ក្រុងឡុងដ៍: លោក Maurizio Sarri អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Chelsea បាន​រិះគន់​ទៅលើ​ភាពទន់ខ្សោយ​ផ្នែក​ស្មារតី​នៃ​កីឡាករ​របស់​លោក និង​ការខ្វះ​ការលើក​ទឹកចិត្ត​ខ្លួនឯង ក្រោយពី​ចាញ់ ២-០ នៅលើ​ទឹកដី​ក្រុម Arsenal ក្នុងការ​បង្ហាញ​ពី​ទម្រង់​លេង​ដែល​គ្មាន​ភាព​មុត​ស្រួច​កាលពី​ថ្ងៃ​សៅរ៍​។

ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​បាន​ធ្វើឲ្យ​ការ​ប្រចែង​ចំណាត់ថ្នាក់​កំពូល​ទាំង​ ៤ ​នៃ​ក្របខ័ណ្ឌ Premier League មាន​លក្ខណៈ​បើកចំហ ខណៈ​គ្រាប់​បាល់​ក្នុង​តង់​ទី​ ១ ​ពី​ខ្សែប្រយុទ្ធ Alexandre Lacazette និង​ខ្សែការពារ Laurent Koscielny បាន​ធ្វើឲ្យ​ក្រុម Arsenal និង Manchester United ដែល​បាន​ផ្តួល​ក្រុម Brighton នៅ​ថ្ងៃ​ដដែល​នោះ​ដេញ​តាម​ពីក្រោយ Chelsea ត្រឹម​ ៣​ ​ពិន្ទុ​ក្នុង​ចំណាត់ថ្នាក់​លេខ​ ៤​។

លោក Sarri ដែល​បាន​ជ្រើសរើស​យក​ការនិយាយ​តាមរយៈ​អ្នក​បកប្រែ​ម្នាក់ ក្នុង​ភាសា​អ៊ីតាលី​របស់​លោក ដើម្បី​ពន្យល់​យ៉ាង​ច្បាស់​ពី​ទំហំ​នៃ​ការខកចិត្ត​របស់​លោក​នោះ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិតជា​ខឹងសម្បា​យ៉ាង​ខ្លាំង ខ្ញុំ​ពិតជា​ខឹង​ណាស់​»​។

គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​យើង​បាន​លេង​ជាមួយ​នឹង​ក្រុម​មួយ​ដែល​មាន​ការប្តេជ្ញា​ចិត្ត​ជាង​យើង ហើយ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ឡើយ​។ អ្វីដែល​ពិត​នោះ​គឺថា វា​ហាក់​បង្ហាញ​ថា​កីឡាករ​ទាំងនេះ​ពិតជា​លំបាក​ក្នុង​ការលើក​ទឹកចិត្ត​ខ្លួនឯង​»​។

ទាក់ទង​នឹង​ទម្រង់​លេង​នាពេល​បច្ចុប្បន្ន​ក្រុម​របស់​លោក Sarri នឹង​ត្រូវ​តាម​ទាន់​ដោយ​ក្រុម Arsenal ឬ Man United ខណៈ​ដែល​ការបរាជ័យ​ជា​លើក​ទី​ ៤ ​ក្នុង​ការប្រកួត​លីក​ ១១ ​លើក​បាន​បង្ហាញ​ពី​តម្រូវការ​ជា​ចាំបាច់​សម្រាប់​ការចុះ​កុងត្រា​ជាមួយ​នឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន Gonzalo Higuain ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus ដែល​ត្រូវ​បាន​រំពឹងទុក​ថា នឹង​បំពេញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​។

ការធ្លាក់ចុះ​ទម្រង់​លេង​នោះ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការចាញ់ ៣-១ នៅលើ​ទឹកដី​ក្រុម Tottenham កាលពី​ខែ​វិច្ឆិកា​ហើយ​ទម្រង់​លេង​របស់​ក្រុម Chelsea ពិតជា​បង្ហាញ​ពី​ភាពទន់ខ្សោយ​នៅ​រាត្រី​នោះ​នា​កីឡដ្ឋាន Wembley​។

លោក Sarri បាន​ប្រាប់​បន្ត​ថា​៖ «​យើង​មាន​បញ្ហា​ស្រដៀង​គ្នា​មួយ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លីក​នៅលើ​ទឹកដី​ក្រុម Tottenham​។ យើង​បាន​និយាយ​យ៉ាង​ច្បាស់​ពី​ការបរាជ័យ​នោះ និង​ការព្យាយាម​របស់​យើង​នៅពេល​នោះ​ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​កីឡាករ ហើយ​ខ្ញុំ​បាន​គិត​ថា យើង​យក​ឈ្នះ​លើ​បញ្ហា​នោះបាន​ហើយ​»​។

គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​បន្ថែម​ឲ្យ​ដឹង​ទៀតថា​៖ «​ប៉ុន្តែ​វា​ហាក់​បង្ហាញ​ថា យើង​នៅតែ​មាន​បញ្ហា ហើយ​យើង​នៅ​តែ​ខ្វះ​នូវ​ការលើក​ទឹកចិត្ត​ខ្លួនឯង​ឲ្យ​បាន​គ្រប់គ្រាន់ និង​រឹងមាំ​ផ្នែក​ស្មារតី និង​ការប្តេជ្ញាចិត្ត​របស់​យើង​»៕ IS