ភ្នំពេញ៖ ​អត្តពលិក គ្រូ​បង្វឹក ​និង​​ប្រតិភូ​ជា​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ ក្នុង​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ជិត ​១០០ ​នាក់​ ដែល​ទើប​បាន​​ឈ្នះ​​មេដាយ​មាស ​ប្រាក់​ សំរឹទ្ធ​ ពី​ព្រឹត្តិការណ៍​ 18th ​World Police And Fire Games ​នៅ​ខេត្ត​ចឹងតូ ​ប្រទេស ​ចិន នោះ ​ត្រូវ​បាន​លោក​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ផ្តល់​ប្រាក់​រង្វាន់​សរុប​ចំនួន ​៩៩​ ១០០ ​ដុល្លារ ដើម្បី​លើក​ទឹក​ចិត្ត​។

សម្រាប់​ការ​ផ្តល់​ប្រាក់​រង្វាន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ​កាល​ពី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ក្នុង​នោះ លោក ស ខេង ​បាន​ផ្តល់​ជូន​​អត្តពលិក​ឈ្នះ​មេដាយ​​មាស​មួយ​គ្រឿង ​ចំនួន ​២ ០០០ ​ដុល្លារ ​មេដាយ​ប្រាក់​ចំនួន ​១ ​៥០០ ​ដុល្លារ ​និង​មេដាយ​សំរឹទ្ធ​ចំនួន ​១ ០០០ ​ដុល្លារ ហើយ​មាន​​ប្រភេទ​កីឡា​ចំនួន ​១៣​ ដែល​បាន​ឈ្នះ​មេដាយ ​មាន​កីឡា​ទូក​នាគ​បាល់​ឱប​ ​ការ៉ាតេ​ យូដូ​ ជឺជីតស៊ូ​ ចំបាប់ ​និង​ចំបាប់​កាច់​ដៃ​ កីឡា​តេក្វាន់ដូ​ ហែល​ទឹក វាយសី ​​អត្តពលកម្ម​ វាយ​កូន​ឃ្លី​លើតុ​ និង​កីឡា​ទ្រីយ៉ាត្លុង​។

លោក​ ជា​ ប៊ុនហេង ​ប្រធាន​អង្គភាព​កីឡាន​គរបាល​ជាតិ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នៅ​ក្នុង​ព្រឹត្តិការណ៍ 18th World Police and Fire Games នៅ​​ប្រទេស ​ចិន ​នោះ​ ក្រុម​អត្តពលិក​ជា​ប៉ូលិស​​កម្ពុជា ​ដណ្ដើម​បាន​មេដាយ​សរុប ​៤៦ ​គ្រឿង​ ក្នុង​នោះ​មេដាយ​មាស​ ​១៨​ ​ប្រាក់​ ​១៧ ​និង​មេដាយ​សំរឹទ្ធ ​១១ គ្រឿង ​លើ​ប្រភេទ​កីឡា​ចំនួន ​១៣ ​ហើយ​មាន​ចំណាត់​ថ្នាក់​លេខ ​១៣​ ក្នុង​ចំណោម ​៧៩ ​ប្រទេស ​នៅ​លើ​ពិភព​លោក​ដែល​បាន​ប្រព្រឹត្ត​ទៅ​តាំង​ពី​ថ្ងៃ ​៨​ ដល់​ទី ​១៨​ ខែ ​សីហា​ ឆ្នាំ ​២០១៩​។​​

លោក​ឧត្តម​សេនីយ៍​ឯក ​ជា ​ប៊ុន​ហេង​ បាន​បញ្ជាក់​ថា​៖ ​«ដោយ​មើល​ឃើញ​ពី​ភាព​រីក​ចម្រើន ​​និង​សកម្មភាព​លេច​ធ្លោ​ ឈាន​ជា​លំដាប់​របស់​កីឡា​ក្រសួង​មហាផ្ទៃ​ ហើយ​ក្នុង​នាម​សម្តេច​ក្រឡាហោម​ ស​ ខេង​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​ផង​នោះ ​សម្តេច​បាន​ប្រឹងប្រែង​ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ ដល់​អ្នក​ឈ្នះ​មេដាយ​​ពី​ព្រឹត្តិការណ៍​នេះ ហើយ​នេះ​ចាត់​ទុក​ថា ​ជា​ប្រវត្តិសាស្ត្រ​របស់​កីឡា​ប៉ូលិស​កម្ពុជា ​ដែល​មាន​អត្តពលិក​ឆ្នើមៗ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​ល្អ​គួរ​ជា​ទី​មោទនភាព»។

លោក​ ជា ប៊ុនហេង បាន​លម្អិត​ថា​ ​សម្រាប់​រង្វាន់​​ជា​ក្រុម ​ដូច​ជា​អត្តពលិក​ទូក​នាគ ​១២ ​រូប ​ទទួល​បាន ​៩ ​៦០០ ​ដុល្លារ​ បាល់​ឱប​ចំនួន ​១៣ ​នាក់​ ទទួល​​បាន ​៦ ​៥០០ ​ដុល្លារ​ ​ក្រុម​ការ៉ាតេដូ​បុរស​ចំនួន ​៥ ​នាក់​ ​ទទួល​បាន​ ​៤ ​០០០ ​ដុល្លារ​ ​ការ៉ាតេ​ដូ​ផ្នែក​នារី ​៣ ​នាក់​ ​បាន ​១ ​៥០០ ​ដុល្លារ​ ខណៈ​គ្រូ​បង្វឹក​ និង​ប្រតិភូ​ ចំនួន ​២៣ ​នាក់​ ក្នុង​ម្នាក់ៗ​បាន ​៥០០ ​ដុល្លារ​​។​

ចំណែក​លោក ស ខេង បាន​ថ្លែង​ក្នុង​ពិធី​ចែក​រង្វាន់​នោះ​ថា៖ ​«​ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​ការ​ប្រឹងប្រែង​របស់​កីឡាករ​កីឡាការិនី ​គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹកនាំ​កីឡា​ក្រសួង​មហា​ផ្ទៃ​ទាំង​អស់​ ដែល​ប្រឹង​ប្រែង​ប្រជែង​បាន​លទ្ធផល​ល្អ​ ពិសេស​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ នេត​ សាវឿន ​និង​លោក​ឧត្តមសេនីយ៍​ឯក ​ជា ​ប៊ុន​ហេង»​។​

ជាមួយ​គ្នា​នោះ លោក ​ស ​ខេង​ បាន​បន្ត​សង្កត់​ធ្ងន់​ដល់​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ ដើម្បី​ជំរុញ​កីឡា​ ​៣ ​ប្រ​ភេទ​ទៀត ​មាន​បាល់ទាត់​ វាយ​កូន​ហ្គោល​ និង​កីឡា​បាញ់​កាំភ្លើង​ ពិសេស​កីឡា​ដែល​ប្រើប្រាស់​បញ្ញា​ស្មារតី ​ក្នុង​ការ​ប្រកួត​ប្រជែង​។ បន្ថែម​លើ​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​នឹង​ផ្លាស់ប្តូរ អ្នក​គ្រប់គ្រង​កីឡា​បាល់​ទាត់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ពី​លោក​ ជួន​ ណារិន្ទ ​ដើម្បី​ឲ្យ​លោក​នាយ​ឧត្តមសេនីយ៍​ នេត ​សាវឿន ​រៀបចំ​ឡើង​នូវ​​អ្នក​គ្រប់គ្រង​ថ្មី​ឡើង​វិញ​ ​ព្រោះ​កីឡា​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់​​ថ្នាក់​លេខ ​១១ ក្នុង​បណ្តា​ក្រុម​ទាំង ​១៤ នៃ​លីក​កំពូល​កម្ពុជា៕