The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ល្បុក្កតោ និង​សីដក់ ឈ្នះ​​មេដាយ ឯ U22 ជួប​មីយ៉ាន់ម៉ា

ល្បុក្កតោ និង​សីដក់ ឈ្នះ​​មេដាយ ឯ U22 ជួប​មីយ៉ាន់ម៉ា

Content image - Phnom Penh Post
​ក្រុម​សីដក់​កម្ពុជា បាន​បង្ហាញ​ទង់​ជាតិ​ និងមេដាយប្រាក់ ដែលដណ្តើម​បាន។ រូប CAMSOC

ល្បុក្កតោ និង​សីដក់ ឈ្នះ​​មេដាយ ឯ U22 ជួប​មីយ៉ាន់ម៉ា

ភ្នំពេញ៖ ​ក្រុម​ល្បក្កតោ​កម្ពុជា ​បង្កើត​បាន​នូវ​ប្រវត្តិសាស្រ្តដ៏​ថ្មី​សន្លាង​មួយ​នៅ​ក្នុង​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង ក្នុងព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម នៅ​​ប្រទេស ​ហ្វីលីពីន ខណៈ​ពួក​គេ​បាន​បើក​ឆាក​ជាមួយ​ការ​ឈ្នះ​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ក្រុម​សីដក់ ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​ផង​ដែរ ចំណែក​ក្រុម​បាល់​ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ​២២ ​ឆ្នាំ នឹង​បន្ត​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​មីយ៉ាន់ម៉ា នៅ​យប់​ថ្ងៃ​ចន្ទ​នេះ។

គិត​ត្រឹម​ម៉ោង ​៦ ​ល្ងាច កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ក្រុម​ល្បុក្កតោ​កម្ពុជា​ដែល​បាន​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា Arnis របស់​ម្ចាស់​ផ្ទះ​ហ្វីលីពីន​នោះ ដណ្តើម​បាន​មេដាយ​ប្រាក់ ​១ និង​សំរឹទ្ធ ​២ នៅ​ក្នុង​ការ​ប្រកួត​វិញ្ញាសា Live Stick ដោយ​ក្នុង​នោះ​កីឡាករ យ៉ុង ម៉េងលី ជា​អ្នក​ដណ្តើម​បាន​មេដាយ​ប្រាក់ ក្រោយ​រូប​គេ​ចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំណែក​មេដាយ​សំរឹទ្ធ​ទាំង ​២ រក​បាន​ដោយ​កីឡាករ សុខ ឈុន និង​កីឡាករ ឌឹប ង៉ែត ប៉ុន្តែ​ការ​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់ និង​សំរឹទ្ធ​នេះ នៅ​មិន​ទាន់​ឈាន​ដល់​ការ​សម្រេច​គោលដៅ​របស់​សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​នៅ​ឡើយ​ទេ ព្រោះ​ពួក​គេ​កំណត់​​ឈ្នះ​ឲ្យ​​បាន​មេដាយ​មាស ​ពី​​ស៊ីហ្គេម​លើក​នេះ។ រីឯ​ក្រុម​កីឡាករ​សីដក់ ​បាន​ឈ្នះ​មេដាយ​ប្រាក់ ​១ ខណៈ​ប្រភេទ​កីឡា​ចំនួន​ចំនួន​ទៀត​ មាន​កីឡា​រាំ កាយសម្ព័ន្ធ បាល់​ទះ​ឆ្នេរ​ខ្សាច់ វាយសី បាល់​បោះ វិញ្ញាសា ៣x៣ ក៏​ចាប់​ផ្តើម​ប្រកួត​ជម្រុះ កាល​ពី​ម្សិលមិញ​នោះ​ដែរ។

ដោយ​ឡែក​ក្រុម ​U22 កម្ពុជា ​ដែល​បាន​បើក​ឆាក​ជាមួយ​ការ​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ១-១ និង​ឈ្នះ​ក្រុម​ទីម័រខាង​កើត ៥-០ នោះ នឹង​ត្រូវ​​ប្រកួត​ជម្រុះ​លើក​ទី ​៣ ជាមួយ​ក្រុម​មីយ៉ាន់ម៉ា នៅ​ពហុកីឡដ្ឋាន Binan Football នា​យប់​ម៉ោង ​៧ ថ្ងៃ​ចន្ទ​នេះ ខណៈ​គ្រូ​បង្វឹក​កម្ពុជា​បាន​ចាត់​ទុក មីយ៉ាន់ម៉ា ជា​ក្រុម​ខ្លាំង​មួយ ដែល​ពិបាក​នឹង​ទប់​ទល់។

Content image - Phnom Penh Post
យ៉ុង ម៉េងលី (ក្រហម) ពេលប្រកួតជាមួយ​កីឡាករ​ម្ចាស់​ផ្ទះហ្វីលីពីន។ CAMSOC

លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​បាន​ថ្លែង​ជុំវិញ​គុណភាព​លេង​របស់​ក្រុម​មីយ៉ាន់ម៉ា​យ៉ាង​ដូច្នេះ​ថា៖ ​«​យើង​បាន​ចាត់​ទុក មីយ៉ាន់ម៉ា​ថា ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​ពូល​នេះ ព្រោះ​ការ​រៀបចំ​របស់​គេ​ក៏​ធ្វើ​បាន​ល្អ ជាពិសេស​គុណភាព​ដឹកនាំ​របស់​គ្រូ​បង្វឹក ហេតុ​នេះ​​យើង​គិត​ថា ការ-​ជួប​ក្រុម​មួយ​នេះ​អាច​ជា​ការ​ប្រកួត​ប្រជែង​មួយ​ខ្ពស់»។

សម្រាប់​ការ​ប្រកួត​ជម្រុះ ៣ ​លើក ​ប្រចាំ​ពូល ​A នេះ ក្រុម​មីយ៉ាន់ម៉ា នៅ​មិន​ទាន់ ស្គាល់​ការ​ចាញ់​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​បាន​ស្មើ ១-១ ជាមួយ​ក្រុម​ម៉ាឡេស៊ី ក្នុង​ថ្ងៃ​បើក​ឆាក រួច​បាន​បន្ត​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ២-១ និង​ឈ្នះ​ទីម័រ ​៣-១ ហើយ​លទ្ធផល​នេះ ​បាន​ជួយ​ឲ្យ​ពួក​គេ កំពុង​​ឈរ​នៅ​លេខ ​១ ​ប្រចាំ​ពូល A ជា​បណ្តោះ​អាសន្ន ដោយ​មាន ​៧ ពិន្ទុ។

យ៉ាង​ណា​ក៏​ដោយ ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​របស់​ក្រុម​មីយ៉ាន់ម៉ា នឹង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​ បើ​សិន​ជា​ពួក​គេ មិន​អាច​ដណ្តើម​បាន​ ៣ ពិន្ទុ ​ពី​ក្រុម​កម្ពុជា​នៅ​ថ្ងៃ​នេះ។ ចំណែក​ក្រុម​កម្ពុជា ក៏​ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​ផង​ដែរ ព្រោះ​ជ័យ​ជម្នះ​លើ​ក្រុម​មីយ៉ាន់ម៉ា នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​​ភាគរយ​ខ្ពស់​បំផុត ក្នុង​ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​ប្រវត្តិសាស្រ្ត ខណៈ​ការ​ជួប​គ្នា​ ៧ ​លើក ការ​ប្រកួត​ស៊ីហ្គេម​នេះ ក្រុម​កម្ពុជា​បាន​ឈ្នះ​ ១ ស្មើ​ ២ និង​ចាញ់​មីយ៉ាន់ម៉ា​ចំនួន​ ៤​ ដង៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។