ភ្នំពេញ៖ អតីតអ្នកប្រដាល់សកល ហ៊ិន សៃហេង ដែលបច្ចុប្បន្នមានមុខរបរជាចៅក្រមអាជ្ញាកណ្តាល ព្រមទាំងជារត់ម៉ូតូកង់បី និងជាមន្ត្រីនគរបាលផងនោះ នៅតែចិញ្ចឹមចិត្តផ្សារភ្ជាប់ជាមួយសកម្មភាពប្រដាល់ និងចង់ប្រជែងធ្វើជាគ្រូបង្វឹកជម្រើសជាតិផ្នែកប្រដាល់សកល ខណៈលោកមានបទពិសោធជាកីឡាករជម្រើសជាតិអស់រយៈពេល ១០ ឆ្នាំ ដោយទទួលបានមេដាយសំរឹទ្ធចំនួន ៣ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមជូនជាតិ។
បំណងប្រាថ្នារបស់អតីតអ្នកប្រដាល់សកល ហ៊ិន សៃហេង ក្រោយពេលដែលឆ្លងផុតចេញពីជីវភាពកីឡាករនោះ បច្ចុប្បន្ននៅតែមានឆន្ទៈចង់ប្រជែងយកតំណែងគ្រូបង្គោល ឬគ្រូជំនួយប្រដាល់សកល ប៉ុន្តែឱកាសនៅសល់តូចចង្អៀត ស្របពេលដែលលក្ខខណ្ឌនៃការជ្រើសរើសត្រូវបាន ហ៊ិន សៃហេង អះអាងថា ធ្លាប់ចូលប្រកួតប្រជែងតាមរយៈការបោះឆ្នោតជាប់ ប៉ុន្តែមិនដឹងជានៅខ្វះចំណុចត្រង់ណា ទើបលោកមិនដែលទទួលបានឱកាសជាគ្រូជម្រើសជាតិ ម្តងណាសោះឡើយ។
លោក ហ៊ិន សៃហេង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំជាប់ជម្រើសជាតិ តាំងពីមានប្រាក់ខែ ១២ ម៉ឺនរៀល និង ១៥ ម៉ឺនរៀល ក្នុងលក្ខណៈតស៊ូលំបាកបំផុត មិនមែនបានច្រើនដូចសព្វថ្ងៃនេះទេ ហើយខ្ញុំធ្លាប់ចេញប្រកួតលើឆាកអន្តរជាតិជាច្រើន រួមទាំង អឺរ៉ុប និងអាស៊ីផងដែរ។ ជាមួយគ្នានេះ ខ្ញុំបានឈ្នះមេដាយសំរឹទ្ធ ៣ ពីស៊ីហ្គេម លើកទី ២២ នៅវៀតណាម ឆ្នាំ ២០០៣ ស៊ីហ្គេម លើកទី ២៣ នៅហ្វីលីពីន ឆ្នាំ ២០០៥ និងស៊ីហ្គេម លើកទី ២៥ នៅឡាវ ក្នុងឆ្នាំ ២០០៩»។
ហ៊ិន សៃហេង បានបន្តថា៖ «បច្ចុប្បន្ន ខ្ញុំជាកូនកំព្រា មានប្រពន្ធ និងមានកូន ៣ នាក់ក្នុងបន្ទុក ដោយទទួលបានក្របខ័ណ្ឌជានគរបាលជាតិ។ ទោះបីជាខ្ញុំនៅតែមានមហិច្ឆតាចង់ក្លាយជាគ្រូបង្វឹកម្នាក់ ប៉ុន្តែខ្ញុំមិនដឹងថា ធ្វើដូចម្តេចបានជាប់ បើលក្ខខណ្ឌនៃការចូលវាស្ថិតនៅក្នុងការប្រជែង ដែលមានលក្ខណៈមិនច្បាស់លាស់ រីឯការប្រជុំជ្រើសរើសមិនទាន់ដឹងថា ផ្អែកទៅលើអ្វីនោះទេ»។
អតីតអ្នកប្រដាល់ដែលជាប់ជាជម្រើសជាតិតាំងពីឆ្នាំ ១៩៩៨ លោក ហ៊ិន សៃហេង បានរំឭក និងបញ្ជាក់ថា៖ «កន្លងមក ខ្ញុំធ្លាប់ចូលរួមការជ្រើសរើសដែរ ហើយតាមរយៈការឈរឈ្មោះបោះឆ្នោតក្នុងបេក្ខជន ១០ នាក់នោះ ខ្ញុំបានជាប់សំឡេងច្រើនជាងគេ ប៉ុន្តែលទ្ធផលនៅតែមិនអាចប្រជែងជាមួយគេបានឡើយ»។
បន្ថែមលើការខកចិត្តនោះ ការចិញ្ចឹមចិត្តប្រជែងធ្វើជាគ្រូជម្រើសជាតិ របស់លោក ហ៊ិន សៃហេង ត្រូវបានរលាយបាត់ ១ ឆ្នាំទៀតហើយ ព្រោះលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់កាលពីថ្ងៃអង្គារថា គ្រូបង្វឹកក្រុមធំជម្រើសជាតិសកលកម្ពុជា ឆ្នាំ ២០២០ នេះ បានជ្រើសរើសរួចហើយ ដោយលោក វ៉ែន សុផល និងគ្រូគុយបា លោក Rolando Castellno នៅតែជាប់ជាគ្រូបង្គោល និងគ្រូជំនួយ ចំណែកក្រុមថ្នាលវិញ មានលោក ជ័យ ដារ៉ា ជាគ្រូបង្គោល និងលោក ឡុង សាលីន ជាគ្រូជំនួយ។
គួរបញ្ជាក់ថា លោក ហ៊ិន សៃហេង មានស្រុកកំណើតនៅភូមិតាអេង ឃុំកំពង់បាយ ស្រុកកំពង់បាយ ខេត្តកំពត ហើយបច្ចុប្បន្ន លោករស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយ ហ៊ិន សៃហេង បានបញ្ចប់អាជីពជាកីឡាករ ក្រោយចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ ២០១១ នៅឥណ្ឌូនេស៊ី ដោយមកធ្វើត្រឹមជាអាជ្ញាកណ្តាល ចៅក្រម នៅតាមសង្វៀននានារហូតមកដល់ពេលនេះ៕