The Phnom Penh Post Search

Search form

លោក Tuchel ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​យក្ស PSG

Content image - Phnom Penh Post
លោក Thomas Tuchel អតីត​គ្រូប​ង្វឹក​របស់ Dortmund ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​ថ្មី​របស់ PSG​​​។ AFP

លោក Tuchel ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​យក្ស PSG

ក្រុងប៉ារីស: Paris Saint-Germain បានប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក Thomas Tuchel ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​ម្ចាស់​ជើងឯក​របស់​បារាំង​មួយ​នេះ ក្នុង​កិច្ច​សន្យា​រយៈពេល ២ ឆ្នាំ។

គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៤៤ ឆ្នាំ​រូបនេះ បាន​យល់ព្រម​ចូល​ជំនួស​កន្លែង​របស់​លោក Unai Emery ដែល​នឹង​ត្រូវ​ចាក​ចេញ ក្រោយ​ពី​ការ​ប្រកួត​ចុង​ក្រោយ​នៃ​រដូវកាល​របស់​បារាំង នា​ចុង​សប្តាហ៍​នេះ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​បានចេញ​ដោយ​ក្លិប PSG លោក Tuchel បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​រឿង​ដ៏​រំភើប​រីករាយ មោទនភាព និង​មាន​មហិច្ឆតា ដែល​ខ្ញុំ​នឹង​ចូលរួម​ជាមួយ​នឹង​ក្លិប​ដ៏​ធំ​នេះ​គឺ Paris Saint-Germain»។

លោក Tuchel អតីត​គ្រូបង្វឹក​របស់​ក្លិប Dortmund បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ពិតជា​ស្រេក​ឃ្លាន​ក្នុងការ​ចាប់ផ្តើម​ធ្វើការ​ជាមួយ​នឹង​រាល់​កីឡាករ​ដ៏​អស្ចារ្យ​ទាំង​នេះ ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក។ Paris Saint-Germain មាន​សក្តានុពល​ដ៏​អស្ចារ្យ ហើយ​វា​ពិត​ជា​តំណែង​ដ៏​រំភើប​បំផុត​ក្នុង​កីឡា​បាល់ទាត់»។

វា​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា លោក Tuchel បាន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​គ្រូបង្វឹក​ដែល​ត្រូវ​តាំង​តាំង​ក្នុង​ក្លិប​របស់​បារាំង​មួយ​នេះ។

ពួកគេ​បានចាប់ផ្តើម​ស្វែងរក​គ្រូបង្វឹក​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់​លោក Emery ក្រោយ​ពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ទាំង ២ ជើង ៥-២ ក្រោម​ស្នាដៃ​ក្រុម Real Madrid ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាល​ពី​ដើម​ខែ​មីនា។

ការជួប​លទ្ធផល​ដ៏​ខកចិត្ត​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ក្រោយពី​ការចាញ់​យ៉ាង​អាម៉ាស់​ក្រោម​ស្នាដៃ​ក្រុម Barcelona ក្នុង​វគ្គ​ដូច​គ្នា​នេះ កាល​ពី ១ ឆ្នាំ​មុន មានន័យ​ថា លោក Emery មិន​បាន​ទទួល​បាន​ឱកាស​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ទៅ​លើ​កិច្ច​សន្យា​រយៈពេល ២ ឆ្នាំ​របស់​លោក​ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍