ភ្នំពេញៈ ជាមួយ​ឧបនិស្ស័យ និង​ចំណង់​ចំណូលចិត្ត​តាំងពី​កុមារភាព បាន​ធ្វើ​ឲ្យ​លោក Michael Sovann (ម៉ៃ​ឃើល សុវណ្ណ) ដែល​គេ​ស្គាល់​ថា ជា​អ្នក​ចូល​ចិត្ត​លេង​កីឡា​យ៉ាង​សកម្ម និង​ជា​អ្នក​ស្វះ​ស្វែងរក​ការ​ឧបត្ថម្ភ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា ផង​នោះ បាន​ដក់​ចិត្ត​កាន់​តែ​ជ្រៅ លើ​ការ​ជួយ​កីឡា រហូត​ហ៊ាន​កំណត់​គោល​ការណ៍​ប្រចាំជី​វិត​របស់​ខ្លួន​ថា ត្រូវ​កសាង​ឲ្យ​បាន​នូវ​ស្នាដៃ​អ្វីមួយ​ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ បាន​ចង​ចាំ​ដល់​រូប​លោក។

លោក Michael បាន​និយាយថា៖ «អ្វីដែល​ខ្ញុំ​គិត គឺ​យើង​គង់តែ​ស្លាប់​ទៅវិញ​ទេ អ៊ីចឹង​បើ​យើង​មាន​លុយ​ច្រើន ហើយ​អាច​ធ្វើ​អ្វី​ដែល​ល្អ​បាន យើង​ធ្វើ​ទៅ! យើង​គួរណាស់​បន្សល់​អ្វីមួយ ដែល​ជា​ស្នាដៃ​របស់​យើង (នៅ​ក្នុង​វិស័យ​កីឡា) មុន​ពេល​យើង​ស្លាប់​ទៅ​វិញ ដើម្បី​ឲ្យ​គេ​ស្គាល់​យើង និង​នៅ​ចង​ចាំ​ដល់​យើង»។

លោក​បន្ថែមថា៖ «ឱកាស​ធ្វើអំពើ​ល្អ​ឲ្យ​បាន​ច្រើន វា​មាន​តិច​ណាស់ អ៊ីចឹង​យើង​ខំ​ធ្វើ​វា​ទៅ! បើ​ទោះបី​ជា​យើង​មាន​លុយ​ច្រើន តែ​ចុង​ក្រោយ​ពេល​ស្លាប់​ទៅ​វិញ យើង​ក៏​អត់​អាច​យក​អ្វី​ទៅ​តាម​បាន​ដែរ គឺ​ទៅ​តែ​ខ្លួន​ទេ ហេតុ​នេះ សម្រាប់​គោល​ការណ៍​រស់​នៅ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ គឺ​នៅ​ពេល​ដែល​យើង​មាន​ជីវិត យើង​ជួយ​បាន​ប៉ុនណា យើង​ធ្វើ​វា​ទៅ»។

គិត​មកដល់ពេលនេះ កំលោះ​មាន​ដើមកំណើត​នៅ​ខេត្ត​កំពង់សោម Michael ទើបតែ​មាន​អាយុ ៣៥ ឆ្នាំ​ទេ ប៉ុន្តែ​បុរស ដែល​ជា​ប្រធាន​ផ្នែក​កម្មវិធី​នៃ​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស (Khmer Beverages) រូប​នេះ តែង​តែ​មាន​មុខ​ស្ទើរ​គ្រប់​ព្រឹត្តិការណ៍​កីឡា​ធំៗ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ឧបត្ថម្ភ​ផង និង​ជា​អត្តពលិក​ផង។

លោក Michael ចូលចិត្ត​លេង​កីឡា​តាំងពី​កុមារភាព ហើយ​បច្ចុប្បន្ន លោក​នៅតែ​ចូលរួម​ប្រកួត​រត់​ចម្ងាយ ពិសេស​ការ​ប្រណាំង​កង់​ភ្នំ Cambodia MTB Series 2018។ បើ​ទោះបី​ជា លោក មិន​ធ្លាប់​ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ Michael ជា​អ្នក​ប្រណាំង​កង់ មាន​គោល​ដៅ​ច្បាស់​លាស់ គឺ មិន​បោះ​បង់​ចោល​ការ​ប្រកួត​នៅ​ពាក់​កណ្តាល​ទីនោះ​ទេ។ «ខ្ញុំ​ជា​អ្នក​ចូលចិត្ត​លេង​កីឡា​ម្នាក់ តែ​ចំពោះ​ខ្ញុំ ការ​ចាញ់​ឈ្នះ វា​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ តែ​ការ​យក​ឈ្នះ​ខ្លួន​ឯង ទើប​ជា​រឿង​សំខាន់​បំផុត។ ហេតុ​នេះ​រាល់​ការ​ចូលរួម​លេង​កីឡា គឺ​ខ្ញុំ​តាំង​ចិត្ត​ធ្វើ​យ៉ាង​ម៉េច ត្រូវ​តែ​បញ្ចប់​ជុំ ដែល​ខ្ញុំ​បាន​ចុះ​ឈ្មោះ​ប្រណាំង អ៊ីចឹង​មិន​ថា ខ្ញុំ​ចាញ់​គេ ឬ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន​ទេ គឺ​សំខាន់​ខ្ញុំ​ត្រូវ​តែ​បញ្ចប់​ជុំ ដែល​ខ្ញុំ​ត្រូវ​ជិះ ដើម្បី​យក​ឈ្នះ​លើ​ខ្លួន​ឯង និង​បញ្ចប់​គោល​ដៅ ដែល​យើង​ត្រូវ​ធ្វើ»។

ជាមួយ​ការចូល​ចិត្តការ​ប្រណាំង​កង់​នេះ Michael តែងតែ​ជួយ​ជ្រោមជ្រែង​នាំយក​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស មក​ជួយ​ដល់​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន ទាំង​លើ​ការ​រៀបចំ​ការ​​ប្រកួត Cambodia MTB Series និង​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​ប្រណាំង​កង់​កម្ពុជា។

លោក Michael និយាយថា៖ «ការប្រណាំង​កង់ រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ មាន​ការ​រីក​ចម្រើន​ច្រើន ហើយ​ទៅ​ថ្ងៃ​ខាង​មុខ ខ្ញុំ​គិត​ថា កីឡា​ប្រណាំង​កង់ នឹង​មាន​ការ​រីក​ចម្រើន កាន់​តែ​ខ្លាំង អ៊ីចឹង​ក្រុមហ៊ុន Khmer Beverages មាន​មោទនភាព ដែល​យើង​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ ក្នុង​ឆ្នាំ ២០១៨ នេះ ហើយ​ការ​ឧបត្ថម្ភ​នេះ យើង​ក៏​គ្មាន​ផែនការ​ណា​មួយ ត្រូវ​បញ្ឈប់​នោះ​ដែរ»។

ក្រៅពី​ការជួយឧបត្ថម្ភ​ដល់​វិស័យ​កីឡាផ្សេងៗ នៅ​កម្ពុជា ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន Khmer Beverages លោក Michael ទៅ​ថ្ងៃ​អនាគត នឹង​នៅ​តែ​ជួយ​ឧបត្ថម្ភ​ជា​លក្ខណៈ​ឯកជន​ដល់​វិស័យ​កីឡា​កម្ពុជា នៅ​ពេល​ណា​លោក​មាន​លទ្ធភាព។

លោក​ថា Michael បញ្ជាក់ថា៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ គឺ​នៅតែ​បន្ត​ជួយ​ដល់​វិស័យ​កីឡា បើ​ថ្ងៃក្រោយ​ទៅ ខ្ញុំ​មាន​លុយ​ច្រើន ព្រោះ​ខ្ញុំ​ចង់​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា ឲ្យ​មាន​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​ពេល​នេះ វិស័យ​កីឡា​របស់​យើង​ទាំង​ប្រណាំង​កង់ រត់​ប្រណាំង និង​បាល់ទាត់​ជាដើម​កំពុង​មាន​ការ​រីក​ចម្រើន អ៊ីចឹង​ខ្ញុំ​នៅ​តែ​ស្ម័គ្រ​ចិត្ត​ជួយ​ដល់​វិស័យ​កីឡា»៕