ភ្នំពេញ: ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) លោក សៅ សុខា បាន​បង្ហាញ​ពី​ទំនុកចិត្ត​យ៉ាង​មុតមាំ ជុំវិញ​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​២០២៣ ដោយ​លោក​បាន​រំលេច​ចេញ​នៅ​វោហារស័ព្ទ​បែប​ទាក់ទាញ​មួយ​ថា កម្ពុជា​ដឹង​តែ​បាន​លើក​ពាន​ហើយ​។

លោក សៅ សុខា បាន​ថ្លែង​ថា​៖ «​គោលដៅ​របស់​យើង​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ គឺ​ដើម្បី​លើក​ពាន​ព្រោះ​អង្គ​មហាសន្និបាត​បាន​ពិភាក្សា និង​ឯកភាព​គ្នា​ហើយ​ថា កីឡាករ​ដែល​ត្រូវ​ប្រកួត​នៅ​ឆ្នាំ​ ២០២៣ សម្រាប់​បាល់ទាត់​គឺ​អាយុ​ក្រោម​ ២២ ​ឆ្នាំ​អ៊ីចឹង​មាន​ន័យ​ថា កីឡាករ​បណ្តា​ប្រទេស​ផ្សេង​ដែល​មក​ប្រកួត​នឹង​កម្ពុជា​គឺ​មាន​អាយុ​ប្រហែល​គ្នា​ដែល​ត្រូវ​កើត​នៅ​ឆ្នាំ​ ២០០១ ឬ ឆ្នាំ​ ២០០២ ហេតុ​នេះ​បើ​យើង​ចាប់ផ្តើម​អភិវឌ្ឍ​ថ្ងៃ​ហ្នឹង គេ​ក៏​អភិវឌ្ឍ​ក្នុង​ពេល​ដូច​យើង​ដែរ គឺ​មនុស្ស​ដូច​តែ​គ្នា អត់​បញ្ហា​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​បញ្ហា​ពាន​នេះ​ឲ្យ​តែ​យើង​មាន​ការរួម​ទាំងអស់​គ្នា​ទៅ ដឹង​តែ​សង្ឃឹម និង​យក​បាន​ហើយ គឺ​ពាន​មួយ​នេះ​គ្មាន​ទៅ​ណា​រួច​ពី​ដៃ​យើង​ទេ យើង​ត្រូវ​តែ​យកពាន​ហ្នឹង ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​ការដឹកនាំ​ស្រប​ពេល​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ផង​គឺ​រាជរដ្ឋាភិបាល និង​សម្តេចតេជោ​ខិតខំ​ប្រឹងប្រែង​ណាស់ អ៊ីចឹង​យើង​ត្រូវ​តែ​ខិតខំ​ទាំងអស់​គ្នា​ដើម្បី​ជាតិ​យើង​បាន​រុងរឿង​»​។

លោក សៅ សុខា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​នេះ​បន្ទាប់ពី​លោក​បាន​ចូលរួម​ដឹកនាំ​មហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លើក​ទី​ ១៣ ឆ្នាំ​ ២០១៩ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ប៉ុន្តែ​ការឈាន​ទៅ​សម្រេច​គោលដៅ​ឈ្នះ​ពាន​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ​នោះ​ក៏​វា​អាស្រ័យ​ទៅ​លើ​ការរៀបចំ​ឲ្យ​បាន​ទាន់​ពេលវេលា​លើ​ផែនការ​បង្កើត​សាលា​តម្រង់ទិស​បាល់ទាត់​ទាំង​ ២៥ ​ខេត្ត-ក្រុង​ផង​ដែរ​។

អង្គមហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លើក​ទី​ ១៣ បាន​ថត​ជុំ​គ្នា​។ ស្រេង ម៉េងស្រ៊ុន

ជុំវិញ​ការងារ​នេះ​លោក សៅ សុខា បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​គិត​មក​ដល់​ពេល​នេះ​សាលា​តម្រង់ទិស​នៅ​ខេត្ត​ចំនួន​ ៤ យើង​បាន​ធ្វើ​រួចរាល់​ហើយ ឯ​ ៦ ​ទៀត​កំពុង​ដំណើរការ និង ​៥ ​ទៀត​យើង​កំពុង​ចុះកិច្ចសន្យា និង​បំពេញ​នីតិវិធី​ដើម្បី​បង្គ្រប់​ឲ្យ​បាន​ ១៥ ​សាលា ហើយ​នៅ​សល់​ ១០ ​សាលា​ទៀត វា​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន​សាងសង់ ប៉ុន្តែ​គម្រោង​របស់​យើង​គឺ​យើង​ចង់​ធ្វើឲ្យ​ហើយ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ព្រោះ​ពេលវេលា​ពី​ពេលនេះ​ទៅ​ឆ្នាំ​ ២០២៣ នៅ​កៀក​ណាស់ ហេតុនេះ​បើ​ឆ្នាំ​នេះ​យើង​អូសបន្លាយ​ពេលវេលា​គឺ​នៅ​ឆ្នាំ​ ២០២៣ យើង​នឹង​ប្រឈម​បញ្ហា​ច្រើន​ទៅ​លើ​លទ្ធផល​ប្រកួត​របស់​យើង​»​។

បើ​ទោះបី​ជា​សាលា​តម្រង់ទិស​បាល់ទាត់​នៅ​ទូទាំង​ ២៥ ​ខេត្ត-ក្រុង​នៅ​មិនទាន់​បាន​សាងសង់​រួចរាល់ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ FFC បាន​បង្កើត​ឲ្យ​មាន​ក្រុមយុវជន​ទាំង​ក្រុម​អាយុ​ក្រោម​ ១៥ ​ឆ្នាំ និង​ក្រុម​អាយុ​ក្រោម​ ១៧ ​ឆ្នាំ​តំណាង​ឲ្យ​សាលា​តម្រង់ទិស​ទាំង​ ២៥ ​រួច​ហើយ ហើយ​បច្ចុប្បន្ន​ក្រុម​ទាំង​នេះ បាន​និង​កំពុង​ធ្វើការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​ទៅ​តាម​ក្របខ័ណ្ឌ​អាយុ ដើម្បី​ប្រជែង​គ្នា​លើក​ពាន​ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​។

នៅក្នុង​មហាសន្និបាត​កាលពី​ថ្ងៃ​ចន្ទ​នោះ FFC ក៏​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ ២ ​រូប​សម្រាប់​បំពេញ​បន្ថែម​ជំនួស​លោក អ៊ុក សិទ្ធិ​ជាតិ និង​លោក ខៀវ ចិន្តាវ័ន្ត ដែល​បាន​ផុត​អាណត្តិ (​អស់​សុពលភាព​) ត្រឹម​ឆ្នាំ​ ២០១៩ ​នេះ​ផង​ដែរ​។

ជាមួយ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​បំពេញ​បន្ថែម​ ២ ​នាក់​វិញ​នោះ​គឺ​មាន​បេក្ខភាព​ឈរ​ឈ្មោះ​ ៦ ​នាក់​ហើយ​លោក សិទ្ធិជាតិ និង​លោក ចិន្តាវ័ន្ត ដែល​ទើប​អស់​សុពលភាព​ក៏​បាន​ឈរឈ្មោះ​ជាថ្មី​ឲ្យ​តំណាង​ក្លិប​ទាំង​ ៣៧ ជា​សមាជិក​របស់ FFC នៅ​ទូទាំង​ប្រទេស​កម្ពុជា​ធ្វើការ​បោះឆ្នោត​វិញ​ផង​ដែរ​។

ជា​លទ្ធផល​លោក អ៊ុក សិទ្ធិជាតិ និង​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត បាន​ជាប់​នៅក្នុង​ការបោះឆ្នោត​នោះ​ដោយ​លោក សិទ្ធិជាតិ ទទួល​ការគាំទ្រ​ ៣២ ​សំឡេង​ក្នុង​សំឡេង​សរុប ​៣៧ ហើយ​អ្នកស្រី ពុធ ធីតា បាន​ការគាំទ្រ​ ២៩​ សំឡេង​។ ប៉ុន្តែ​លោក ហុក សុចិត្រា អ្នកចាត់ការ​ទូទៅ​ក្លិប​វិសាខា​លោក អៀង សាក់នីដា អគ្គលេខាធិការ​ក្លិប​បាល់ទាត់​សូលទីឡូអង្គរ លោក ខៀវ ចិន្តាវ័ន្ត និង​លោក ចាប សុខម៉េង មិន​ទទួល​បាន​សំឡេងគាំទ្រ​ច្រើន​ទេ​គឺ​ចន្លោះ​ពី​ ៦ ​សំឡេង​ទៅ​សូន្យ​សំឡេង​។

សហព័ន្ធ​បាល់ទាត់​រក​បាន​ចំណូល​ជាង​ ៦ ​លាន​ដុល្លារ​កាល​ឆ្នាំ​ ២០១៨ ​បន្ថែម​លើ​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ក៏​បាន​បង្ហាញ​ពី​របាយការណ៍​ចំណូល និង​ចំណាយ​សម្រាប់​ឆ្នាំ​ ២០១៨ ​កន្លង​មក​ឲ្យ​អង្គ​មហាសន្និបាត​បាន​ដឹង​ផង​ដែរ ហើយ​តាម​របាយការណ៍​នោះ​បង្ហាញ​ថា FFC រកបាន​ចំណូល​សរុប​ចំនួន​ ៦០២៥៤២៨.៤៨ ​ដុល្លារ ប៉ុន្តែ​បាន​ចំណាយ​ទៅ​លើ​សកម្មភាព​ផ្សេងៗ​វិញ​អស់​ចំនួន ៤៤៨៨៣៧០. ៤១ ​ដុល្លារ និង​នៅ​សល់​ថវិកា​សរុប ១៥៣៧០៥៨.០៧ ​ដុល្លារ​គឺ​ច្រើន​ជាង​កាល​ឆ្នាំ​ ២០១៧ ដែល​នៅសល់​ថវិកា ១៤៧៧៣២៧.៨៤ ​ដុល្លារ​។

តាម​របាយការណ៍​ដដែល​នោះ​បង្ហាញ​ថា FFC បាន​ទទួល​ចំណូល​ច្រើន​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ដែល​មាន​ចំនួន ១៧៧២៩៨៥ ​ដុល្លារ​បាន​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ចំនួន​ ៣១៥៨៧៣ ដុល្លារ​បាន​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន​មាន​ចំនួន ១៩៩០៣៣.៩៧ ដុល្លារ បាន​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ជប៉ុន ​២០០០០ ​ដុល្លារ​បាន​ពី​ការឧបត្ថម្ភ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​សកម្មភាព​របស់ ប.ស.ក ចំនួន ៦៨៦៩០០ ​ដុល្លារ​បាន​ពី​ការឧបត្ថម្ភ​រដ្ឋ​ចំនួន​ ២៩៥៤៤៦.៤៥ ​ដុល្លារ​ព្រម​ទាំង​ចំណូល​ពី​សប្បុរសធម៌ និង​ចំណូល​ក្រៅ​ផែនការ​មួយ​ចំនួន​ទៀត​។

ចំពោះ​ការចំណាយ​វិញ FFC បាន​ចំណាយ​ច្រើន​ទៅ​លើ​រដ្ឋបាល ព្រឹត្តិការណ៍ និង​សង្គម​អស់​ ១៣៦០១៤៧.៩៤ ​ដុល្លារ​លើ​ការចូលរួម​ប្រកួត និង​អភិវឌ្ឍន៍​ក្រុម​ជម្រើស​ជាតិ​អស់​ ៩៤៣៩៤៧.៦៥ ដុល្លារ​លើ​ប្រាក់ខែ​បុគ្គលិក និង​គ្រូ អស់​ ៦៧៥០១២.៧១ ​ដុល្លារ និង​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​ថ្នាល និង​យុវជន​អស់​ ៦៦៤៧៩៦.៥៥ ​ដុល្លារ​៕