ភ្នំពេញ៖ អ្នក​ជំនាញ​ផ្នែកកីឡាករ​របស់​គណៈកម្មការធិការជាតិ រៀបចំ​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ លោក វ៉ាត់ ចំរើន ដែល​ជាអគ្គ​លេខាធិការ​សហព័ន្ធ​កីឡាការ៉ាតេ​កម្ពុជា បាន​អះអាង​ថា ការ៉ាតេ​កម្ពុជា បាន​នឹងកំពុងដុតដៃ​ដុតជើង ធ្វើ​យ៉ាង​ណា​ឲ្យ​​​ប្រភេទ​កីឡា​នេះ ក្លាយ​ជា​កីឡា​មាន​សក្តានុពល ដើម្បី​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ជូនជាតិ ក្នុងនាម​ជា​ម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ ​«ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​សល់​ពេល ​២ ​ឆ្នាំ​កន្លះទៀត​​ប៉ុណ្ណោះ នៃ​ពេល​វេលា​ ដែល​បាន​កំណត់ ដូច្នេះ​គណៈ​កម្មការ​បច្ចេក​ទេស និង​គណៈ​កម្មការ​ជំនាញ​របស់​សហព័ន្ធកីឡា​ការ៉ាតេកម្ពុជា កំពុង​តែ​រៀបចំ​ធ្វើការ​ដុតដៃ​ដុតជើង​ ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​កីឡាការ៉ាតេ​កម្ពុជា ក្លាយ​ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល ដើម្បី​ត្រៀម​ខ្លួន ​ប្រកួត​ប្រជែង​យក​មេដាយ ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ ​នាពេល​នោះ»។

ការ​លើក​ឡើងរបស់អ្នក​ជំនាញ​កីឡារូប​នេះ ​ត្រូវបាន​ធ្វើ​ឡើងនៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ការ៉ាតេ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិប្រចាំ​ឆ្នាំ ២០២០ នៅ​សាល​សាកល​វិទ្យាល័យ​សាកល​​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃសុក្រ​នេះ ខណៈការ​ប្រកួតនៅ​ឆ្នាំ​នេះ មាន​អ្នក​ចូល​រួម​ចំនួន ​២៣៦ នាក់ មក​ពី​ក្លិបចំនួន​ ២៣ នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយពួក​គេ ត្រូវ​​ប្រជែង​​លើ​ការប្រកួត​​សម្តែងកាតា និង​ប្រយុទ្ធ សរុប​ចំនួន​ ៣៦ ​វិញ្ញាសា។

ជាមួយ​គ្នានេះ លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ ក៏​បាន​បង្ហាញ​ពី​ផែនការ និងការ​ងារ ដែល​សហព័ន្ធ​កីឡា​ការ៉ាតេកម្ពុជា ក្រោមការ​ដឹកនាំ​​របស់​លោក​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​ប្រធាន​សហព័ន្ធ​ ត្រូវ​ធ្វើ និង​ត្រៀម​​អនុវត្ត ​មុន​ពេល​ឈាន​ទៅ​ដល់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ផង​ដែរ។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​បន្ត​ថា៖ «ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​អនុញ្ញាត​ឲ្យ​សហ​​​ព័ន្ធ​​កីឡាការ៉ាតេ​កម្ពុជា រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ការ៉ាតេ អាស៊ី​អាគ្នេយ៍ ​ឆ្នាំ ​២០២១ ដែល​យើង​ទាំង​អស់​គ្នា ត្រូវ​តែ​ត្រៀម​ខ្លួន ​ចូល​រួមនៅ​ក្នុង​​ព្រឹត្តិការណ៍​នេះ​ ឲ្យ​ទទួល​បាន​ជោគជ័យ ហើយ​នៅឆ្នាំ​ ២០២២ យើង​នឹង​ត្រៀម​ការ​ប្រកួត​មុន​ស៊ីហ្គេម ឬហៅ​ថា Pre-SEA Games»។

អគ្គលេខាធិការ​គណៈកម្មការធិការជាតិ រៀបចំ​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖​ « ​ចាប់​ពី​ឆ្នាំ ​២០២១ ទៅ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត​កីឡាការ៉ាតេ​ កម្រិត​អន្តរជាតិ ឬ​ជា​លក្ខណៈ​ Open នៅ​ក្នុង​តំបន់ ដើម្បី​យើង​ទទួល​បាន​នូវ​បទ​ពិសោធបន្ថែម ហើយការ​ធ្វើបែបនេះ ដើម្បី​យើង​អាច​ឈាន​ទៅ​រក​ការ​​ប្រជែង​​បាន​​មេដាយ ក្នុង​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា»៕