ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​នៅ​តាម​បណ្តា​ខេត្ត​នីមួយៗ​ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ការប្រកាន់​បក្ខពួកនិយម​ក្នុង​ការជ្រើសរើស​អត្តពលិក​ឲ្យ​ឡើង​មក​ប្រកួត​ថ្នាក់ជាតិ​ក៏​ដូចជា​ជ្រើសរើស​ក្រុម​យុវជន​ថ្នាល​ជម្រើសជាតិ​។

លោក ស សុខា បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សំណូមពរ​ឲ្យ​ប្រធាន​មន្ទីរអប់រំ​ទាំងអស់​យក​ចិត្ត​ទុកដាក់ ហើយ​ធ្វើ​ម៉េច​បើក​ឲ្យ​បាន​ទូលំទូលាយ​ក្នុង​ការជ្រើសរើស​កីឡាករ​ថ្នាល​ជម្រើសជាតិ ឬ​ត្រៀម​ជា​ក្រុម​ថ្នាល​គឺ​យើង​មិន​អាច​យក​តែ​បងប្អូន ឬ​មិត្តភក្តិ ឬ​កូនចៅ​មក​ហាត់​ដើម្បី​ផ្តល់​ឱកាស​ទេ គឺ​យើង​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ជា​រួម​»​។

ការលើក​ឡើង​របស់​លោក ស សុខា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​អនុវិស័យ​អប់រំ​កាយ និង​កីឡា​ឆ្នាំ​ ២០១៧-២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​ការលើក​ឡើង​បែប​នេះ​ក៏​ព្រោះ​តែ​លោក​ធ្លាប់​បាន​ជួប​ប្រទះ​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការជ្រើសរើស​អត្តពលិក​មាន​ទេពកោសល្យ​ខ្ពស់​តំណាង​ឲ្យ​ខេត្ត​ឡើង​មក​ប្រកួត​ថ្នាក់ជាតិ ឬ​ចូលរួម​ការប្រកួត​សិស្ស​ថ្នាក់​តំបន់​ដែល​ធ្វើឲ្យ​អត្តពលិក​ល្អៗ​មួយ​ចំនួន​បាន​បាត់​ឱកាស​ក្នុង​ការប្រជែង​យក​ឱកាស​ចូល​ក្រុម​ជម្រើសជាតិ ឬ​ក្រុម​ថ្នាល​ជម្រើស​ជាតិ​។

នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​អនុវិស័យ​អប់រំ​កាយ និង​កីឡា​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ ២ ហើយ​មាន​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ផ្នែក​អប់រំ​កាយ និង​ផ្នែក​កីឡា​នោះ​លោក ស សុខា ក៏​ជំរុញ​ឲ្យ​មាន​ការរួម​គ្នា ដើម្បី​ពង្រឹង​គុណភាព​កីឡា​កម្ពុជា ដើម្បី​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​។

លោក ស សុខា បាន​ថ្លែង​ថា​៖ «​ចំពោះ​ខ្ញុំ​ផ្ទាល់​នៅ​មិន​ទាន់​ពេញចិត្ត​នៅ​ឡើយ​ទេ​ចំពោះ​លទ្ធផល​ការប្រកួត​កីឡា​ដែល​យើង​ទទួល​បាន​នៅ​លើ​ឆាក​អន្តរជាតិ​កន្លង​មក​ព្រោះ​មក​ដល់​ម៉ោង​នេះ យើង​លើ​តែ​ប្រ៊ុយណេ និង​លើ​ឡាវ បន្តិចបន្តួច ហើយ​បើ​យើង​មិន​ខំប្រឹង គេ​អាច​នឹង​ស្មើ​យើង​ដែរ​។ ចំណែក​ប្រទេស​នៅ​លើ​យើង​ក្នុង​តំបន់​អាស៊ាន​មាន​ថៃ វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ជាដើម​»​។

លោក​បញ្ជាក់​ថា​៖ «​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ខាង​មុខ បើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​ចម្រាញ់​រក​ធនធាន​មនុស្ស​ដែល​គាត់​ចេះដឹង ឬ​មាន​សមត្ថភាព​ពិតប្រាកដ​ទេ​គឺ​យើង​ខំប្រឹង​ប៉ុនណា​ក៏​ទៅ​មិន​រួច​ដែរ អ៊ីចឹង​ការទទួល​បាន​នូវ​មេដាយ​នេះ​ខ្ញុំ​បាទ​ក៏​ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​មាន​វិធានការ​បន្ថែម​ក្នុង​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ថ្នាល​ដើម្បី​ឲ្យ​ចូលមក​រួមរស់​ជាមួយ​គ្នា​អាច​រយៈពេល​ ១ ឬ​ ២ ​ឆ្នាំ​មុន​ពេល​ស៊ីហ្គេម ឆ្នាំ​ ២០២៣ មក​ដល់​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​អប់រំ​ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​សំខាន់ៗ​ចំនួន​​ ៦ ​ចំណុច​ដើម្បី​ឲ្យ​មន្ទីរអប់រំ និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​អនុវត្ត​ផង​ដែរ​ ទី​១ ​មន្ទីរ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ឲ្យ​បាន​ច្បាស់លាស់ ហើយ​មិន​អាច​ចម្លង​តាម​គ្នា ទី​២ ត្រូវ​សហការ​ជាមួយ​សហព័ន្ធ​ជាតិ​ដើម្បី​ចុះ​បណ្ដុះបណ្ដាល​ពី​ច្បាប់ និង​ជំនាញ​កីឡា ទី​៣ ត្រូវ​មាន​ការយកចិត្ត​ទុកដាក់ និង​តាមដាន​ចំពោះ​វត្តមាន​គ្រូ វត្តមាន​សិស្ស និង​ការអនុវត្ត​ម៉ោង​កីឡា​តាម​សាលា​ឲ្យ​បាន​ជាប់លាប់ និង​ជាក់លាក់​។

ចំណែក​ទី​៤ ធ្វើ​របាយការណ៍​ជូន​ក្រសួង​ឲ្យ​បាន​ទៀងទាត់​ដើម្បី​តាមដាន​ការអនុវត្ត វាយតម្លៃ និង​ដាក់​ទិសដៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ទី​៥ រៀបចំ​ការប្រកួត​ថ្នាក់ជាតិ​ឲ្យ​មាន​ពេល​វែង និង​មាន​កីឡា​គ្រប់​ប្រភេទ ដើម្បី​ពង្រឹងពង្រីក​សមត្ថភាព និង​គុណភាព​អត្តពលិក​ត្រៀម​ធ្វើ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ហើយ​ទី​៦ ត្រូវ​រួម​គ្នា​ជា​ពហុវិស័យ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ទាំង​ថ្នាក់​ខេត្ត ជាតិ និង​អន្តរជាតិ​៕