The Phnom Penh Post Search

Search form

ល្បុក្កតោ ត្រៀម​ជាង ២០០ នាក់ ទៅ​សម្តែង​តាម​ខេត្ត ថ្ងៃ​ចូល​ឆ្នាំ

Content image - Phnom Penh Post
ការ​សម្តែង​ក្បាច់​គុន​ល្បុក្ក​តោ ក្នុង​ព្រឹត្តិការណ៍មួយ​កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

ល្បុក្កតោ ត្រៀម​ជាង ២០០ នាក់ ទៅ​សម្តែង​តាម​ខេត្ត ថ្ងៃ​ចូល​ឆ្នាំ

ភ្នំពេញ: កីឡា​ល្បុក្កតោ​កម្ពុជា​ច្រើន​ជាង ២០០ នាក់ នឹង​ចេញ​ទៅ​ប្រកួត និង​សម្តែង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នា​ថ្ងៃ​ទី ១៤ ដល់​ទី ១៦ ខែ​មេសា ឆ្នាំ ២០១៨ ខណៈ​ខេត្ត​ដែល​ពួកគេ​ចេញ​ទៅ​សម្តែង​រួម​មាន ខេត្ត​សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរ​មានជ័យ ដែល​បាន​ប្រារព​ធ្វើ​មហា​សង្ក្រាន្ត​ស្រប​ពេល​គ្នា។

លោក​អ៊ួ តារា អគ្គលេខា​ធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «សហព័ន្ធ​បាន​ត្រៀម​អត្តពលិក​ល្បុក្កតោ​ច្រើន​ជាង ២០០ នាក់​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​មហា​សង្ក្រាន្ត​មាន​ដូចជា​ខេត្ត​សៀមរាប ខេត្ត​ព្រៃវែង ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​បាត់ដំបង និង​ឧត្តរ​មានជ័យ»។

ជាមួយគ្នានេះ មាន​សាលា​គុន​សរុប​ចំនួន ១៥ ដែល​មកពី​រាជធានី​ភ្នំពេញ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពត សៀមរាប និង​ពោធិ៍សាត់។ លោក​បាន​បន្ត​ថា មហា​សង្ក្រាន្ត​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ខេត្ត​សៀមរាប មាន​អត្តពលិក​ល្បុកតោ​ជិត ២០០ នាក់​ច្រើន​ជាង​គេ ដែល​ភាគ​ច្រើន​មក​ពី​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប​ខ្លះ ដែល​ដឹក​នាំ​ទៅ​ចូលរួម​ដោយ​ខ្ញុំ និង​លោក​តា​ក្រមា​មាស​សាន គឹមស៊ាន។ ចំណែក​នៅឯ​ខេត្ត​ព្រៃវែង មាន​កីឡាករ-កីឡាការិនី​តិចតួច​គឺ​ដូចគ្នា​ទៅ​នឹង​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ឧត្តរ​មានជ័យ»។

លោក​សាន គឹមស៊ាន បណ្ឌិតសភា​ល្បុក្កតោ​ខេត្តសៀមរាប បាន​ប្រាប់​ថា៖ «ក្នុង​ចំណោម​អត្តពលិក​ចំនួន​ជិត ២០០ នាក់ មាន​មក​ពី​រាជធានី​ភ្នំពេញ និង​សាលា​គុន​មួយ​ចំនួន ហើយ​ក្នុង​នោះ ល្បុក្កតោ​នៅ​ខេត្ត​សៀមរាប​គឺ​មាន​តែ ១៥ នាក់​ប៉ុណ្ណោះ»។

លោក​សាន គឹមស៊ាន បាន​បន្តថា៖ «ជា​រៀងរាល់ឆ្នាំ រដូវចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​មហា​សង្ក្រាន្ត កីឡាករ និង​គ្រូ​ល្បុក្កតោ​តែង​តែ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​មិន​គិត​ពី​តម្លៃ​ខ្លួន​ប្រកួត​នោះ​ឡើយ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​គណៈកម្មការ​រៀបចំ​មហា​សង្ក្រាន្ត​បុណ្យ​ប្រពៃ​ណី​ខ្មែរ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​អាហារ​ហូប​ចុក ការ​ស្នាក់នៅ​សមរម្យ និង​សោ​ហ៊ុយ​ជិះ​រថយន្ត​ទៅ​មក​ផង​ដែរ»។

លោក​ហុក ឈាង​គីម គ្រូ​ល្បុក្កតោ​ដែល​ធ្លាប់​ដឹកនាំ​កីឡាករ​កីឡាការិនី​ទៅ​សៀមរាប​កន្លង​មក មាន​ប្រសាសន៍​ថា៖ «ចូល​ឆ្នាំ ២០១៨ នេះ ខ្ញុំ​ដឹកនាំ​កីឡា​ល្បុក្កតោ​ទៅ​មហា​សង្ក្រាន្ត​នៅ​ខេត្ត​ព្រៃវែង មាន​ចំនួន​ជាង ១០ នាក់​ប៉ុណ្ណោះ។ សម្រាប់​ខេត្ត​ផ្សេង​ទៀត​មាន​បាត់ដំបង បន្ទាយ​មានជ័យ និង​ឧត្តរ​មានជ័យ មាន​គ្រូ​ល្បុក្កតោ​ផ្ទាល់​របស់​សាលា​គុន​ដឹក​នាំ​ទៅ​តែ​ម្តង»។

តាម​ការអះអាង​ពី​លោក​អ៊ួ​តារា ដែលជា​អគ្គលេខាធិការ អត្តពលិក​ល្បុក្កតោ​មាន​ចំនួន​ច្រើន​ជាង​រាល់​ឆ្នាំ ដោយសារ​នៅ​ខេត្ត​ចំនួន ៤ ទៀត​ប្រារព្ធ​ធ្វើ​មហា​សង្ក្រាន្ត​ដូចគ្នា៕

អត្ថបទគួរចាប់អារម្មណ៍