ក្រុង​ស៊ាងហៃ៖ គ្រូ​បង្វឹក​លោក​ Jordi Cruyff បាន​ចាកចេញ​ពី​ក្លិប​ចិន​ Chongqing Lifan ក្រោយ​ពី​មិន​ទទួល​បាន​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​រដូវកាល​ក្រោយ​។​

គ្រូ​បង្វឹក​វ័យ ​៤៥ ​ឆ្នាំ​រូប​នេះ ​បាន​ដឹកនាំ​បាន​រយៈពេល ​១៦ ​ខែ ​នៅ​ក្លិប​ដែល​លេង​នៅ​លីក​កំពូល​ចិន​មួយ​នេះ​ ​ដោយ​ជួយ​ឲ្យ​ពួក​គេ​ឡើង​ផុត​ពី​តំបន់​បាត​តារាង​កាល​ពី​ឆ្នាំ​មុន​ឡើង​ដល់​ចំណាត់​ថ្នាក់​ទី ​១០ ​​នៅ​រដូវកាល​នេះ​។​ ​​

លោក Jordi ជា​អតីត​គ្រូ​បង្វឹក​នៅ​ក្លិប Maccabi Tel Aviv នៅ​ប្រទេស ​អ៊ីស្រាអែល ​នោះ​ បាន​និយាយ​ក្នុង​របាយការណ៍​សំដៅ​ទៅ​រក​ក្រុម​អ្នក​គាំទ្រ​​ថា​៖ ​«​​ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​របស់​ពួក​គេ​ទាំង​នេះ​ទេ​ វា​នឹង​មិន​អាច​សម្រេច​​បាន​គោលដៅ​ដែល​យើង​បាន​កំណត់​នោះ​ទេ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា៖ «​ខណៈ​ខ្ញុំ​នឹង​បញ្ចប់​កុងត្រា​នៅ​ក្លិប Chongqing នេះ ខ្ញុំ​សូម​អរគុណ​​អ្នក​គាំទ្រ​ក្លិប​នេះ ​ចំពោះ​ការ​បង្ហាញ​អារម្មណ៍​អាណិត​ស្រឡាញ់​​ចំពោះ​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​បំផុត​ទោះ​ជា​មាន​របាំង​ភាសា​យ៉ាង​ណា​ក៏​ដោយ​»៕ AFP/SN