ភ្នំពេញ៖ វាយ​កូន​បាល់​លើ​តុ ​ជា​ប្រភេទ​កីឡា​មួយ ​ក្នុង​ចំណោម​កីឡា ​១២ ​ប្រ​ភេទ ​ដែល​កម្ពុជា គ្រោង​បញ្ជូន ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន ​រយៈ​ពេល​ ៣ ​ខែ​ មុន​នឹង​​ការ​ប្រកួត​​ស៊ី​ហ្គេម ​នៅ​វៀត​ណាម​ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​ភាព​រអាក់​រអួល ​និង​ខក​ខាន ​ឬ​ពន្យា​រពេល​ ដោយ​បញ្ហា​កូវីដ​ ១៩​ នៅ​តែ​ជា​ក្តី​កង្វល់​ ដែល​លំបាក​នឹង​រំពឹង​​ពី​លទ្ធផល​ថា ​អាច​ដណ្តើម​បាន​ជ័យ​លាភី​ល្អ ​បាន​កម្រិត​​ណា​នោះ​​។

យ៉ាង​ណា​ក៏ដោយ ​បើសិនជា​​គម្រោង​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន អាច​ធ្វើ​ទៅ​​បាន ក្នុង​រយៈ​​​​ពេល​វែង ​ឬ​មធ្យម​នោះ​ លោក​ ស៊ុន​ សុទ្ធារិទ្ធ ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ​មាន​ជំនឿ​ចិត្ត​ថា ​ សមត្ថភាពក្រុម​​អត្តពលិក​វាយ​កូន​ឃ្លី​លើ​តុកម្ពុជា នឹង​អាច​ដណ្តើម​បាន​លទ្ធផល​គួរ​ជា​ទី​រំពឹង ​នៅ​ស៊ីហ្គេម​លើក​៣១ ​​ប្រទេស​វៀត​ណាម ​​ចុង​ឆ្នាំ​ ២០២១ ​នេះ ជា​មិន​ខាន​។

​លោក ​ស៊ុន ​សុទ្ធារិទ្ធ បាន​​ប្រាប់​ថា ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ​ជា​ប្រភេទ​កីឡា​មួយ​ក្នុ​ង​ចំណោម​១២​ប្រភេទ ​ដែល​នឹង​ចេញ​ទៅ​ហ្វឹក​ហាត់​ នៅ​ប្រទេស​ចិន ​រយៈពេល​៣ខែ​ ដើម្បី​ពង្រឹង​សមត្ថភាព​ សម្រាប់​ត្រៀម​ ស៊ីហ្គេម ​លើក​ទី​៣១ ​នៅ​ប្រទេស​វៀត​ណាម​។ ​ជា​មួយ​គ្នា​នេះ ​គ្រូ​បង្វឹក​និង​ធន​ធាន​បច្ចេក​ទេស ​​នៅ​​ចិន ​គឺមាន​​ជំនាញលើ​​កីឡា​ប្រ​ភេទ​នេះ​តែ​ម្តង។​

តាម​គម្រោង​ សហព័ន្ធ​បាន​ត្រៀម​បញ្ជូន​​​ក្រុម​ជម្រើសជាតិ ​៨ នាក់ (ស្រី ​៣ នាក់) ​ទៅ​ហ្វឹក​ហាត់​ ​និង​ចូល​រួម​ប្រកួត​ប្រជែង ​លើ ​៦ ​វិញ្ញាសា​ គឺ​ឯកត្តជន​ វាយគូ ​និង​ប្រកួត​ជា​ក្រុម​ (បុរស-នារី) ដែល​តាម​គម្រោង ​សហព័ន្ធ ​មាន​ផែន​ការ​ពង្រឹង​លើ​វិញ្ញាសាជា​ក្រុម​។​

លោក ស៊ុន សុទ្ធារិទ្ធ អគ្គ​លេខាធិការសហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា។ រូប​ថត សហការី

លោក​ ស៊ុន​ សុទ្ធារិទ្ធ ​បានបញ្ជាក់​ថា៖ ​«​​ការ​ប្រ​កួត ​នៅ​ក្រៅ​ប្រទេស​កន្លង​មក ​យើង​ធ្លាប់​ទទួល​បាន​លទ្ធផល​ល្អ ​គឺ​វិញ្ញាសា​វាយ​គូ ​ឬ​ជា​ក្រុមដូច​ជា​ឆ្នាំ​ ២០០៩​ និង ​២០១៣ ​ជា​ដើម​។ បច្ចុប្បន្ន​ក្រុម​កីឡាករ​កីឡាការិនិ ​កំពុង​បំបែក​ការ​ហ្វឹហាត់​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ ដោយ​គ្រាន់តែ​ត្រួត​ពិនិត្យ​ ការ​ហ្វឹក​ហាត់​​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​យើង​លំបាក ​និង​គិត​ថា ​កម្រិត​បច្ចេកទេស​ធ្លាក់​ចុះ​ជាង​បង្ហាត់​ប្រមូល​ផ្តុំ​ផ្ទាល់​ដៃ»​។

«មាន​តែ​ការ​ហ្វឹកហាត់ ​នៅ​ប្រទេស​ចិន ​នេះ​ទេ ​ដែលធ្វើ​ឱ្យ​យើងមាន​សង្ឃឹម​ខ្ពស់ ព្រោះ​ការ​ហាត់នៅ​ចិន ​អាចនឹង​​បង្កើន​នូវ​បច្ចេកទេស​ កាន់​តែ​ល្អ​ប្រសើរ ​ដោយ​សារ​តែ​ការ​ប្រកួត​ក្នុង​ស្រុក ​គឺ​ក្រុម​ជម្រើស​ជាតិទាំង​នេះ ភាគ​ច្រើន​សុទ្ធ​តែ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​ ១​ មេដាយ​មាស ប្រចាំ​ឆ្នាំ»​។​

​លោកអគ្គលេខាធិការ​រូប​នេះ ​បាន​ប្រាប់​ទៀត​ថា ការ​ប្រកួត​​ស៊ីហ្គេម ​នៅ​វៀតណាម ​ប្រភេទ​កីឡាវាយ​កូនឃ្លី​លើ​តុ​នេះ មាន​វិញ្ញាសា​សរុប​ចំនួន ​៧ ​ក្នុង​នោះ​ផ្នែក​បុរស ​មានវាយ​​ឯកត្តជន,​វាយគូ​ និង​វាយ​ជា​ក្រុម​ ចំណែក​ផ្នែក​នារី មាន​ ៣ ​វិញ្ញាសា​ដែរ ​គឺវាយ​​ឯកត្តជន​ វាយគូ ​និងវាយ​ជា​ក្រុម និង​​ប្រកួត​​ចម្រុះ ១ វិញ្ញាសា​ទៀត ​ហើយ​​តាម​ ផែន​ការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ក៏​ដូច​ជា​ការ​ខិតខំ​ហ្វឹកហាត់​ គឺ​​សហព័ន្ធ​អាច​នឹង​ដាក់​​បាន ​​៦ ​វិញ្ញា​សារ​ ប៉ុន្តែ​ការ​ខក​ខាន ​ឬ​ពន្យារ​ពេល​ ដោយសារ​កូវីដ​ ១៩​ ធ្វើ​ឱ្យ​​យើង​លំបាក ​ព្យាករ ​ឬ​សន្និដ្ឋាន​ពី​លទ្ធផល​ណាស់​។​

បើ​តាម​ផែន​ការ​​របស់ CAMSOC​ ធ្លាប់​បាន​បញ្ជាក់​ថា ​កម្ពុជា បាន​ត្រៀម​បញ្ជូន​កីឡាករ​កីឡាការិនី​ដែល​មាន​សក្តានុពល​ចំនួន ១២​ ប្រភេទ​កីឡា ដោយ​​មាន​អត្តពលិក​ចំនួន​ ១៣៥ នាក់​ចេញ​ទៅ​​ហ្វឹកហាត់​នៅ​ប្រទេស​​ចិន​ ដើម្បី​ត្រៀម​ ស៊ីហ្គេម ​លើក​ទី៣១ ឆ្នាំ​ ២០២១ ​នៅ​ប្រទេស​វៀតណាម​ និង​ឆ្ពោះ​ទៅ​ទទួល​ធ្វើម្ចាស់ផ្ទះ​ស៊ីហ្គេម​ លើក​ទី៣២ ​ឆ្នាំ ​២០២៣​ នៅ​កម្ពុជា៕​​