ទីក្រុង​ម៉ា្រឌីដ៖ ​លោក Xavi Hernandez បាន​និយាយ​ដដែលៗ​​ពី​បំណង​ប្រាថ្នា​ ​ក្នុង​ការ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ចាស់​របស់​ខ្លួន​ ​នា​ពេល​អនាគត គឺ​អ្នក​មាន​បុណ្យ Barcelona ក្រុម​លំដាប់​កំពូល​នៅ​ប្រទេស ​អេស្ប៉ាញ ប៉ុន្តែ​បាន​អះអាង​ថា​ លោក​នឹង​មិន​ត្រឡប់​ទៅ​ជា​ដាច់​​ខាត ប្រសិន​បើ​ក្រុម​ប្រឹក្សា​ពិសេស មិន​បង្កើត​ឲ្យ​មាន​គំនិត​ថ្មីៗ ក្នុង​ការ​ដឹកនាំ​ក្លិប​មួយ​នេះ​។​​

លោក Hernandez ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ Al-Sadd ជា​ក្រុម​អាជីព​នៅ​ប្រទេស ​កាតា ធ្លាប់​បាន​បដិសេធ​ការ​ស្នើ​របស់​ Barcelona កាល​ពី​ខែ​មករា ក្រោយ​ក្រុម​យក្ស​មួយ​នេះ បាន​បណ្ដេញ​គ្រូ​បង្វឹក​ Ernesto Valverde ហើយ​ក្រោយ​មក​ក៏​តែងតាំង​លោក Quique Setien ជា​អ្នក​ដឹកនាំ​ថ្មី​។​

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​កាសែត​នៅ​ប្រទេស ​អេស្ប៉ាញ La Vanguardia ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ គឺ​បាន​ស្រង់​សម្ដី​របស់​លោក​​ Xavi ដែល​និយាយ​ថា​ ការ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Neymar ត្រឡប់​មក​វិញ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត ហើយ​អតីត​មិត្ត​រួម​ក្រុម គឺ​ខ្សែ​ការពារ​​ Carles Puyol និង​ខ្សែ​បម្រើ Jordi Cruyff ជា​មនុស្ស​ដែល​រូប​គេ​ចង់​រួម​ការងារ​​ជាមួយ​បំផុត​។

បច្ចុប្បន្ន​ឃើញ​ថា​ ទំនាក់ទំនង​រវាង​ក្រុម​ប្រឹក្សា​របស់​ក្លិប Barcelona ដែល​មាន​លោក​ Josep Maria Bartomeu ជា​ប្រធាន និង​កីឡាករ នៅ​តែ​តាន​តឹង​ដដែល ដោយ​មាន​ការ​រិះគន់​ជា​សាធារណៈ​ពី​សំណាក់​កីឡាករ​ឆ្នើម Lionel Messi ទៅ​លើ​​លោក​ Eric Abidal ជា​លេខាធិការ​បច្ចេកទេស ជុំវិញ​វិវាទ​ក្រៅ​ទីលាន​មួយ​ចំនួន។

លោក Xavi ដែល​ជា​អតីត​កីឡាករ​ល្អ ក្នុង​ការ​នាំ​លេង​ទាំង​នៅ​​ក្នុង​ក្រុម​អ្នក​មាន​បុណ្យ និង​ក្រុម​គោ​ជល់​អេស្ប៉ាញ បាន​និយាយ​ក្នុង​កិច្ច​សម្ភាស នោះ​ថា​៖​ «​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​ខ្ញុំ​ចង់​ត្រលប់​ទៅ Barcelona ហើយ​ខ្ញុំ​រំ​ភើប​ណាស់ ប្រសិន​បើ​អាច​ក្លាយ​ជា​ការ​ពិត​។ ជាក់​ស្ដែង ខ្ញុំ​ចង់​​ច្រៀង​ចម្រៀង​បទ​តែ​មួយ​ជាមួយ​អ្នក​គ្រប់​គ្នា ព្រោះ​ក្នុង​បន្ទប់​ផ្លាស់​​សម្លៀក​បំពាក់​ត្រូវ​តែ​រីក​រាយ ពោល​គឺ​មិន​ត្រូវ​មាន​បរិយាកាស​អវិជ្ជមាន ឬ​អាប់អួរ​ឡើយ​»​។

លោក Xavi ត្រូវ​បាន​កូន​ក្រុម​ចាប់បោះ​ឡើង​លើ ពេលលោកដឹកនាំ​ក្រុម Al-Sadd ឲ្យ​ឈ្នះ​ពាន Qatar Cup។ AFP

គ្រូ​បង្វឹក​វ័យ​ ៤០ ​ឆ្នាំ រូប​នេះ បាន​និយាយ​​បន្ត​ទៀត​ថា​៖ ​«​គ្រប់​យ៉ាង​ត្រូវ​តែ​ប្រសើរ​។ ខ្ញុំ​ចង់​ធ្វើ​ការ​ជាមួយ​មនុស្ស​ មក​ពី​បរិយាកាស​ដែល​អាច​បង្កើត​ក្រុម​ខ្លាំង​មួយ​»​។​​ 

នៅ​ពេល​សួរ​បន្ត​ទៀត​ថា ​តើ​ការ​រួម​ការងារ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​របស់​ក្លិប​បច្ចុប្បន្ន នឹង​អាច​ជា​ឧបសគ្គ​ដែរ​ទេ? លោក Xavi បាន​ឆ្លើយ​ថា​៖ ​«​ច្បាស់​ណាស់​មិន​មែន​អ៊ឺចឹង​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ភាព​រីករាយ​ពិត​ប្រាកដ​ទាំង​ស្រុង។ ខ្ញុំ​មិន​ដឹង​ថា​ វា​អាច​កើត​ឡើង​ឬ​អត់? ខ្ញុំ​គ្មាន​បញ្ហា​ជាមួយ​អ្នក​ណា​ទាំង​អស់ ហើយ​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​​ Bartomeu ធម្មតា​»​។

ជាមួយ​គ្នា​នេះ Xavi ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​ការ​ចង់​ធ្វើ​ការ​ជាមួយ​មិត្ត​ចាស់​ Puyol ដែល​ធ្លាប់​លេង​ជាមួយ​គ្នា​ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola និង Cruyff ដែល​ជា​កូន​ប្រុស​របស់​អតីត​កីឡាករ​ឆ្នើម​សញ្ជាតិ​ហូឡង់ Johan Cruyff ដោយ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​រួម​ការងារ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​មាន​ទំនុក​ចិត្ត និង​មាន​ភាព​ស្មោះត្រង់​? ហើយ​អ្នក​ដែល​យើង​កំពុង​និយាយ​ដល់​នោះ គឺ Carles Puyol ដែល​ធ្លាប់​ធ្វើ​ជាប្រធាន​ក្រុម Barca និង​ម្នាក់​ទៀត គឺ Jordi Cruyff ដែល​ជា​អ្នក​ជំនួញ​ដ៏​ល្អ​ម្នាក់ ព្រម​ទាំង​មាន​បទពិសោធ​ច្រើន ជាមួយ​នឹង​ការងារ​ជា​លេខាធិការ​បច្ចេកទេស​»​។ ​

ចុង​ក្រោយ​ លោក​ Xavi ដែល​ចំណាយ​ពេល​ជាមួយ​ក្រុម Barcelona ចន្លោះ​ពី​ឆ្នាំ ​១៩៩៨ ដល់​ឆ្នាំ ​២០១៥ ក៏​បាន​​និយាយ​ដល់​កីឡាករ Neymar ដែល​ក្លិប​នៅ​តំបន់​ Catalans បាន​ព្យាយាម​ទិញ តែ​ត្រូវ​បាន​ក្លិប​អ្នក​មាន Paris Saint-Germain នៅ​បារាំង​បដិសេធ កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ដោយ​លោក​បាន​ប្រាប់​ថា៖ ​«កីឡាករ​ក្នុង​ក្រុម​បច្ចុប្បន្ន គឺ​សុទ្ធ​តែ​ល្អ​ៗ​ហើយ ហើយ​បើ​ខ្ញុំ​ទិញ​ខ្សែ​ប្រយុទ្ធ​ខ្ញុំ​ចង់​បាន​ Neymar​។ ខ្ញុំ​មិន​ដឹង​ថា ​តើ​គាត់​នឹង​ទទួល​យក​​នូវ​ការ​យល់​ឃើញ​ពី​សង្គម​ខាង​ក្រៅ​បាន​ដែរ​ ឬ​យ៉ាង​ណា? ប៉ុន្តែ​សម្រាប់​កីឡា​បាល់ទាត់ ខ្ញុំ​មិន​មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់​ ពោល​គឺ​នឹង​ក្លាយ​​ជា​ការ​ផ្ទេរ​ដ៏​អស្ចារ្យ​ ប្រសិន​បើ​វា​កើត​ឡើង​មែន​»​៕​ AFP/VN