The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ល្បុក្កតោ រំពឹង​ឈ្នះ​មេដាយ​មាស​​ទី ​២ ដើម្បី​បំពេញ​តាម​គោលដៅ

ល្បុក្កតោ រំពឹង​ឈ្នះ​មេដាយ​មាស​​ទី ​២ ដើម្បី​បំពេញ​តាម​គោលដៅ

Content image - Phnom Penh Post
ក្រុម​ល្បុក្កតោ បាន​បង្ហាញ​ទង់ជាតិ និងមេដាយ ដែលពួក​គេ​ដណ្តើម​បាន ពេលថតជាមួយ​នាយ​បេសកកម្ម។

ល្បុក្កតោ រំពឹង​ឈ្នះ​មេដាយ​មាស​​ទី ​២ ដើម្បី​បំពេញ​តាម​គោលដៅ

ភ្នំពេញ៖ ​​កីឡាករ​ល្បុក្កតោ​កម្ពុជា ​បាន​បង្ហាញ​នូវ​ក្តី​រំពឹង ក្នុង​ការ​ប្រមាញ់​បាន​មេដាយ​មាស​ទី ​២ ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ឲ្យ​​ប្រទេស ​កម្ពុជា គឺ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ​បាន​មេដាយ​មាស ​១ ប្រាក់ ​២ និង​សំរឹទ្ធ ​១៣ ដែល​ពួក​គេ​ដណ្តើម​បាន​លើ​ការ​​ប្រកួត​​​កីឡា​ Arnis កាល​ពី​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធកីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ជា​ប្រធាន​ដឹកនាំ​ការ​ប្រកួត​ ​បាន​ប្រាប់​ពី​ប្រទេស ​ហ្វីលីពីន មក​ថា ការ​ដណ្តើម​បាន​មេដាយ​មាស​របស់​កីឡាករ យ៉ុង ម៉េងលី ​​វា​បាន​ក្លាយ​ជា​កំណត់ត្រា​ដ៏​ល្អ​បំផុត ចំពោះ​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​របស់​ល្បុក្កតោ​កម្ពុជា ប៉ុន្តែ​ជ័យជម្នះ​នេះ នៅ​មិនទាន់​ស្រប​តាម​គោលដៅ ដែល​ថ្នាក់​ដឹកនាំ​ដាក់​ឲ្យ​នៅ​ឡើយ​ទេ។

អគ្គលេខាធិការ​វ័យ​ក្មេង​រូប​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​ហ្វេសប៊ុក​ថា៖ ​«បើ​តាម​គោលដៅ ដែល​ថ្នាក់​ដឹកនាំ​បាន​ជូន​នៅ​ក្នុង​ផែនការ គឺ​យើង​ត្រូវ​រក​​មេដាយ​មាស​ឲ្យ​បាន ​២ សម្រាប់​កីឡា​ល្បុក្កតោ នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នេះ ហើយ​នៅ​ពេលនេះ​យើង​រក​បាន ​១ ​ហើយ អ៊ីចឹង​រំពឹង​ថា យើង​នឹង​រក​បាន​ ១ ​ទៀត សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ ស្អែក(ថ្ងៃ​អង្គារ​នេះ) ព្រោះ​យើង​នៅ​សល់ ៤ វិញ្ញាសា​ទៀត ដែល​​ត្រូវ​ប្រកួត»។

សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នោះ កីឡាករ យ៉ុង ម៉េងលី បាន​ក្លាយជា​អត្តពលិក​ដំបូង​គេ ដែល​ដណ្តើម​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ៣០ នេះ បន្ទាប់​ពី​រូប​គេ​​បាន​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន Valenzuela Billy Joel ដោយ​លទ្ធផល ៦-៣ ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រភេទ​ទម្ងន់​លើ ៦០ គីឡូក្រាម ដល់​​ក្រោម ៦៥ គ.ក្រ​ ខណៈ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ម៉េងលី បាន​យក​ឈ្នះ​កីឡាករ​របស់​​មីយ៉ាន់ម៉ា។

បន្ថែម​លើ​នេះ ការ​ប្រកួត​កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ដែរ កីឡាករ​ល្បុក្កតោ​កម្ពុជា ក៏​ដណ្តើម​មាន​មេដាយ​សំរឹទ្ធ​ចំនួន ​៧ ​ទៀត​ផង​ដែរ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​បាន​មេដាយ​ប្រាក់ ​២ និង​សំរឹទ្ធ ៦ កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​អ្នក​ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ​បន្ថែម​នេះ រួម​មាន​កីឡាករ ឌឹម ង៉ែត, សុក ឈុន,មឿន ប៊ុនលី កីឡាការិនី ខៀវ ចិន្តារ័ត្ន, យស់ សញ្ចនា, ស៊ី វ៉ាន់សូនីតា និង កីឡាការិនី បូ ចន្ធី បន្ទាប់​ពី​អ្នក​ទាំង ​៧ បាន​ធ្លាក់​ក្នុង​វគ្គ ​១/២ ​ផ្តាច់ព្រ័ត្រ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា​នោះ។

តាមរយៈ​ជយលាភី​ដែល​ដណ្តើម​បាន​កាល​ពី​ម្សិលមិញ​នោះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ១៧ ក្នុង​នោះ​មាន​មេដាយ​មាស ​១ ប្រាក់ ​៣ និង​សំរឹទ្ធ ​១៣ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​កម្ពុជា ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ​៧ ក្នុង​ចំណោម​ប្រទេស​ចូល​រួម​ទាំង ​១១ ​ប្រទេស ជា​បណ្តោះ​អាសន្ន គិត​ត្រឹម​យប់​ម៉ោង ​៨ ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។

លោក វ៉ាត់ ចំរើន នាយបេសកកម្ម​ស៊ីហ្គេម​បាន​ថ្លែង​ក្រោយ​ពេល​កីឡាករ យ៉ុង ម៉េងលី ដណ្តើម​បាន​មេដាយ​មាស​នៅ​ហ្វីលីពីន​ថា៖ ​«​ក្នុង​នាម​ជា​នាយ​បេសកកម្ម​ស៊ីហ្គេម ខ្ញុំ​មាន​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​​កីឡាករ​ល្បុក្កតោ​បាន​ឈ្នះ​មេដាយ​មាស លើ​ការ​ប្រកួត​កីឡា Arnis លើក​ដំបូង​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ​ថោង ខុន ហើយ​មេដាយ​នេះ បាន​​ធ្វើ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម និង​ក្តី​រំពឹង​សម្រាប់​ប្រតិភូ​កីឡា​ជាតិ​យើង​ទាំង​មូល ដែល​បាន​ចូលរួម​ប្រកួត​ស៊ីហ្គេម​​នេះ»។

លោក​​បន្ថែម​ថា៖ ​«​បន្ថែម​លើ​នេះ ក្រុម​ល្បុក្កតោ ក៏​ដណ្តើម​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ ជា​ច្រើន​ទៀត​ផងដែរ ហើយ​ការ​ឈ្នះ​មេដាយ​មាស​​នេះ ជា​គំរូ និង​លើក​ទឹក​ចិត្ត​​ដល់​កីឡាករ កីឡាការិនី​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់ ឲ្យ​ខិតខំ​​ប្រឹងប្រែង​ស្វែងរក​មេ​ដាយមាស​បន្ត​ទៀត ហេតុ​នេះ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ​កម្ពុជា ជួយ​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​របស់​យើង ព្រោះ​​យើង​ទាំង​អស់​គ្នា​​បាន​ខិតខំ​ប្រឹងប្រែង​ណាស់ ដើម្បី​ប្រកួត​ដណ្តើម​មេដាយ​ជូន​ជាតិ»៕

អត្ថបទគួរចាប់អារម្មណ៍