ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានហាមប្រាមទៅដល់អត្តពលិកដែលឈ្នះបានមេដាយមាសកុំឲ្យ «ជិះសេះលែងដៃ» និងយកជំងឺតារាមកដាក់ខ្លួន ដែលនឹងធ្វើឲ្យពួកគេមានគុណភាព និងសមត្ថភាពធ្លាក់ចុះ ហើយឈានទៅរកការទទួលបានបរាជ័យនាពេលខាងមុខ។
ការលើកឡើងរបស់លោក ស សុខា គឺសំដៅទៅលើក្រុមវ៉ូវីណាម និងគុនដាវ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតកម្រិតជើងឯកអាស៊ីអាគ្នេយ៍នៅលើឆាកអន្តរជាតិ ហើយទើបទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅមុនការប្រគល់ប្រាក់រង្វាន់នោះលោក ស សុខា បានថ្លែងទៅកាន់គ្រូបង្វឹក និងអត្តពលិកដណ្តើមបានមេដាយថា៖ «ជាធម្មតា កីឡា បើយើងមិនហ្វឹកហាត់ឲ្យបានពេញលេញគឺពេលឡើងប្រកួតក៏យើងមានលក្ខណៈមិនស្មើជាមួយគេដែរ អ៊ីចឹងក្នុងន័យនេះចំពោះបងៗជាកីឡាករទាំងប្រភេទកីឡាវ៉ូវីណាម និងគុនដាវដែលបានឈ្នះមេដាយមាស គឺហាមជិះសេះលែងដៃ ព្រោះជាទូទៅគ្នាយើងមួយចំនួនឲ្យតែមានជំងឺតារាចូលខ្លួន លែងសូវប្រុងប្រយ័ត្ន និងខំប្រឹងហ្វឹកហាត់ហើយ»។
លោកបានបន្ថែមថា៖ «ការលែងដៃនេះហើយគឺជាសត្រូវរបស់ខ្លួនឯង ដែលធ្វើឲ្យយើងទទួលបានបរាជ័យនៅពេលខាងមុខ ព្រោះជាបទពិសោធ ខ្ញុំគិតថា គេច្បាស់ជាដាក់គោលដៅមករកយើងជាអ្នកឈ្នះបានមេដាយមាសក្នុងការប្រកួតប្រជែងយកមេដាយមាសនេះ ហេតុនេះអ្នកធ្លាប់បានឈ្នះមេដាយមាសត្រូវខំប្រឹងហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង ដើម្បីរក្សាជ័យជម្នះរបស់យើង»។
តាមរបាយការណ៍របស់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលដែលបាននាំយកមកប្រគល់ជូនម្ចាស់មេដាយកីឡា វ៉ូវីណាម និងគុនដាវ កាលពីម្សិលមិញនោះ មាន ៤៧៥ ៣០០ ០០០ រៀល។
ជាមួយនឹងទឹកប្រាក់រង្វាន់នេះគឺក្រុមកីឡាវ៉ូវីណាម ដែលឈ្នះបានមេដាយមាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ១៤ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី ៥ ឆ្នាំ ២០១៨ នៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៧ ដល់ទី ១២ ខែសីហា កន្លងមកនេះបានទទួលប្រាក់រង្វាន់សរុបចំនួន ៤៤៧ ៣០០ ០០០ រៀល។
ចំណែកក្រុមកីឡាការិនីគុនដាវដែលបានឈ្នះមេដាយសំរឹទ្ធជាក្រុមនៅក្នុងការប្រកួតកីឡាគុនដាវជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៨ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលាកន្លងមកនេះបានទទួលប្រាក់រង្វាន់ចំនួន ២៨ ០០០- ០០០ រៀល៕