The Phnom Penh Post Search

Search form

លោក Mancini ត្រូវបាន​ផ្តល់​ការងារ​ឲ្យ​សង្គ្រោះ​ក្រុម​អ៊ីតាលី

Content image - Phnom Penh Post
លោក Roberto Mancini គ្រូបង្វឹក​ថ្មី​របស់​ក្រុមអីុតាលី។ AFP

លោក Mancini ត្រូវបាន​ផ្តល់​ការងារ​ឲ្យ​សង្គ្រោះ​ក្រុម​អ៊ីតាលី

ក្រុងរ៉ូម: លោក Roberto Mancini អតីត​គ្រូបង្វឹក​របស់​ក្រុម Manchester City និង Inter Milan ត្រូវ​បាន​ផ្តល់​ការងារ​ដើម្បី​ជួយ​សង្គ្រោះ​ជោគ​វាសនា​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ក្នុង​រយៈពេល​ត្រឹម​តែ ៦ ខែ ក្រោយ​ពី​ការ​ធ្លាក់​ចេញ​ដ៏​មិន​នឹក​ស្មាន​ដល់​ក្នុង​ការ​ប្រកួត​ជម្រុះ​សម្រាប់​យុទ្ធនាការ World Cup។

ក្រុម​ជម្រើសជាតិ​អ៊ីតាលី មិនមាន​គ្រូបង្វឹក​បង្គោល​ម្នាក់​ឡើយ ចាប់​តាំង​ពី​លោក Gian Piero Ventura ត្រូវ​បាន​បណ្តេញ​ចេញ ក្រោយ​ពី​ម្ចាស់​ជើងឯក​ពិភពលោក ៤ សម័យកាល​មួយ​នេះ បាន​ខកខាន​ក្នុង​ការ​ឈ្នះ​កៅអី​សម្រាប់​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី ១ ចាប់​តាំង​ឆ្នា ១៩៥៨។

សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បាន​ស្វែងរក​គ្រូបង្វឹក​ដ៏​មាន​សក្តានុពល​ម្នាក់​ក្នុង​ការ​សង្គ្រោះ​ជោគ​វាសនា​ក្រុម​អ៊ីតាលី ក្រោយ​ពី​ចាញ់​ក្នុង​វគ្គ Playoff ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត នា​កីឡដ្ឋាន San Siro កាល​ពី​ខែ​វិច្ឆិកា។

បេក្ខភាព​ជាច្រើន​ផ្សេងទៀត​ដូចជា​លោក Carlo Ancelotti គ្រូបង្វឹក​របស់​ក្រុម Bayern Munich និង​លោក Antonio Conte គ្រូបង្វឹក​របស់​ក្រុម Chelsea ក៏បាន​ស្ថិត​ក្នុង​ការ​ពិចារណា​ផង​ដែរ ខណៈ​លោក Ancelotti ត្រូវ​បាន​គេ​បញ្ជាក់​ថា «បាន​ច្រាន​ចោល»។

លោក Mancini បានបង្ហាញ​ពី​ការចាប់អារម្មណ៍​របស់​លោក​ក្នុងការ​ចូលកាន់​តំណែង​ក្នុង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី និង​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុង​ការ​បញ្ចប់​កុងត្រា​ជាមួយ​នឹង​ក្លិប Zenit Saint Petersburg។

ក្រោយពី​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​របស់​លោក ត្រូវបាន​លុប​ចោល​ជា​ផ្លូវការ​ក្រោម​ការ​យល់​ព្រម​ទាំង​សង​ខាង កាល​ពី​ថ្ងៃ​អាទិត្យ គ្រូបង្វឹក​វ័យ ៥៣ ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​រ៉ូម​ភ្លាមៗ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ និង​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​របស់​លោក​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ។ ការងារ​របស់​លោក គឺ​ការ​រៀបចំ​ក្រុម​ជម្រើស​ជាតិ​ឡើង​វិញ និង​ការ​ប្រជែង​យក​កៅអី​ទៅ​កាន់​ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០។

លោក Roberto Fabbricini ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បាន​បញ្ជាក់​ថា លោក Mancini ត្រូវបាន​ជ្រើសរើស ពី​ព្រោះ​លោក «មាន​ការ​ស្រេក​ឃ្លាន​ដ៏​អស្ចារ្យ» ដើម្បី​ក្លាយជា​គ្រូបង្វឹក​ថ្មិ​របស់​ក្រុម​អ៊ីតាលី។ ការ​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​ជា​លើក​ទី ១ របស់​គ្រូបង្វឹក​ថ្មី​រូប​នេះ បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ នៅ​លើ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ Coverciano។

ក្រោយពី​កុងត្រា​ត្រូវបាន​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​រ៉ូម លោក Fabbricini បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «វា​បាន​ដំណើរការ​តាម​ផ្លូវ​ដែល​យើង​ចង់​បាន។ យើង​ពិតជា​រីករាយ​ណាស់ ហើយ​លោក Roberto ក៏​រីករាយ​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍