
លោកស សុខា (ឆ្វេងទី ៣) រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ យឺន ពន្លក
ភ្នំពេញ: លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកផ្នែកកីឡា បញ្ជាក់ថា ទោះជាផែនការមេមានទម្រង់ល្អឥតខ្ចោះយ៉ាងណា ក៏ដោយ ប៉ុន្តែអ្វីដែលទទួលជោគជ័យ និងទទួលលទ្ធផលល្អនោះ គឺការអនុវត្តជាស្តែងផ្ទាល់តែម្តង ហើយកត្តាសំខាន់ដែលជាចំណុចខ្លាំង មិនមែនប្រធានសហព័ន្ធទេ គឺអគ្គលេខាធិការ និងគ្រូបង្វឹកនេះតែម្តង។ នេះបើយោងទៅតាមការថ្លែងរបស់លោកក្នុងកិច្ចប្រជុំពិនិត្យបូកសរុបវាយតម្លៃផែនការមេ និងផែនការអនុវត្តរបស់សហព័ន្ធកីឡាជាតិដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីព្រឹកម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។
ជាមួយគ្នានេះដែរ លោកស សុខា បានផ្តល់គំនិតថ្មី ២ យ៉ាងដើម្បីកែទម្រង់កីឡាឲ្យបានល្អ ពោលគឺត្រូវយកចិត្តទុកដាក់សម្រាប់អត្តពលិកថ្នាល និងគួរមានប្រតិទិនច្បាស់លាស់យ៉ាងហោចណាស់ក៏ ៣ ខែ ក្នុងការមានការប្រជុំធំជាមួយគ្នាម្តង។
លោកស សុខា មានប្រសាសន៍ថា៖ «ដើម្បីឲ្យកីឡាទទួលបានលទ្ធផលល្អនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពិសេសក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី ៣២ ឆ្នាំ ២០២៣ កត្តាសំខាន់គឺបញ្ហាបណ្តុះបណ្តាលកីឡាករ-កីឡាការិនីវ័យក្មេង ដែលយើងហៅថា ថ្នាក់ថ្នាល»។
លោកបានបង្ហើបឲ្យដឹងថា៖ «កីឡាថ្នាលនេះសំខាន់បំផុត ពីព្រោះក្នុង ១ ឆ្នាំក្រសួងចំណាយជាង ១ លានដុល្លារ ហើយបើតាមបច្ចេកទេសត្រូវចំណាយពេលរហូតដល់ ៦ ឆ្នាំទើបអត្តពលិកទាំងនោះបានក្លាយជាកីឡាករ-កីឡាការិនីកម្រិតខ្ពស់ និងជំនាញបាន»។
បន្ថែមលើសពីនោះ លោកស សុខា បានលើកជាគំនិតថា៖ «កីឡាករថ្នាលមិនគប្បីដោះដូរឈ្មោះ ឬដូរមនុស្សទេ ពីព្រោះអត្តពលិកថ្នាលគឺយើងសម្រិតសម្រាំងទាំងកម្លាំង ទាំងបច្ចេកទេស និងថែទាំទាំងសុខភាព និងរបបអាហារ ក៏ដូចជាត្រូវប្រមូលផ្តុំគ្រប់គ្រងហ្វឹកហាត់ជាក្រុមជម្រើសជាតិ ក្រោមការគ្រប់គ្រងរបស់គ្រូជំនាញនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសមាសភាពអត្តពលិកទាំងនោះគឺមិនត្រូវផ្លាស់ប្តូរដោយបញ្ហាណាមួយច្រើនពេកនោះទេ»។
លោកបានប្រាប់បន្តថា៖ «ចំណុចទី ២ ដើម្បីឲ្យការអនុវត្តការដឹកនាំគ្រប់គ្រងកីឡាកាន់តែមានសមិទ្ធផលខ្ពស់នោះដៃគូសហការចំនួន ៣ គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ គប្បីប្រជុំពិភាក្សាជាមួយគ្នាជាប្រចាំ យ៉ាងហោចណាស់រយៈពេល ៣ ខែម្តងដែរ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ឬអ្វីដែលត្រូវខ្វះខាតត្រូវបំពេញបន្ថែម»។
ប៉ុន្តែ លោកស សុខា បានអះអាងថា ផែនការមេ និងផែនការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេមរបស់រាជរដ្ឋាភិបាល និងស្ថាប័នធំទាំង ២ គឺក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានអ្នកជំនាញកីឡាផងនោះគឺលោកសូមឯកភាពទាំងស្រុង ប៉ុន្តែបានស្នើសុំឲ្យការអនុវត្តឲ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ ពិសេសអគ្គលេខាធិការសហព័ន្ធជាតិនីមួយៗ ដែលជា ឆ្អឹងខ្នងយ៉ាងរឹងមាំ៕