The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ល្បុក្កតោ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​អង្គរវត្ត

ល្បុក្កតោ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​អង្គរវត្ត

ល្បុក្កតោ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​អង្គរវត្ត

130418_24a
សកម្មភាពសម្តែងក្បាច់គុនល្បុក្កតោក្នុងកម្មវិធីអង្គរសង្រ្កាន្ត នៅខាងមុខប្រាសាទអង្គរតូច គាំ ច័ន្ទរស្មី

ភ្នំពេញ: ការ​ដាក់​បញ្ចូល​ឲ្យ​មាន​ការ​សម្តែង​ក្បាច់​គុន​កេរមរតក​ដូនតា ល្បុក្កតោ​ជា​ប្រវត្តិសាស្រ្ត ក្នុង​ព្រឹត្តិការណ៍​«អង្គរ​សង្រ្កាន្ត» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លោក ហ៊ុន ម៉ានី នៅ​អង្គរវត្ត ដើម្បី​ស្វាគមន៍​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មាន​ការ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ដែល​ការ​សម្តែង និង​ការ​ធ្វើ​សមយុទ្ធ​នៃ​ក្បាច់គុន​នេះ កាន់​តែ​ធ្វើ​ឲ្យ​ពិភព​លោក​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​រស់​ឡើង​វិញ​នៃ​ក្បាច់​គុន​ល្បុក្កតោ​របស់ខ្មែរ​។

លោក​តា​ក្រមា​មាស សាន គឹមស៊ាន ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា អស់​មួយ​ជីវិត និង​ជា​អ្នក​ទទួល​ខុសត្រូវ សម្រាប់​ការ​រៀបចំ​ការ​សម្តែង​កីឡា​ល្បុក្កតោ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ព្រឹក​ម្សិលមិញ​ថា​៖​«​ការ​ដាក់​ឲ្យ​មាន​ការ​សម្តែង​កីឡា​ល្បុក្កតោ នៅ​ក្នុង​កម្មវិធី​«អង្គរ​សង្រ្កាន្ត»​ដែល​រៀបចំ​ឡើង​ដោយ​ឯកឧត្តម ហ៊ុន ម៉ានី ដើម្បី​ស្វាគមន៍​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ពិត​ជា​ល្អ​ខ្លាំង​ណាស់»។

ព្រឹទ្ធាចារ្យ ដែល​សុខ​ចិត្ត​បោះបង់​ប្រពន្ធ​កូន​នៅ​សហរដ្ឋ​អាមេរិក មក​បង្កើត​និង​ស្រាវជ្រាវ​ក្បាច់​គុន​ល្បុក្កតោ នៅ​ប្រទេស​កំណើត​លោក សាន គឹមស៊ាន បាន​គូស​បញ្ជាក់​ថា​៖​«​នេះ​ជា​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង​ហើយ​ដែល​ល្បុក្កតោ ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​ការ​សម្តែង​ធំ​បែប​នេះ​នៅ​អង្គរ​វត្ត»។

លោក​បាន​បន្ត​ថា​៖​«ការ​សម្តែង​នេះ​ពិត​ជា​មាន​អត្ថន័យ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ខ្លាំង​ណាស់ ជា​ពិសេស​ជនជាតិ​បរទេស ព្រោះ​ការ​សម្តែង​នេះ យើង​បាន​រៀបចំ​ឡើង​នៅ​អង្គរវត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក និង​មនុស្ស​ជាតិ ហើយ​ជា​កន្លែង​ដែល​មាន​រូប​ចម្លាក់​បង្ហាញ​ពី​ការ​កកើត​នៃ​ក្បាច់​គុន​ល្បុក្កតោ របស់​យើង»។

នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ស្វាគមន៍​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​អង្គរវត្ត​កន្លង​មក​នេះ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បណ្ឌិត្យ​សភា​ល្បុក្កតោ​កម្ពុជា បាន​សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​ទេសចរណ៍ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​សម្តែង​ល្បុក្កតោ ទៅ​តាម​ទី​តាំង​ចំនួន​២​គឺ​នៅ​លើ​ទីលាន​ខាង​មុខ​អង្គរ​តូច និង​នៅ​ទីលាន​ជល់​ដំរី។

បន្ទាប់​ពី​ពិធី​បើក​ឲ្យ​មាន​ការ​សម្តែង​ជា​ផ្លូវ​ការ ដែល​បាន​រៀបចំ​ឡើង​នៅ​ខាង​មុខ​ប្រាសាទ​បាយ័ន ក្រោម​អធិបតី​ភាព​របស់​លោក​ឧប នាយក​រដ្ឋ​មន្រ្តី សុខ អាន នា​ព្រឹក​ថ្ងៃ​អាទិត្យ​មក ក្រុម​កីឡាករ កីឡា​ការិនី គ្រូ​បង្វឹក គណៈកម្មការ​រៀបចំ និង​ក្រុម​យុវជន ដែល​មាន​ការ​យល់​ដឹង និង​ចេះ​សម្តែង​ល្បុក្កតោ សរុប​ជាង​១០០​នាក់ បាន​ធ្វើ​ការ​សម្តែង​ទ្វារមេគុន​ដៃ ដំបង ដាវ ខែល និង​សម​យុទ្ធ ដៃ ដំបង​ខ្លី ដំបង​វែង ខែល -ល- យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​រាប់ពាន់​នាក់ ហើយ​នៅក្នុង​អំឡុង​ពេល​សម្តែង​នោះ អ្នក​យក​ព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ផ្តិត​យក​រូបភាព និង​សកម្មភាព​នៃ​ការ​សម្តែង​នោះ យក​ទៅ​ផ្សព្វផ្សាយ​ឲ្យ​ពិភព​លោក​មើល​ឃើញ​ពី​ភាព​រស់​ឡើង​វិញ​នៃ​ក្បាច់​គុន​ល្បុក្កតោ ផង​ដែរ។

លោក សាន គឹមស៊ាន បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​៖​«​ការ​រៀបចំ​ឲ្យ​មាន​ការ​សម្តែង​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ពិភព​លោក​ បាន​មើល​ឃើញ​ពី​ភាព​រស់​ឡើង​វិញ​នៃ​ក្បាច់​គុន​កេរមរតក​ដូនតា​របស់​យើង ដែល​បាន​បាត់បង់​អស់​រយៈពេល​ជាង​២០០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ ហើយ​ឆ្លង​កាត់​ការ​សម្តែង​អស់​រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ ជា​ពិសេស​ជនបរទេស ដែល​មាន​ការ​ចង់ដឹង និង​ចង់ឃើញ​ពី​កេរដំណែល​របស់​ខ្មែរ​នោះ មាន​ការ​ភ្ញាក់​ផ្អើល និង​រំភើប​ខ្លាំង​ណាស់ នៅ​ពេល​ពួកគេ​បាន​ឃើញ​ពី​ការ​សម្តែង​កីឡា​ល្បុក្កតោ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​បែប​នេះ»។

លោក​តា​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​៖​«ហេតុ​នេះ​បើ​សិន​ជា​ខាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​ដូចជា​រាជ​រដ្ឋាភិបាល រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បែប​នេះ​នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ សម្រាប់​ពេល​ក្រោយ​ៗ​ទៀត ល្បុក្កតោ នឹង​មាន​ការ​សម្តែង និង​សមយុទ្ធ​ប្លែក​ៗ​ជា​ច្រើន​ទៀត សម្រាប់​បង្ហាញ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​មើល​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​ក្បាច់​គុន​មរតក​ដូនតា»៕

អត្ថបទគួរចាប់អារម្មណ៍