ភ្នំពេញ៖ ​លោក​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​​ជំរុញ​ឲ្យ​​ថ្នាក់​ដឹកនាំ​គ្រូ​បង្វឹក និង​ក្រុម​អត្តពលិក​ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត រួបរួម​គ្នា​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ការ៉ាតេ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន និង​មាន​គុណភាព ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ គឺ​ការ​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក អូន ព័ន្ធមុនីរ័ត្ន ​បាន​ថ្លែង​ថា៖ ​«ក្នុង​អាណត្តិ​ទី ​៨ កន្លង​មក​នេះ យើង​បាន​ធ្វើ​ការ​កែ​ទម្រង់​ការងារ​ផ្ទៃ​ក្នុង និង​ការងារ​បច្ចេកទេស​ចាំបាច់​មួយ​ចំនួន ដោយ​រលូន និងប្រកប​ដោយ​ប្រសិទ្ធភាព។ ហេតុ​នេះ​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា បន្ត​រួប​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​ការ៉ាតេ កាន់​តែ​មាន​ការ​រីក​ចម្រើន​មាន​សម្ទះ និង​មាន​ភាព​រឹងមាំ ហើយ​ជួយ​ឲ្យ​យើង​ អាច​នាំ​មក​បាន​នូវ​កិត្តិយស​ជូន​ប្រទេស​ជាតិ​យើង នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ ​២០២៣»។

ការ​លើក​ឡើង​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រូប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី ​៨ របស់​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា (NOCC) កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​ក៏​ជា​ពេល​ដែល​អង្គ​មហាសន្និបាត បាន​បោះ​ឆ្នោត​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ដោយ​សំឡេង​គាំទ្រ ​១០០ ​ភាគរយ​ផង​ដែរ។​

ចំណែក​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ត្រូវ​បាន​អង្គ​មហាសន្និបាត​បោះ​​ឆ្នោត​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន លោក ជូ វិជិត្ត ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍ ហើយ​លោក សុក ស៊ីផាន់ណា លោក សាមឺឌី ស៊ីវឌ្ឍនា លោក ហាវ រតនៈ និង​លោក សាយ ណូរ៉ា ជា​អនុប្រធាន។

លោក អូន ព័ន្ធមុនីរ័ត្ន ​ពេល​ថ្លែង​នៅ​ក្នុងមហាសន្និបាត​សហព័ន្ធ​កីឡាការ៉ាតេ។ រូប ណន

ចំពោះ​លោក វ៉ាត់ ចំរើន បន្ត​ធ្វើ​ជា​អគ្គ​លេខាធិការ​ដដែល ហើយ​អគ្គលេខាធិការរង​មាន​លោក ណុប វណ្ណថារ៉ូ លោក ម៉ិញ បានកុសល លោក អ៊ិច សុខមនី និង​លោក ដែក ភារៈ ខណៈ​លោក កែវ បេងវឌ្ឍន៍ ជាអគ្គហេរញ្ញិក លោក អ៊ឹម សិទ្ធីរ៉ា លោក ជាប ដាវុធ លោក ប៊ូ វង្សសុខា និង​លោក រ័ត្ន មុនី ជា​អគ្គហេរញ្ញិក​រង រី​ឯ​លោក យាន ងួន លោក ម៉ៅ ម៉ុន កញ្ញា ជា ថាវី និង​លោក ប៉ែន រតនា ជា​សមាជិក។

បន្ថែម​ទៅ​លើ​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំង ​២១ ​រូប ក្នុង​អាណត្ត​ទី ​៩ ឆ្នាំ​ ​២០២០ ដល់​ឆ្នាំ ​២០២៤ ​នេះ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា បាន​តែងតាំង​ព្រឹទ្ធាចារ្យ​ការ៉ាតេ​មួយ​ចំនួន​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​ឧត្តម​ការ៉ាតេចារ្យ​របស់​សហព័ន្ធ ហើយ​ក៏​បាន​ផ្តល់​វិញ្ញាបនបត្រ​ដល់​ព្រឹទ្ធាចារ្យ និង​គ្រូ​បង្វឹក​មួយ​ចំនួន​ធំ ដែល​​បាន​ទទួល​​កម្រិត​ដាន់ និង​ខ្សែ​ក្រវាត់​ខ្មៅ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ថោង ខុន និង​ជា​ប្រធាន NOCC បាន​ចាត់​ទុក​ការ​បង្កើត​បាន​​មហា​គ្រួសារ​កីឡា​​​​ការ៉ាតេ​ដ៏​​​រឹងមាំ ក្នុង​អាណត្តិ​ទី ​៩ នេះ ថា​ជា​​អាណត្តិ​ដ៏​សំខាន់ និង​ជា​អាណត្តិ​យុទ្ធសាស្រ្ត​សម្រាប់​កីឡា​ការ៉ាតេ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ដើម្បី​ពង្រឹង និង​សម្រួច​គុណភាព​កាន់​តែ​ប្រសើរ ឡើង​ថែម​ទៀត​ក្នុង​ការ​ឈាន​ទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣។​

យ៉ាង​ណា​ក៏​ដោយ លោក​អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ត្រូវ​ខំ​ប្រឹង​បន្ថែម​ទៀត ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​កីឡា​ការ៉ាតេ​។ លោក​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឯកឧត្តម លោក និង​លោកស្រី​ទាំង​អស់ ដែល​ទើប​បាន​ការ​តែងតាំង និង​ទទួល​ភារកិច្ច​ថ្មី​ខិតខំ​ចូល​រួម​ចំណែក​ពង្រឹង និង​អភិវឌ្ឍ​វិស័យ​កីឡា​ការ៉ាតេ នៅ​កម្ពុជា​ឲ្យ​កាន់​តែ​​ខ្លាំង​ក្លា​ថែម​ទៀត»។

លោក​​បន្ថែម​ថា៖ ​«ចំពោះ​ផែនការ​យុទ្ធសាស្រ្ត យើង​ត្រូវ​អនុវត្ត​ឲ្យ​បាន​សកម្ម​ជាង​មុន ដោយ​ត្រូវ​ពុះពារ​លុប​បំបាត់​គ្រប់​ឧបសគ្គ​រារាំង​ការ​អភិវឌ្ឍ​ជំនាញ​ការ៉ាតេ និង​ជំរុញ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច ទើប​យើង​អាច​ស្វែងរក​សក្តានុពលភាព និង​ឧត្តមភាព​កីឡា​ការ៉ាតេ​បាន ព្រោះ​ស៊ីហ្គេម នៅ​កម្ពុជា នៅ​សល់​ពេល​វេលា​ត្រឹម​តែ ៣ ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ។ ហេតុ​នេះ​យើង​​ត្រូវ​ជំរុញ​ការ​ហ្វឹកហាត់​ឲ្យ​ទាន់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់»៕