ភ្នំពេញៈ ប្រតិភូ​កីឡា​ល្បុក្កតោ​កម្ពុជា មាន​គ្នា ៨ នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាងត្បូង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ប្រជែង​លើ​ប្រភេទ​ក្បាច់​គុន ដែល​ជា​អត្ត​សញ្ញាណ​ជាតិ ជាមួយ​បណ្តា​ប្រទេស​មាន​ក្បាច់​គុន​ជា​របស់​ខ្លួន​ចំនួន ២១ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ ឆ្នាំ ២០១៨ ដែល​ត្រូវ​ធ្វើ​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៨ ខែ​តុលា​នេះ។

លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បានចាត់ទុក​ការ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​នេះ​ថា ជា​ពេល​វេលា​ដ៏​មាន​តម្លៃ ដែល​ក្រុម​ល្បុក្កតោ​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ក្បាច់​គុន​របស់​ខ្មែរ ឲ្យ​ពិភពលោក​បាន​ឃើញ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដាក់ កីឡា «គុន​ល្បុក្កតោ» ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​តម្លៃ​នេះ មិន​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​នៅ​ក្នុង​ប្រភេទ​ព្រឹត្តិការណ៍ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រដ្ឋាភិបាល ពេល​ឈ្នះ​បាន​មេដាយ​នោះ​ទេ។

ប្រធាន​ប្រតិភូ​ដឹកនាំ​ការប្រកួត លោក អ៊ូ តារា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គារ​ថា៖ «ការ​ចូលរួម​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​អន្តរជាតិ​នេះ គឺ​កម្ពុជា​យើង​ទទួល​បាន​អត្ត​ប្រយោជន៍​ច្រើន​ណាស់ ព្រោះ​យើង​មាន​ឱកាស​បង្ហាញ​នូវ​មរតក​វប្បធម៌​ផ្នែក​ក្បាច់​គុន​របស់​យើង នៅ​ក្នុង​កម្មវិធី​ដ៏​ធំ ដែល​ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​យូណេស្កូ ហើយ​ស្រប​ពេល​ដែល​កម្ពុជា បាន​ស្នើ​សុំ​ដាក់ គុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ទៅ​ទៀត»។

លោក​បាន​បន្ថែមថា៖ «ខ្មែរ​យើង​មាន​ក្បាច់គុន​ជា​អត្តសញ្ញាណ​ជាតិ​ផ្ទាល់ខ្លួន ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​យើង​មិន​សូវ​បាន​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ទើប​គេ​មិន​សូវ​ស្គាល់​យើង អ៊ីចឹង​ការ​ចូលរួម​កម្មវិធី​នេះ ជា​ឱកាស​ដែល​យើង​បាន​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​ពី​អ្វី​ដែល​យើង​មាន ហើយ​ប្រទេស​ចំនួន ២០ ទៀត ក៏​គេ​បង្ហាញ​ពី​ក្បាច់​គុន​អត្ត​សញ្ញាណ​ជាតិ​របស់​គេ​ដែរ តែ​ប្រទេស​ដែល​គ្មាន​ក្បាច់​គុន ជា​អត្ត​សញ្ញាណ គេ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ»។

​ក្រុម​អត្តពលិក​កីឡាល្បុក្កតោ បាន​ថត​រូបរួម​គ្នាជាមួយ​លោក ច័ន្ទ សារុន និង​ថ្នាក់​ដឹកនាំ​​ផ្សេង​​ទៀត បន្ទាប់​ពី​ពូក​គេ​បាន​​ប្រកួត​សម​គ្នា នៅ​ទី​ស្នាក់ការ NOCC កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។រូបភាព សហការី

គួររំឭកថា សហព័ន្ធ​កីឡា​ល្បុក្ក​តោ​កម្ពុជា ដែលជា​សមាជិក​របស់​សម្ព័ន្ធ​កីឡា​យុទ្ធសិល្ប៍​ពិភពលោក ច្រើន​ឆ្នាំ​មក​ហើយ​នោះ ធ្លាប់​បាន​បញ្ជូន​ក្រុម​ល្បុក្កតោ ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​នេះ បាន​ត្រឹម ២ ដង​ទេ។ ការ​ចូល​រួម​លើក​ទី ១ កាល​ពី​ឆ្នាំ ២០១៣ កម្ពុជា​បាន​លេខ ២ ក្នុង​ការ​ប្រកួត​ជា​ក្រុម ប៉ុន្តែ​ការ​ចូលរួម​លើក​ទី ២ កាល​ឆ្នាំ ២០១៥ កម្ពុជា មិន​ដណ្តើម​បាន​មេដាយ​ទេ ហើយ ២ ឆ្នាំ​បន្ទាប់​មក​ទៀត យើង​បាន​អវត្តមាន។

លោក អ៊ូ តារា បាន​និយាយថា៖ «ការចូលរួម ២ លើក​កន្លងមក គឺមាន​ភាព​ស្តួចស្តើង និង​មិន​បាន​ពេញ​មុខ ដោយ​សារ​យើង​មាន​ការ​ខ្វះខាត​ច្រើន ក្នុង​ការ​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម ប៉ុន្តែ​លើក​នេះ​ឯកឧត្តម​ប្រធាន​សហព័ន្ធ (ច័ន្ទ សារុន) បាន​ជួយ​ជ្រោម​ជ្រែង ឲ្យ​យើង​បាន​ចូលរួម​ប្រកួត​ទាំង ៦ វិញ្ញាសា​តែ​ម្តង ដោយ​ឯក​ឧត្តម​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ៥០០០ ដុល្លារ ក្នុង​ការ​បញ្ជូន​អត្តពលិក ៦ នាក់ គ្រូបង្វឹក​ម្នាក់ និង​ប្រតិភូ​ម្នាក់​ទៅ​ចូលរួម​ការ​ប្រកួត​នេះ»។

អត្ត​ព​លិ​ក​ទាំង ៦ នាក់ ដែល​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​ការប្រកួត​កីឡា​យុទ្ធសិល្ប៍ ឆ្នាំ ២០១៨ នេះ រួម​មាន​កីឡាករ វី តារ៉ា, សយ ផាន់និច, គីម ទិត្យ​សុវឌ្ឍនៈ, ឌឹប ង៉ែត កីឡាការិនី យស់ សញ្ចណា និង ស៊ិន សៀវ​សៀន ឯ​គ្រូបង្វឹក គឺ​លោក អ៊ុង ដារិទ្ធ ហើយ​ពួកគេ​ត្រូវ​ប្រកួត​សម្តែង នៅ​លើ​វិញ្ញាសា​ឯកត្តជន​ប្រើ​ដៃ ឯកត្តជន​ប្រើ​អាវុធ សម​យុទ្ធ​គូ​ប្រើ​ដៃ សម​យុទ្ធ​គូ​មាន​អាវុធ សម្តែង​ក្បាច់​គុន​ចម្រុះ​បែប​ច្នៃ​ប្រឌិត (ប្រើ​ដៃ អាវុធ ហក់​លោត) និង​ប្រកួត​ជា​ក្រុម។

លោក អ៊ូ តារា បាន​បញ្ជាក់ថា៖ «ការ​ចេញទៅ​ប្រកួត​លើក​នេះ យើង​ត្រៀមខ្លួន​បានល្អ ហើយ​យើង​មាន​រំពឹង​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ ជា​ពិសេស​នៅ​លើ​វិញ្ញាសា​សមយុទ្ធ​គូ​នារី គូ​បុរស និង​ប្រកួត​ជា​ក្រុម ប៉ុន្តែ​យើង​ត្រូវ​ប្រឈម​ដៃគូ​ប្រកួត​របស់​យើង​ខ្លាំងៗ ពិសេស​ប្រទេស​ធំៗ ដែល​គេ​មាន​ការ​អភិវឌ្ឍ​យូរ​ឆ្នាំ ទាក់ទង​នឹង​ក្បាច់​គុន​បុរាណ​នេះ ហើយ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ពី ៨ ទៅ ១២ អង្សាសេ នៅ​កូរ៉េ ក៏​ជា​កង្វល់​របស់​យើង​ផង​ដែរ»៕