់ យើង​មាន​វិធានការ​ច្បាប់ ដើម្បី​ចាត់ការ​»​។

លោក សុផែន បន្ថែម​ថា​៖ «​តាម​រូបមន្ត​ប្រកួត បើ​កីឡាករ លាភ រដ្ឋា អាច​ផ្តួល​ឲ្យ​ដៃ​សន្លប់​ក្នុង​ទឹក​ណា​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ ៤ ​ប្រកួត​របស់ វ៉ាន់ វឿន ដែល​វ៉ៃ​ថៃ​ឲ្យ​សន្លប់​ទាំង​ ៤ ​នោះ​គឺ​មាន​មួយ​ប្រកួត​គិត​ក្នុង​ឈ្នះ​ត្រឹម​ពិន្ទុ​ធម្មតា ព្រោះ​ប្រកួត​ជំនួស​គូ​ខ្សែក្រវាត់ ដែល​អវត្តមាន​។ ចំពោះ​ការសង្ស័យ ឬ​ការសន្និដ្ឋាន​ណាមួយ​របស់​ភាគី​ម្ខាង​របស់​កីឡាករ​ជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​ការអនុវត្ត​គឺ​ធ្វើ​តាម​ច្បាប់​ដែល​មាន​ភ័ស្តុតាង​ត្រឹមត្រូវ​ច្បាស់លាស់​»​។

ទោះបី​ជា​យ៉ាង​ណា​លោក​ថា​៖ «​ការប្រកួត​មិន​ទាន់​មក​ដល់​មិន​ទាន់​ដឹងថា មាន​រឿង​អ្វី​កើតឡើង​ទេ ប៉ុន្តែ​យើង​នៅ​តែ​ខិតខំ​បំពេញ​ការងារ​ដោយ​តម្លាភាព​យុត្តិធម៌ គឺ​ឈរ​លើ​គោលការណ៍​កីឡា ដើម្បី​ទាំងអស់​គ្នា និង​ជាតិ​យើង​ទាំងមូល គ្មាន​ប្រកាន់​ឋានៈ​បក្ខពួក​នោះ​ទេ​»​។

លោក សុខ វិជ័យ ចង់​ឲ្យ​ការប្រកួត​នេះ​ឈ្នះ​ចាញ់​ដោយ​យុត្តិធម៌ និង​ស្នើ​ឲ្យ​កីឡាករ​ថៃ វ៉ៃ​អស់​ពី​សមត្ថភាព​គ្មាន​ការឃុបឃិត​គ្នា​ណា​មួយ ហើយ​បើ​ វ៉ាន់ វឿន និង លាភ រដ្ឋា ​មាន​ពិន្ទុ​ស្មើគ្នា​គឺ​លោក​ចង់​ឲ្យ​ពួកគេ​ប្រកួត​គ្នា​តែ​ម្តង​ទៅ​ដើម្បី​ឈ្នះ​ចាញ់​អស់​ចិត្ត​។

ប៉ុន្តែ លាភ រដ្ឋា ដែល​ធ្លាប់​ឈ្នះ​ពាន​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​នោះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្តេជ្ញា និង​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​កីឡាករ​ថៃ Yorth Vandy មិន​អាច​គេច​ពី​ការសន្លប់​របស់​ខ្ញុំ​បាន​ទេ​»​។ Yorth Vandy ជា​កីឡាករ​មាន​កណ្តាប់ដៃ​ធ្ងន់ និង​ធ្លាប់​ផ្តួល ម៉ន សាម៉េត ឲ្យ​សន្លប់​ទឹក​ទី​ ១ ប៉ុន្តែ​ ៣ ​ប្រកួត​ក្នុង​អំឡុង​ខ្សែក្រវាត់​នេះ គេ​ចាញ់​ទាំង​ ៣ ​ប្រកួត​៕