ភ្នំពេញ៖ ​សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា ​ត្រូវ​បាន​សម្រប​សម្រួល​ថ្នាក់​ដឹក​នាំ ​និង​បន្ថែម​សមាជិក​​ប្រតិបត្តិ​ក្នុង​អាណត្តិ​ថ្មី​ សរុប​ ១៩​ នាក់ ​ព្រម​ទាំង​ផ្តល់​ឱកាស​ឱ្យ​គ្រួសារ​ល្បុក្កតោ​គ្រប់​និន្នាការ​ យក​ចិត្ត​ទុក​ដាក់​ និង​ចែក​រំលែក​ការ​ងារ ​ដើម្បី​ភាពរីក​ចម្រើន​ក្នុង​គោល​ដៅ​ធ្វើ​ឱ្យ​​កីឡាបុរាណ​ខ្មែរ​មួយ​នេះ ​មាន​លទ្ធផល​ល្អក្នុងការប្រកួត​​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​។

​ជា​មួយ​គ្នា​នេះ​ ​ការ​ប្រ​កួត​ថ្នាក់ជាតិ​ ឆ្នាំ ២០២០ ​ដែល​មាន​វិស័យ​ឯក​ជន​ជួយ​ឧបត្ថម្ភ​ និង​បាន​បញ្ចប់កាល​ពី​ថ្ងៃអាទិត្យ​នោះ គឺឃើញ​មាន​លទ្ធផល​ល្អប្លែក ​​៥ ​ចំណុច​ ស្របពេល​​ថ្នាក់​ដឹក​នាំ​មួយ​ចំនួនបាន​​លះ​បង់​តួនាទី​ខ្លះ ​ដោយ​​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​រួម ​ដើម្បី​ល្បុក្កតោ​ គឺ​ជាតិ​ខ្មែរ​សំខាន់​ជាង​។ ​នេះ​ជា​គំនិត​​ផ្តួចផ្តើម​របស់​ លោក ​វ៉ាត់ ​ចំរើន​។​​

ចំពោះ​​​​គណៈកម្មាធិការ​ប្រតិបត្តិ​ក្នុង​​អាណត្តិ​ទី​៥ ​ដែល​ត្រូវ​​បាន​សម្រេចដោយ​មហា​សន្និបាត​កាល​ពី​ថ្ងៃ​សុក្រ​ មាន​ដល់​ ១៩ នាក់ ក្នុង​ង​នោះ លោក​ ច័ន្ទ​ សារុន បន្ត​ជាប់​ជា​ប្រធាន ​​​លោក​ កែវ​ រ៉េមី​ ជាអនុប្រធាន​ទី​១ រីឯ​លោក​ព្រឹទ្ធា​ចារ្យ​ សាន​ គីម​ស៊ាន​ លោក​ ហុក ឈាង​គីម ​និង​លោក ​ហេង ម៉េង​ហួ ​ជា​អនុប្រធាន​ ​លោក ​វ៉ាត់ ​ចំរើន ដែល​ធ្លាប់ជា​អនុ​ប្រធានមកធ្វើ​ជា​អគ្គលេខាធិការវិញ។

ចំណែក​លោកអគ្គលេខាធិការ​ អ៊ួ​ តារា​ មក​កាន់តួនាទីជា​អគ្គ​លេខារង ជាមួយ​នឹង​លោក​ ជា​ សុខគួង​ និងលោក​ សាន​ អង្គររាជ​វ័ន្ទ ហើយ​​លោក​ វី​ តា​រ៉ា ជាអគ្គហេ​រញ្ញិក​។​ ចំពោះ​សមាជិក​ប្រ​តិបត្តិ​បន្ថែម​​មាន​លោក​ ឡាយ ​រ៉ៃយ៉ុង​ ​លោក ​រឿន ​រស្មី​ កញ្ញា ​រឿន ​សុ​ម៉ា​និ​ច​ ​លោក ​ញ៉ែម ស៊ន​ លោក​ ងួន ​សុជាតិ​ ​លោក ​ហែម ​ចិត្ត្រា​ ​លោក ​ហុក ​ភារម្យ​ ​លោក ចាន់ ​ឫទ្ធិ​ស័ក្តិ​ និង​លោក ​ដេ ​រិច​​។​

លោក ​វ៉ាត់​ ចំរើន​ បាន​ថ្លែង​​ថា៖ ​«កីឡា​​រីក​ចម្រើន​ទៅ​បាន​ គឺ​ការ​រួប​រួម​គ្នា​តែ​មួយ ​ដើម្បី​ប្រ​យោជ​ន៍​ជាតិ​ហើយ​​សម្រាប់​​ការ​ប្រកួត​ថ្នាក់​ជាតិ លើក​នេះ​យើង​​សង្កេត​ឃើញ​ថា​ ​ទទួល​បាន​ការរីក​ចម្រើន និងមាន​ការ​ប្លែក​នូវ​ ៥ ចំណុច​ គឺ​ទី​១​ ប្រាក់​រង្វាន់​​មាន​​ការ​​កើន​ឡើង​ ដែល​ម្ចាស់​មេដាយ​មាស​​ខ្លះ​ យើង​ផ្តល់​ជូន​បាន​រហូត​ដល់​ ៨០ ​ម៉ឺន​រៀល​ (​បូក​បន្ថែម​តម្លៃ​ខ្លួន​ប្រ​កួត​ផង​) ​ចំណែក​​មេដាយ​ប្រាក់​ និង​សំរឹទ្ធ​ ក៏​មាន​ការ​កើន​ឡើង​»​។​

លោក​បន្ត​ថា ទី​២​ គឺ​ក្រោយ​ពី​យើង​បើក​វគ្គ​បណ្តុះ​បណ្តាល​ចៅ​ក្រម​ អាជ្ញា​កណ្តាល​ យើង​កាត់​ក្តី​មាន​ប្រសិទ្ធ​ភាព​ល្អ ​យុត្តិធម៌ ​ត្រឹម​ត្រូវ​ តាម​វិជ្ជា​ជីវៈ ​ដោយ​ភាគី​ចាញ់ ​គ្មាន​ការ​តវ៉ា​ដូច​មុន ​ទី​៣ ​វិញ្ញា​សា​ប្រយុទ្ធ​ កើន​ឡើង​ស្រម​តាម​គោល​ដៅ​ ដោយយើងនឹង​​ដាក់​ឱ្យ​មាន​វិញ្ញាសា​នេះ​ច្រើន​ ក្នុង​ស៊ីហ្គេម ​ទី​៤ ​ទី​លាន​ប្រកួត ​យើង​រចនា​បាន​​ល្អ ​ដើម្បី​ស្តង់​ដាសម្រាប់​ប្រ​កួត​លក្ខណៈ​អន្តរជាតិ​ ស័ក្តិ​សម​តាម​បច្ចេកទេស ​និង​​ទី​៥ ការ​ប្រកួត​ថ្នាក់ជាតិនេះ​ មានសាលាគុន​ និង​​អត្តពលិក​ចូល​រួម​​ច្រើន​ជាង​ឆ្នាំ​មុនគឺ ១៩៣​ នាក់​ មក​ពី​ ២៤​ សា​លាគុន​ និង​ ១០​ ខេត្ត​រាជ​ធានី​។​

ចំណែក​លោក ​វី ​ដារ៉ា អគ្គ​ហេរញ្ញិក​ និង​ជា​គ្រូ​បង្វឹក​សាលា​គុន​សណ្ឋាគារ​ទែរ៉ូ ​ឈ្មោះ​ល្បុក្កតោ​រតន​ឦសានបាន​​ប្រាប់​ថា​៖​ «ឆ្នាំ​នេះ​កូន​សិស្ស​របស់​ខ្ញុំ​ មក​ពី​ខេត្ត​រតនគិរី​ ទទួល​បាន​លទ្ធផល​ល្អ​ណាស់​ ​ដែល​មិន​ធ្លាប់​មាន។ និយាយ​ទៅ​ ក្លិប​នៅខេត្ត ​ដែល​ខ្ញុំ​បណ្តុះ​បណ្តាល​ គឺ​​មក​​ប្រកួត​ ៤​ នាក់ ​បាន​មេដាយប្រាក់​​ចំនួន​ ៣​ ​​គឺ​ជា​មោទនភាព​ខ្លាំង​ ​របស់​បង​ប្អូន​ជន​ជាតិ​ភាគតិច ​នៅ​ក្លិប​រតនឦសានរបស់យើង»៕​