ភ្នំពេញៈ លោក​ សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា ដែល​ជា​អ្នកជំនាញ​ច្បាប់​កីឡា និង​មាន​បទពិសោធ​ផ្នែក​កីឡា​នោះ​បាន​ទទួល​អាហារូបករណ៍​កីឡា​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ដើម្បី​សិក្សា​ផ្នែក​កីឡា​ជំនាញ​ជាន់ខ្ពស់ ដែល​ជា​កម្មវិធី​បណ្តុះបណ្តាល​មួយ​របស់​អង្គការ​សាមគ្គី​អូឡាំពិក​ (SO)​។

វគ្គ​បណ្ដុះបណ្ដាល International Coaching Enrichment Certificate Program នេះ​ជា​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​គ្រូបង្វឹក​កម្រិត​អន្ដរជាតិ​ដែល​មាន​រយៈពេល​ ១ ​ឆ្នាំ និង​ធ្វើ​ឡើង​នៅ​ទីក្រុង Lausanne ប្រទេស​ស្វីស ហើយ​លោក សុខ អាង នឹង​ចេញ​ទៅ​ស្វីស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​សមាជិក​របស់ IOC ២៨ ​ប្រទេស​ទៀត​ក៏​ចូលរួម​វគ្គ​នេះ​ដែរ​។

លោក សុខ អាង បាន​ប្រាប់​ថា​៖ «​វគ្គ​នេះ គេ​បែង​ចែក​ជា​ ៤ ​ដំណាក់កាល ហើយ​កន្លង​មក​ខ្ញុំ​ធ្លាប់​ចូលរួម​សិក្សា​ពី​ដំណាក់កាល​ទី​ ១ ដល់​ទី​ ៣ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អូឡាំពិក រដ្ឋ​កូឡូរ៉ាដូ​នៃ​សហរដ្ឋអាមេរិក​នា​ឆ្នាំ​ ២០១៨​។ ចំណែក​ដំណាក់កាល​ទី​ ៤ ​នេះ​គឺ​ត្រូវ​យក​គម្រោង​ដែល​សិក្ខាកាម​បាន​រៀបចំ និង​អនុវត្ត​ទៅ​បង្ហាញ និង​ការពារ​ជាមួយ​គណៈកម្មការ​វាយតម្លៃ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ២៨ ខែ​មេសា​ដល់​ថ្ងៃ​ទី​ ៣ ខែ​ឧសភា ឆ្នាំ​ ២០១៩ ហើយ​អាហារូបករណ៍​នេះ​ស្នើសុំ​តាមរយៈ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា (NOCC) ​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់​ថា​៖ «​លោក សុខ អាង ជា​បេក្ខជន​ទី​ ៣ ដែល​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​ជំនាញ​ជាន់ខ្ពស់​នេះ បន្ទាប់ពី​លោក ហែម គីរី ទទួល​បាន​នៅ​ឆ្នាំ​ ២០១១ ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ និង​កញ្ញា កាង នុចបវរ បាន​ទៅ​រៀន​នៅ​ឆ្នាំ​ ២០១៤ ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​កីឡា​ចំបាប់​»​។

លោក សុខ អាង បាន​ចាប់ផ្ដើម​ហាត់​កីឡា​គុនដាវ​កាល​ឆ្នាំ​ ២០០៦ ហើយ​បាន​ទទួល​មេដាយប្រាក់​ក្នុង​ការប្រកួត​សាកល្បង​កម្រិត​ជាតិ​ក្នុង​ឆ្នាំ​ដដែល​។ លោក​ក៏​បាន​ចាប់ផ្ដើម​ធ្វើការ​នៅ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​ពី​ឆ្នាំ​ ២០០៧ និង​បម្រើការ​នៅ NOCC ជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០០៨ បន្ទាប់ពី​ធ្វើការ​ស្ម័គ្រចិត្ត​តាំងពី​ឆ្នាំ​ ២០០៦​ ​មក​។

ជាមួយ​គ្នា​នេះ​លោក​ធ្លាប់​កាន់តំណែង​ជា​អនុប្រធាននាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​របស់​ NOCC, ជា​នាយក​បេសកកម្ម​កីឡា​យុទ្ធសិល្ប៍​នៅ​ថៃ ឆ្នាំ​ ២០០៩ និង​ជានា​យក​បេសកកម្មរង​ក្នុង​កីឡា​អាស៊ីហ្គេម​នៅ​ក្វាងចូវ ប្រទេស​ចិន ក្នុង​ឆ្នាំ​ ២០១០​។ ឆ្នាំ​ ២០១៨ លោក​បាន​ទៅ​បំពេញ​វគ្គ​កម្រិត​ទី​ ៣ របស់ IOC នៅ​សហរដ្ឋអាមេរិក​។

ក្រៅពី​សិក្សា និង​អប់រំ​តាម​ប្រព័ន្ធ​អនឡាញ​លោក សុខ អាង នៅតែ​ភ្ជាប់​ខ្លួន​ហ្វឹកហាត់​ក្នុង​វគ្គ​គ្រូបង្វឹក​កីឡា​គុនដាវ​អន្ដរជាតិ​តាំងពី​ឆ្នាំ​​ ២០០៨ ដល់​បច្ចុប្បន្ន​។ ​លោក​ធ្លាប់​បាន​ដឹកនាំ​ក្រុម​កីឡា​គុន​ដាវ និង​បន្ដ​បង្ហាត់ និង​ផ្សព្វផ្សាយ​កីឡា​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហើយ​លោក​ចេះ​ភាសា​អង់គ្លេស និង​ចិន យ៉ាង​ស្ទាត់ជំនាញ​។

លោក អាង បន្ថែម​ថា​៖ «​ក្រោយ​បញ្ចប់​វគ្គ​នេះ គឺ​ទទួល​បាន​សារៈសំខាន់​លើ​ការរៀបចំ​ផែនការ​កីឡា​រយៈពេល​វែង​មាន​ជំនាញ​ក្នុង​ការបញ្ជ្រាប​កីឡា​ជំនាញ​ទៅ​កីឡា​មហាជន​ពី​ថ្នាក់ជាតិ​ដល់​មូលដ្ឋាន ការរៀបចំ និង​ដឹកនាំ​អត្តពលិក ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​នានា ជាពិសេស​វគ្គ​នេះ​បាន​បញ្ចូល​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ទន់​ (Soft Skill) និង​ការធ្វើការ​ជា​ក្រុម​ផង​ដែរ​»​។

លោក​ថា លក្ខណពិសេស​នៃ​វគ្គ​កម្រិត​ទី​ ៤ ​នេះ​គឺ​ត្រូវ​ឆ្លងកាត់​វគ្គ​ដំណាក់កាល​ទី​ ១ ​ដល់​ទី​ ៣ ក្នុង​នោះ​គ្រូបង្វឹក​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ និង​អនុវត្ត​ជាក់ស្ដែង ដែល​មាន​សាស្ដ្រាចារ្យ​មាន​បទពិសោធ​ក្នុង​កីឡា​ជា​អ្នកដឹកនាំ និង​ផ្ដល់យោបល់​។ ការអនុវត្ត​នោះ​នឹង​ធ្វើ​ពី​ ៤ ទៅ​ ៥ ​ខែ​មុន​នឹង​យក​របាយការណ៍​ទៅ​បង្ហាញ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់ IOC៕