
ការប្រកួតកីឡាកងទ័ព ឆ្នាំ ២០២០ ដែលធ្វើនៅសាលានាយទាហានសកម្ម កាលពីថ្ងៃអង្គារ។ រូប សហការី
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានចាត់ទុក ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២០ (កីឡា កងទ័ព) នៅសាលានាយទាហានសកម្មថា ជាការប្រកួតដែលគ្មានអ្នកចាញ់។
ថ្លែងនៅក្នុងពិធីបិទការប្រកួត កាលពីថ្ងៃអង្គារ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ពិតណាស់ នៅក្នុងការប្រកួតនេះ មានក្រុមដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ និងក្រុមចំណាត់ថ្នាក់ទាប ប៉ុន្តែជាស្មារតីរួម គ្មានអ្នកចាញ់ទេ គឺយើងឈ្នះទាំងអស់គ្នា ព្រោះបេសកកម្ម ដែលជាគោលដៅសំខាន់របស់យើង នៅពេលនេះ គឺការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទ មួយឲ្យបានរលូន ត្រឹមត្រូវ យុត្តិធម៌ និងរក្សាបានសាមគ្គីភាពទាំងអស់គ្នា»។
កូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះបានបន្តថា៖ «បន្ទាប់ពីការប្រកួតបានបញ្ចប់ មានន័យថា បេសកកម្មរបស់ក្រុមនីមួយៗ ក៏បានបញ្ចប់ គឺចប់ដោយជោគជ័យ ចប់ដោយការខិតខំប្រឹងប្រែង។ ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការប្រកួតក៏បានបញ្ចប់ការងាររបស់ខ្លួន ដោយសុក្រឹតផងដែរ ហើយទាំងនេះ គឺជាជោគជ័យធំ នៅក្នុងថ្ងៃនេះ គឺយើងអាចបញ្ចប់បេសកកម្ម នៅក្នុងការប្រកួត ដោយទទួលបានជោគជ័យទាំងអស់គ្នា ដើម្បីចូលរួមអបអរសាទរខួបអនុស្សារីយ៍ លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា»។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតកីឡាកងទ័ពលើកនេះ មិនបានបើកឲ្យក្រុមមហាជន និងក្រុមអត្តពលិកមកពីសហព័ន្ធជាតិ ចូលរួមប្រកួតប្រជែងជាមួយក្រុមកងទ័ព ដូចការប្រកួតកាលពីឆ្នាំមុននោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះនៅតែបញ្ចប់ដោយជោគជ័យ និងមានអ្នកទស្សនាច្រើនកុះករ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ចំណែកការប្រកួតកីឡាកងយោធពលខេមរភូមិន្ទកន្លងមក ដែលមានការចូលរួមរបស់មហាជននោះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ លើការជំរុញការប្រាស្រ័យទាក់ទងរវាងកងទ័ព និងមហាជន និងបានលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីតម្លៃ និងកិត្តិយសនៃវិជ្ជាជីវៈជាយោធិន»។
ទាក់ទងទៅនឹងការប្រកួតនេះ លោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការប្រកួតកីឡាកងទ័ព ឆ្នាំ ២០២០ មាន ១០ អង្គភាពយោធិន និង ១ អង្គភាព របស់ក្រសួងបរិស្ថាន ដែលជាមន្រ្តីឧទ្យានុរក្សបានចូលរួម ដោយក្នុងនោះ យើងបានរៀបចំចេញជា ១៥ ក្រុម (នារី ២ ក្រុម) ហើយក្រុមទាំង ១៥ នេះ ត្រូវបានចែកការប្រកួតជា ៣ ប្រភេទ។
ប្រភេទ ១ គឺរត់កាត់ឧបសគ្គវង់តូច ឯការឆ្លងឧបសគ្គមួយៗ ត្រូវគាំទ្រគ្នា ប្រភេទទី ២ ចោលគ្រាប់បែកដៃហ្វឹកហាត់ ម្នាក់ ៥ គ្រាប់ ចម្ងាយ ២៥ ម៉ែត្រ ប្រភេទទី ៣ សែងប្រង់កា ដែលមានទម្ងន់ ២៥ គីឡូក្រាម រត់ចម្ងាយ ២ គ.ម ដោយក្នុងនោះ ១ ក្រុមមានគ្នា ១០ នាក់ អ្នកដឹកនាំបញ្ជា ១ នាក់ និងបម្រុង ២ នាក់ ហើយគ្រប់ក្រុម ត្រូវមានឯកសណ្ឋានប្រយុទ្ធ សាក់កាដូទម្ងន់ ៣ គីឡូក្រាមមួកដែក អាវុធ AK47 ដូចគ្នា។
ចំពោះលទ្ធផលការប្រកួត នេះលោក ប៊ុត សុភាព បានលម្អិតថា សម្រាប់ការប្រកួតប្រភេទ ១ ដែលមាន ១០ ក្រុមចូលរួមនោះ លេខ ១ ក្រុមកងពលតូច ៩១១ លេខ ២ បញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម លេខ ៣ វិទ្យាស្ថានទ័ពជើងគោក ហើយប្រភេទ ២ ដែលមានត្រឹម ៣ ក្រុមនោះ គឺលេខ ១ ក្រុមកងពលតូច ៩១១ និងលេខ ២ ក្រុមយោធភូមិភាគទី ៥ ចំណែកការប្រកួតប្រភេទ ២ ផ្នែកនារី ដែលមានតែ ២ ក្រុមនោះ គឺក្រុមសាលានាយទាហានសកម្ម ទទួលបានចំណាត់ថ្នាក់លេខ ១៕