ភ្នំពេញ៖ ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា លោក​ ច័ន្ទ ​សារុន ​និង ​លោក ​វ៉ាត់ ចំរើន ​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ ដើម្បី​ឲ្យ​គ្រប់​សមាជិក​ក្លិប ​និង​សាលា​គុន​ទាំង ​៣៥ នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បន្ត​អនុវត្ត ​ដើម្បី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ក្នុង​​ការប្រកួត​​ស៊ីហ្គេម​ឆ្នាំ ​២០២៣​ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ ហើយ​តាម​សកម្មភាព និង​សក្តានុពល​របស់​កីឡា​គុន​ល្បុក្កតោ​ គឺ​អាច​មាន​លទ្ធភាព​​​ខ្ពស់​ក្នុង​ការ​​ដណ្តើម​​ជយលាភី​ល្អ​​ជូន​ជាតិ។​

លោក​ ច័ន្ទ ​សារុន ​បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ និង​លើក​ទិស​ដៅ​បន្ត​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​ថា​៖ «​យើង​ត្រូវ​ពង្រឹង​យន្តការ​ច្បាប់​ លក្ខន្តិកៈ ​បទបញ្ជា​ផ្ទៃ​ក្នុង និង​​កែ​សម្រួល​ឲ្យ​​មាន​សាមគ្គីភាព​គ្នា​ល្អ​ ​និង​ក្រម​សីលធម៌ ព្រោះ​​កីឡា​ ត្រូវ​មាន​​តម្លាភាព​ ក្នុង​នោះ​គ្រូ​បង្វឹក និង​អត្តពលិក ​ត្រូវ​គោរព​តាម​ឋានានុក្រម និង​​ចូលរួម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ក្នុង​ការ​​​ស្វែង​រក​អត្តពលិក​ឆ្នើម​មាន​សមត្ថភាព ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ»​។​​

ចំណែក​លោក ​វ៉ាត់ ​ចំរើន ​ ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ​៣២ ឆ្នាំ ​២០២៣​ (CAMSOC) ​និង​​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​បាន​​ថ្លែង​ថា ​​តាម​ការ​ប្រឹងប្រែង​រួម​គ្នា​កន្លង​មក​នេះ វៀតណាម ​ឡាវ​ ហ្វីលីពីន ​ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា ជាដើម បាន​យល់​​ស្រប​ចូលរួម​ជួយ​រៀបចំ​កីឡា​គុន​ល្បុក្កតោ​ សម្រាប់​ដំណើរ​ការ​ប្រកួត​​ស៊ី​ហ្គេម​លើក​ទី ៣២​ ឆ្នាំ ​២០២៣ នៅ​កម្ពុជា​ ប៉ុន្តែ​បច្ចុប្បន្ន​យើង​​​កំពុង​មាន​ភាព​លំបាក​ស្មុគស្មាញ​ខ្លះ ​ដែល​​​ត្រូវ​រួមគ្នា​ពុះពារ​ដោះស្រាយ​ និង​រួម​អនុវត្ត​ធ្វើ​ទាំង​អស់​គ្នា​ ទើប​អាច​សម្រេច​ទៅ​បាន។​

អគ្គលេខាធិការ​ NOCC លោក​ វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ ​«​យើង​ត្រូវ​ត្រៀម​គ្រូ​បង្វឹក ​ទៅ​បង្រៀន​គេ ​អំពី​ច្បាប់​ និង​បទបញ្ជា​នៃ​ការ​ប្រកួត ដើម្បី​ឲ្យ​​គេ​​ចេះ​របៀប​បច្ចេកទេស​ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​យើង ​ហើយ​ការ​ឈ្នះ​ ឬ​ចាញ់ ​ត្រូវ​តែ​ឲ្យ​មាន​តម្លាភាព​។​ ហេតុ​នេះ​ចាប់​ពី​ឥឡូវ​នេះ​ទៅ​ យើង​ត្រូវ​ត្រៀម​រៀបចំ​បទ​បញ្ជា​នៃ​ការ​ប្រកួត​ជា​កម្រិត​អន្តរជាតិ​ ហើយ​តាម​លោក ​អ៊ុក សិទ្ធិជាតិ ​អគ្គនាយក​កីឡា​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ ​នឹង​ស្នើ​សុំ​ថវិកា​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ដើម្បី​រៀបចំ​ការប្រកួត​​កម្រិត​អាស៊ី​អាគ្នេយ៍ ​ដើម្បី​ឲ្យ​​បណ្ដា​ប្រទេស​មួយ​ចំនួន​មក​ជួប​ជុំ​គ្នា ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ផ្ទាល់​តែ​ម្តង​»​។

ចំណែក​លោក ​អ៊ូ ​តារា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​បច្ចុប្បន្ន ​កីឡា​ល្បុក្កតោ​មាន​សាលា​គុន​ចំនួន ​៣៥ ​នៅ​ទូទាំង ​១២ ​ខេត្ត​ និង​​រាជធានី​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ ​យើង​បាន​ធ្វើ​ការ​ជាមួយ​ក្រសួង​ការពារ​ជាតិ​ក្នុង​ការ​បង្វឹក​ក្បាច់​គុន​ល្បុក្កតោ ទៅ​ដល់​កង​ទ័ព​​ គឺ​មាន​កង​ពល​លេខ ​៥១ ​នៃ​ភូមិ​ភាគ ​៥​ ដែល​បង្វឹក ​និង​បណ្តុះបណ្តាល​បាន​ល្អ​ប្រសើរ​។

លោក​បាន​បន្ត​ថា ​នៅ​លើ​ឆាក​អន្តរជាតិ​យើង​មាន​កីឡា​គុន​ល្បុក្កតោ​ចំនួន ​២០ ​ប្រទេស ​ហើយ​ក្នុង​នោះ​នៅ​សល់​ប្រទេស​ចំនួន ​៤ ​មិន​ទាន់​ចេញ​អាជ្ញាប័ណ្ណ។ ប្រទេស​ចំនួន ​២០ ​នោះ​មាន បារាំង អៀរឡង់ អ៊ីរ៉ង់ ម៉ារ៉ុក អ៊ីរ៉ាក់ ​​​គុយវ៉ែត​ អូម៉ង់ ​តួកគី​ អាហ្វហ្គានីស្ថាន ​អាល់ហ្ស៊េរី ​ទុយនេស៊ី​ សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ ហ្វីលីពីន ឥណ្ឌា ​ស្រីលង្កា​ ម៉ាឡេស៊ី​ វៀតណាម​ ឡាវ និង​ប្រទេស​មីយ៉ាន់ម៉ា​។​ លោក​បន្ថែម​ថា​ តាម​ផែនការ ​គឺ​ចាប់​ពី​ឆ្នាំ ​២០២១ ​ទៅ​ យើង​អាច​នឹង​បញ្ជូន​គ្រូ​បង្វឹក​ ចេញ​ទៅ​ក្រៅ​ប្រទេស ​ដើម្បី​ជួយ​ប្រទេស​ដែល​ជា​សមាជិក​៕