ក្រុង​ឡុងដ៍៖ អតីត​ប្រធាន​ក្រុម Arsenal លោក Patrick Vieira បាន​ទទូច​ថា លោក Unai Emery សម​តែ​ត្រូវ​បាន​ទុក​ពេលវេលា​ថែម​ទៀត ​ដើម្បី​កែ​ប្រែ​អនាគត​ថ្មីៗ​​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal។​

លោក Emery កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ​ក្រោយ​ពី​រង​បរាជ័យ​នៅ​ក្រៅ​ទឹក​ដី​របស់​ខ្លួន​ក្រោម​ថ្វី​ជើង​របស់​ក្រុម Leicester City ២-០ កាល​ពី​ថ្ងៃ​សៅរ៍​។​​ លទ្ធផល​នោះ ធ្វើ​ឲ្យ​ក្រុម​ Arsenal ធ្លាក់​ផុត​ពី​កំពូល​តារាង​ទាំង ​៤ ដោយ​​មាន ​៨ ​ពិន្ទុ​ ​ក្រោយ​ពេល​ប្រកួត​បាន ​១២ ​លើក​ និង​បាន​ឈ្នះ​តែ​ម្ដង​គត់ ​នៅ​ក្នុង ​៧ ​ប្រកួត​ចុង​ក្រោយ​។​

នៅ​ពេល​គេ​ជឿជាក់​ថា ចំណាត់​ថ្នាក់​របស់​ក្លិប​នេះ​ ស្ថិត​នៅ​ពី​ក្រោយ​លោក Emery ​ដែល​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ជំនួស​ឲ្យ​លោក ​Arsene​ Wenger ​បន្ទាប់​ពី​រដូវកាល​ឆ្នាំ ​២០១៧-២០១៨ ​នោះ​ ក្រុម​អ្នក​គាំទ្រ​ក្លិប ​​Arsenal ​​មាន​ការ​មិន​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ដោយ​ពួក​​គេ​បាន​​គិត​ថា​​ មាន​តែ​ការ​ផ្លាស់ប្តូរ​ទេ​ ទើប​​អាច​ជួយ​សង្គ្រោះ​រដូវកាល​នេះ​បាន​។

លោក Vieira ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ Premier League ៣ ​ជំនាន់​ក្នុង​អាជីព​ដ៏​អស្ចារ្យ​នៅ​ក្លិប​ Arsenal នោះ​ និយាយ​ថា ឥឡូវ​នេះ​ គឺ​ជា​ពេល​វេលា​ដែល​ត្រូវ​រួម​គ្នា​ ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​បង្វឹក​នៅ​ក្លិប​ PSG រូប​នេះ​។​

អតីត​ប្រធាន​ក្រុម​កាំភ្លើង​ធំ​រូប​នេះ ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត កាល​​ពី​ថ្ងៃ​ចន្ទ​ថា៖ «​ជា​ការ​ពិត​ដែល​ថា ក្រុម​ Arsenal កំពុង​ឆ្លង​កាត់​ការ​លំបាក​យ៉ាង​ខ្លាំង ​​ប៉ុន្តែ​ខ្ញុំ​មិន​បាន​មើល​ការ​ប្រកួត​របស់​ពួក​គេ​ទាំង​អស់​នោះ​ទេ ​ដូច្នេះ​ហើយ​ខ្ញុំ​មិន​អាច​ជជែក​ពី​ការ​ប្រកួត​របស់​ពួក​គេ​បាន​ទេ​»។​​

លោក Vieira បាន​បន្ថែម​ថា៖ «​ពួក​គេ​មាន​គ្រូ​បង្វឹក​ម្នាក់ ​ដែល​មាន​សមត្ថភាព ​និង​​ធ្វើ​ការ​បាន​ល្អ។ នៅ​ពេល​ក្លិប​មួយ​ជួប​ការ​លំបាក​ វា​ចាំបាច់​ណាស់​ត្រូវ​រួប​រួម​គ្នា​។ ខ្ញុំ​គិត​ថា គាត់​មាន​បទពិសោធ​គ្រប់គ្រាន់ ​ដើម្បី​ជួយ​ពួក​គេ​ឆ្លង​កាត់​ការ​លំបាក​នេះ​ ហេតុ​នេះ​យើង​ត្រូវ​តែ​ដើរ​តាម​ពី​ក្រោយ​គាត់ ​ហើយ​ទុក​ពេល​ឱ្យ​គាត់​ផ្លាស់​ប្តូរ​អ្វី​ទាំង​អស់​ ព្រោះ​ខ្ញុំ​មិន​ប្រាកដ​ថា​ ការ​ផ្លាស់ប្តូរ​អ្នក​គ្រប់គ្រង ​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ​»​។

ទន្ទឹម​នោះ​ដែរ​ លោក Wenger ត្រូវ​បាន​គេ​ព្រលយ​ថា នឹង​វិល​ទៅ​រក​អាជីព​​នេះ​វិញ​ជា​លើក​ដំបូង ​តាំង​ពី​ចាកចេញ​ពី​កីឡដ្ឋាន​ Emirates របស់​ក្លិប Arsenal។​ បុរស​វ័យ​ ៧០ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់ ​BeIN SPORTS ​កាល​ពី​សប្តាហ៍​មុន​ថា​ គាត់​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្លិប Bayern ​Munich​ លោក​ Karl-Heinz Rummenigge​ ជុំ​វិញ​ក្តី​សង្ឃឹម​នៃ​ការ​ស្នង​តំណែង​របស់​លោក ​Niko Kovac​ ប៉ុន្តែ​បន្ទាប់​មក​ គាត់​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ គាត់​មិន​ស្ថិត​ក្នុង​ការ​ប្រជែង​ការងារ​នេះ​ទេ​។

លោក Vieira គ្រូ​បង្វឹក​​របស់​ក្លិប Nice នៅ​តែ​សង្ឃឹម​ថា ​នឹង​ឃើញ​គ្រូ​បង្វឹក​ចាស់​របស់​គាត់​ត្រឡប់​ទៅ​រក​អាជីព​នេះ​វិញ ​ដោយ​និយាយ​ថា៖ «ខ្ញុំ​ចង់​ឃើញ​គាត់​ត្រឡប់​ទៅ​ដឹក​នាំ​ហ្វឹកហាត់​ជា​ថ្មី​ម្ដង​ទៀត​»។​

គ្រូ​បង្វឹក​រូប​នេះ ​បាន​និយាយ​ថា៖ «Arsenal មាន​ឆន្ទៈ​ធំ​សម្រាប់​បាល់​ទាត់​ ហើយ​ខ្ញុំ​មិន​ដែល​បាន​ជួប​គ្រូ​បង្វឹក​ណា ​ដែល​បាន​ចំណាយ​ពេល​ច្រើន​មើល​បាល់​ទាត់​ វិភាគ​ការ​ប្រកួត​ពី​ក្រុម​ប្រជែង​ និង​ជជែក​ពី​បាល់​ទាត់​ដូច​ជា​គ្រូ​បង្វឹក​រូប​នេះ​ទេ​​»។​

លោក Vieira បាន​បន្ថែម​ទៀត​ថា៖ «​វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ ហើយ​វា​ជា​ជីវិត​របស់​គាត់​។ ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ​គាត់​អាច​រក​បាន​ក្លិប​មួយ​ផ្សេង​ទៀត ​ដើម្បី​ធ្វើ​ជា​គ្រូបង្វឹក​ បើ​ទោះ​ជា​មិន​បាន​ធ្វើ​ការ​ជាមួយ​ក្លិប Bayern Munich ក៏​អាច​ធ្វើ​ការ​នៅ​ក្រុម​ផ្សេង​ទៀត​ដែរ​»៕ AFP/SN