ភ្នំពេញ៖ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ​ស ​សុខា ​បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡាជាតិ​ ដែល​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ក្រសួង ត្រូវ​បង្កើត​គណនី​ធនាគារ​របស់​សហព័ន្ធ​ផ្ទាល់​ គឺ​មិន​ត្រូវ​បង្កើត​គណនី​ខ្លួន​ឯង​នោះ​ឡើយ​ ហើយ​ការ​ចំណាយ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​ចំ​គោលដៅ​ដែល​បាន​កំណត់។

នៅ​​ក្នុង​​កិច្ច​ប្រជុំ​ ស្តី​ពីវឌ្ឍនភាព​ការងារ​អនុវិស័យ​អប់រំកាយ​ និង​កីឡា នៅ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាល​ពី​ថ្ងៃ​ចន្ទ លោក ស សុខា បាន​ថ្លែង​ថា៖ « មាន​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ​៤២​ ដែល​​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​ក្រសួង​អប់រំ​ ​ដើម្បី​យក​ទៅ​​ជំរុញ​ និង​​ជួយ​អភិវឌ្ឍ​ប្រភេទ​កីឡា​នីមួយៗ ​ដូច្នេះ​សហព័ន្ធ​ត្រូវ​បង្កើត​គណនី​ធនាគារ​របស់​សហព័ន្ធ​ផ្ទាល់​ ព្រោះ​ក្រសួង​មិន​បាន​ឧបត្ថម្ភ​បុគ្គល​ឡើយ​ ហេតុ​នេះ​​បើ​ប្រធាន​សហព័ន្ធ​បង្កើត​គណនី​ធនាគារ​របស់​ខ្លួន​ផ្ទាល់​ គឺ​នាយកដ្ឋាន​មិន​អនុញ្ញាត​ផ្តល់​ជូន​​ទេ»​។

លោក​រដ្ឋលេខាធិការ​បាន​បន្ថែម​ទៀត​ថា ​សហព័ន្ធ​​ទទួល​បាន​ឧបត្ថម្ភ​ហើយ​នៅ​តែ​ពិបាក​ទៀត​គ្រាន់​តែ​បំពេញ​តួនាទី​ ជា​អ្នក​ទទួល​សោះ។ ជាមួយ​គ្នា​នេះ ​ក្រសួង​ក៏​ចង់​ដឹង​ពី​ការ​ចាយ​វាយ​របស់​សហព័ន្ធ​ថា ​ត្រឹមត្រូវ​ទៅ​​តាម​គោលការណ៍​ទាំង​ ​៣ ផ្នែក​ហើយ ​ឬនៅ គឺ​ទី​១ ចំណាយ​លើ​​​វគ្គ​បណ្តុះបណ្តាល​​ទី២ ​លើ​រៀបចំ​ការ​​ប្រកួត​ជើងឯក​ប្រចាំ​ឆ្នាំ​ និង​ទី​៣​ ចំណាយ​ទៅ​លើ​ទំនាក់​ទំនង​រដ្ឋបាល។

លោក ​ស ​សុខា ​ដែល​ជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កីឡា​នោះ ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ហ៊ាន​រិះគន់​ទៅ​លើ​លើ​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់​កណ្តាល​ និង​ថ្នាក់​ក្រោម ដើម្បី​​ឲ្យ​មាន​ការ​កំណែ​ទម្រង់​ជា​វិជ្ជមាន​ ហើយ​​កន្លង​មក ​លោក​ធ្លាប់​ប្រើ​ពាក្យ​គួរ​ឲ្យ​ចងចាំ​មួយ​ថា ថ្នាក់​ដឹកនាំ​នៅ​ក្នុង​សហព័ន្ធ​មួយ មិន​គួរ​មាន​តួនាទី​ជា​ចោរ​ផង និង​ជា​ប៉ូលិស​ផង​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សហព័ន្ធ​នោះ​រលាយ។

ចំណែក លោក ​រស់​ សុវាចា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«នៅ​ក្នុង​សហព័ន្ធ​កីឡា​ជាតិ​ទាំង​ ​៤២ ​ដែល​ទទួល​បាន​ថវិកា​សម្រាប់​ធ្វើ​សកម្មភាព​ ត្រូវ​បាន​ចែក​ជា ​៣ ​​គឺ​សហព័ន្ធ​កីឡាជាតិ​ប្រភេទ​ទី​១ ​មាន​ ​១០ ​ដោយ​ក្នុង​​សហព័ន្ធ​ទទួល​បាន ​១០០ ​លាន​រៀល​ ឯ​​សហព័ន្ធ​ប្រភេទ​ទី​២ ​មាន​ ​៩ ​បាន​ ​៨០ លាន​រៀល ​និង​សហព័ន្ធ​​ប្រភេទ​ទី​៣ ​មាន​ ​២៣​ ដោយ ​១ សហព័ន្ធ​បាន​ ​៦០ ​លាន ​ក្នុង​ ​១ ​ឆ្នាំ​»​​។​

លោក​​​​បន្ត​ថា៖ ​«ការ​ចំណាយ​​នេះ​ សហព័ន្ធ​ជាតិ​នីមួយៗ ត្រូវ​បាន​កំណត់​ឲ្យ​ចំ​គោលដៅ​ចំនួន ​៣ ​ផ្នែក ​គឺ​ទៅ​លើ​វគ្គ​បណ្តុះបណ្តាល​ចំនួន ​៣៥ ​ភាគរយ​ ​ចំណាយ​​​លើ​ការ​ប្រកួត​ចំនួន ​៤៥ ​ភាគរយ​ និង​ចំណាយ​ទៅ​លើ​រដ្ឋបាល​ចំនួន ​២០ ​ភាគរយ​»។ ​តាម​​ការ​ចំណាយ​ប្រ​ចាំ​ឆ្នាំ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន គឺ​​សហព័ន្ធ​ប្រភេទ​ទី​១ ​ចំណាយ​សរុប​​អស់ ​១ ​០០០ ​លាន​រៀល​ ​ប្រភេទ​ទី​២​ ​ចំណាយ​អស់ ​៧២០ ​លាន​រៀល ​និង​សហព័ន្ធ​​ប្រភេទ​ទី​៣​ ​ចំណាយ​សរុប​​អស់ ​១ ៣៨០ ​លាន​រៀល ​ហើយ​បើ​សរុប​ក្នុង ​១ ឆ្នាំ ក្រសួង​អប់រំ​ត្រូវ​ចំណាយ​​អស់​ចំនួន ​៣ ​១០០ ​លាន​រៀល​ឯណោះ​។​

យ៉ាង​ណា​ក៏​ដោយ ​តាម​ការ​សម្ភាស​​ស្រង់​ប្រភព​ព័ត៌មាន​ផ្សេងៗ​បាន​​ឲ្យ​ដឹង​ថា​ សហព័ន្ធ​កីឡាជាតិ​មួយ​ចំនួន​កន្លង​មក​បាន​​ចំណាយ​មិន​ចំ​គោលដៅ ​ដោយ​ការ​ប្រកួត​ជើង​ជាតិ​ប្រចាំ​ឆ្នាំ​ម្តងៗ ​មន្ត្រី​ខ្លះ​មាន​តែ​ឈ្មោះ​បើក​លុយ​ អត់​ឃើញ​បង្ហាញ​​​វត្តមាន​ ​ហើយ​កីឡាករ​ខ្លះ​មាន​តែ​ឈ្មោះ​ តែ​គ្មាន​កីឡាករ​​។ ​បន្ថែម​ពី​លើ​នេះ ​គណៈកម្មការ​មាន​ច្រើន​សំពីង​សំពោង​តែ​​អ្នក​ជំនាញ​កីឡា​ប្រាប់​ថា​ ចំនួន​ប្រកួត ​គឺ​ហួស​តម្រូវ​ការ​ប្រហែល​ ​២ ដង​៕