ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរិជីស លោក ភីតធើរ លាង (Peter) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនជីប ម៉ុង នោះ បានដក់ចិត្តកាន់តែជ្រៅ ទៅក្នុងការចូលរួមលេងកីឡា និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ហើយនៅពេលនេះ បុរសជនជាតិខ្មែរវ័យ ៣៨ ឆ្នាំរូបនេះ កំពុងតែជំរុញឲ្យក្រុមការងាររបស់លោក ធ្វើការស្ទាបស្ទង់ទៅលើសមត្ថភាពពិតរបស់ក្រុមអត្តពលិកនៅកម្ពុជា ដែលអាចប្រកួតលើប្រភេទកីឡា ៣ ក្នុងពេលតែមួយ ដើម្បីលោកអាចឈានទៅដល់ការបង្កើតនូវព្រឹត្តិការណ៍កីឡាថ្មីមួយឈ្មោះថា Ironman។
ការបង្ហាញមហិច្ឆតា ក្នុងការជំរុញបង្កើតឲ្យមានព្រឹត្តិការណ៍ Ironman ដែលអត្តពលិកម្នាក់ៗត្រូវធ្វើឲ្យបាន នូវការហែលទឹកចម្ងាយ ៣,៨៦ គីឡូម៉ែត្រ រួចជិះកង់ចម្ងាយ ១៨០ គីឡូម៉ែត្រ និងចុងក្រោយត្រូវរត់ចម្ងាយ ៤២ គីឡូម៉ែត្រទៀតនោះ គឺលោក Peter បានប្រាប់ឲ្យដឹង បន្ទាប់ពីលោកធ្វើបានសម្រេច នូវការតាំងចិត្តជិះកង់ ចម្ងាយ ១១៧ គីឡូម៉ែត្រ ក្នុងកម្មវិធីជិះកង់ ដើម្បីកុមារ និងការរត់ចម្ងាយ ២១ គីឡូម៉ែត្រ នៅក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរ កាលពីថ្ងៃអាទិត្យ។
លោក ភីតធើរ លាង បានថ្លែងថា៖ «ដោយមើលឃើញពីការកើនឡើង នូវការចូលរួមកម្មវិធីកីឡារត់ប្រណាំងនេះ គួរឲ្យកត់សម្គាល់ ខ្ញុំនិងក្រុមការងារភេសជ្ជៈប៉ូវកម្លាំងវើក នឹងចាប់ផ្តើមរៀបចំផែនការមើលទៅលើលទ្ធភាព ដែលអាចទៅរួច ក្នុងការរៀបចំកម្មវិធី Ironman នៅក្នុងប្រទេសកម្ពុជា ជាមួយគោលបំណងសប្បុរសធម៌ និង លើកទឹកចិត្តឲ្យប្រជាជនកម្ពុជាចូលរួមលេងកីឡាឲ្យបានច្រើន និងដកស្រង់បទពិសោធនូវអ្វីដែលថ្មី»។
ជុំវិញគម្រោងនៃការបង្កើតឲ្យមាននូវព្រឹត្តិការណ៍ Ironman នេះ លោក Michael Sovann ដែលជាប្រធានផ្នែកកម្មវិធី នៃក្រុមហ៊ុនខ្មែរប៊ែវើរិជីស (Khmer Beverages) បានប្រាប់ថា ក្រុមការងាររបស់លោក នឹងត្រូវទៅពិភាក្សា និងធ្វើការងារជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាជាតិ ដែលមានជំនាញខាងនេះ ដើម្បីរួមគ្នាបង្កើតនូវព្រឹត្តិការណ៍កីឡាថ្មីមួយនេះ នៅកម្ពុជា។
លោក Michael បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «គិតមកដល់ពេលនេះ យើងនៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះនូវឡើយទេ ព្រោះយើងត្រូវការពេលវេលាយូរដែរ ក្នុងការស្ទាបស្ទង់មតិមើលសិន ថាតើនៅស្រុកខ្មែរយើងនេះ មានកីឡាករប៉ុន្មាននាក់ អាចចូលរួមកម្មវិធីនេះបាន ដោយសារ Ironman ជាកីឡា ដែលទាមទារឲ្យអ្នកចូលរួម មានសមត្ថភាព និងកម្លាំងកាយមាំមួនខ្លាំងមែនទែន ដ្បិតអីចម្ងាយនៃការហែលទឹក ជិះកង់ និងរត់ចម្ងាយ វាឆ្ងាយមែនទែន»។
យ៉ាងណាក៏ដោយ លោក Michael ដែលជាអ្នកនិយមចូលចិត្តលេងកីឡាប្រណាំងកង់ និងរត់ចម្ងាយដែរនោះ អះអាងថា ព្រឹត្តិការណ៍ថ្មីនេះ អាចនឹងកើតមានឡើងនៅកម្ពុជា ព្រោះលោក ភីតធើរ លាង មានបំណងបង្កើតឲ្យមានព្រឹត្តិការណ៍ Ironman នេះយូរមកហើយ ហើយបើសិនជាព្រឹត្តិការណ៍នេះ ដំណើរការទៅជោគជ័យ ឬមានការទាក់ទាញខ្លាំង នឹងមានការបើកឲ្យអត្តពលិកមកពីប្រទេសផ្សេងៗ បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។
លោក Michael បញ្ជាក់ថា៖ «យើងនៅមានការបារម្ភដែរ ទៅលើចំនួនកីឡាករក្នុងស្រុក ដែលមានសមត្ថភាពខ្លាំង អាចនឹងចូលរួមការប្រកួតនេះ ប៉ុន្តែបើសិនជាការស្ទាបស្ទង់ឃើញថា មានកីឡាករតិចអាចចូលរួមព្រឹត្តិការណ៍នេះ គឺយើងអាចបន្ថយនូវចម្ងាយហែលទឹក ជិះកង់ ឬរត់ចម្ងាយ អ៊ីចឹងខ្ញុំគិតថា កម្មវិធី Ironman នេះ អាចធ្វើទៅបាន និងកើតមាននៅស្រុកខ្មែរ»។
កំលោះវ័យ ៣៥ ឆ្នាំរូបនេះ បន្ថែមថា៖ «ក្រុមហ៊ុនខ្មែរប៊ែវើរិជីស មានលទ្ធភាពផ្នែកហិរញ្ញវត្ថ រៀបចំកម្មវិធី Ironman នេះបាន ចំណែកខាងធនធានបច្ចេកទេស យើងនឹងធ្វើការជាមួយ NOCC និងសហព័ន្ធកីឡាជាតិ ហើយមហិច្ឆតាក្នុងការបង្កើតកម្មវិធី Ironman នេះ គឺ ហ៊ា Peter គាត់ចង់បង្កើតឲ្យមានព្រឹត្តិការណ៍ថ្មីនេះនៅស្រុកខ្មែរ ក្នុងគោលបំណងសប្បុរសធម៌ និងទាក់ទាញប្រជាជនកម្ពុជាលេងកីឡាឲ្យបានច្រើន ដើម្បីសុខភាព ពិសេសជួយពង្រឹងសមត្ថភាពអត្តពលិករបស់យើងឲ្យកាន់ខ្លាំង ត្រៀមការប្រកួតនៅលើឆាកអន្តរជាតិផ្សេងៗតំណាងឲ្យជាតិ»៕