ភ្នំពេញ៖ មន្រ្តី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​​កម្ពុជា ​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​កាន់​តែ​​ខ្ពស់ ទៅ​លើ​ក្រុម​អត្តពលិក​របស់​ខ្លួន​ថា ​​អាច​នឹង​​ដណ្តើម​បាន​មេដាយ​មាស ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​របស់​គុន​ល្បុក្កតោ សម្រាប់​ការ​ចូលរួម​ជា​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន ​ពី​ថ្ងៃ​ទី ​៣០ ខែ ​វិច្ឆិកា ដល់​ថ្ងៃទី ​១១ ខែ ធ្នូ ឆ្នាំ ​២០១៩។​

បើ​ទោះបី​ជា​ការ​ទៅ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម ជា​លើក​ដំបូង​នេះ ក្រុម​ល្បុក្កតោ ​ត្រូវ​ប្រកួត​កីឡា​​បែប​ប្រពៃណី​របស់​ម្ចាស់​ផ្ទះ​ហ្វីលីពីន ឈ្មោះ​ថា Arnis ដែល​ប្រើ​ដំបង​ខ្លី ក្នុង​ការ​សម្តែង និង​ប្រកួត​គ្នា ប៉ុន្តែ លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​អះអាង​ថា អត្តពលិក​ ​៤ ​នាក់ ក្នុង​ចំណោម​អត្តពលិក ​១០ ​នាក់ (ស្រី ៥ នាក់) ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​នេះ គឺ​មាន​អ្នក​អាច​ឈាន​ទៅ​ដល់​ការ​ដណ្តើម​បាន​មេដាយ​មាស។

លោក អ៊ូ តារា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​អង្គារ​ថា៖ ​«គោល​បំណង​ធំ​របស់​យើង គឺ​ការ​ដណ្តើម​យក​មេដាយ​មាស ដើម្បី​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត សម្រាប់​ការ​បង្ហាញ​ខ្លួន នៅ​ស៊ីហ្គេម លើក​ដំបូង​នេះ ហើយ​​តាម​ការ​វាយ​តម្លៃ​របស់​គ្រូ​បង្វឹក​ខ្មែរ និង​គ្រូ​បង្វឹក ជនជាតិ​​ហ្វីលីពីន ដោយ​ផ្នែក​លើ​ការ​ប្រៀប​ធៀប​អត្តពលិក កម្ពុជា ទៅ​នឹង​​ក្រុម​អត្តពលិក ហ្វីលីពីន ដែល​ជា​ម្ចាស់​ផ្ទះ​គុន Arnis នោះ គឺ​អត្តពលិក​របស់​យើង ធ្វើ​បាន​ក្នុង​កម្រិត​ខ្ពស់ ហើយ​ក្នុង​នោះ​កីឡាករ​ ​៣ ​នាក់ និង​កីឡាការិនី ​១ នាក់ របស់​យើង ​គឺ​មាន​អ្នក​អាច​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​មាស»។

ការ​បង្ហាញ​ភាព​ជឿជាក់ ក្នុង​ការ​ដណ្តើម​បាន​មេដាយ​មាស​ស៊ីហ្គេម​លើក​នេះ គឺ​ដោយ​សារ​ក្រុម​ល្បុក្កតោ​កម្ពុជា បាន​យល់​កាន់​តែ​ច្បាស់​ទៅ​លើ​បទ​បញ្ជា​បច្ចេកទេស និង​របៀប​នៃ​ការ​ដាក់​ពិន្ទុ ក្នុង​ការ​ប្រកួត​កីឡា Arnis បន្ទាប់​ពី​ពួក​គេ បាន​ចូលរួម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ក្នុង​វគ្គ​បណ្តុះបណ្តាល​អាជ្ញា​កណ្តាល ចៅ​ក្រម ដែល​ភាគី​ទាំង ​២ បាន​រួម​គ្នា​រៀបចំ​ឡើង នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រយៈពេល ​៥ ​ថ្ងៃ និង​ទើប​បាន​បញ្ចប់​កាល​ពី​​ថ្ងៃ​អង្គារ។

នៅ​ក្នុង​វគ្គ​​នេះ ប្រទេស​ ​ហ្វីលីពីន បាន​បញ្ជូន​​អ្នក​ជំនាញ មក​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​បទ​បញ្ជា​បច្ចេកទេស ដល់​គ្រូ​បង្វឹក​កម្ពុជា ហើយ​តាមរយៈ​ការ​សិក្សា​នោះ​ លោក វី តារា​ បាន​ជាប់​ឈ្មោះ​ជា​អាជ្ញា​កណ្តាល​ចៅ​ក្រម​អន្តរជាតិ ដែល​នឹង​ត្រូវ​ចូលរួម​កាត់​សេចក្តី​លើ​កីឡា​ Arnis លើក​នេះ។ ពិសេស​ជាង​នេះ ហ្វីលីពីន បាន​បញ្ជូន​​អត្តពលិក ​២០ នាក់ ឲ្យ​មក​ប្រកួត​ដក​ស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ល្បុក្កតោ​កម្ពុជា ធ្វើ​ឲ្យ​ពួក​គេ មាន​សមត្ថភាព​​កាន់​តែ​ល្អ​ទាំង​ទៅ​លើ​​ការ​​សម្តែង​មេ​គុន និង​វិញ្ញាសា​ប្រយុទ្ធ Live Stick ដែល​​វិញ្ញាសា​ទាំង ​២ ​នេះ កម្ពុជា ត្រូវ​ប្រកួត​នៅ​ស៊ីហ្គេម។

លោក អ៊ូ តារា បាន​បន្ថែម​ថា៖ ​«កន្លង​មក​ ទាំង​ការ​ហ្វឹកហាត់ ​ប្រកួត និង​ការ​​រៀនសូត្រ​​លើ​បទ​បញ្ជា​បច្ចេកទេស​កីឡា ARNIS នេះ គឺ​យើង​នៅ​មិន​ទាន់​បាន​លម្អិត​ទៅ​លើ​វិញ្ញាសា​ប្រយុទ្ធ ប៉ុន្មាន​ឡើយ ប៉ុន្តែ​តាមរយៈ​ការ​ផ្សព្វផ្សាយ​បទបញ្ជា​បច្ចេកទេស​ក្នុង​វគ្គ​នេះ បាន​ធ្វើ​ឲ្យ​អត្តពលិក​​យើង​បាន​យល់​ច្រើន​ពី​លក្ខខណ្ឌ​ផ្តល់​ពិន្ទុ ថា​តើ​ការ​ប្រើ​បច្ចេកទេស​ណា ​បាន​ពិន្ទុ​ច្រើន និង​បច្ចេកទេស​ណា ដែល​ចាំបាច់​ត្រូវ​​ប្រើប្រាស់ គឺ​គាត់​យល់​បាន​ច្បាស់ អ៊ីចឹង​គាត់​អាច​​រៀបចំ​ទម្រង់​ប្រយុទ្ធ​របស់​ពួកគាត់​បាន​ត្រឹម​ត្រូវ ដោយ​មិន​ខ្ជះខ្ជាយ​ពេល​វេលា»។

អគ្គលេខាធិការ​វ័យ​ក្មេង​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «តាមរយៈ​ការ​ប្រកួត​មិត្តភាព​នេះ យើង​ក៏​បាន​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​យើង​ផង​ដែរ អ៊ីចឹង​ក្នុង​រយៈពេល ​១ ខែ​ចុង​ក្រោយ​នេះ យើង​នឹង​ហ្វឹកហាត់​ទៅ​តាម​ផែនការ និង​យុទ្ធសាស្រ្ត​ថ្មី ​ដែល​​គ្រូ​បង្វឹក​ខ្មែរ និង​គ្រូ​បង្វឹក​ហ្វីលីពីន បាន​រៀបចំ​ទុក​ឲ្យ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុម​អត្តពលិក​យើង មាន​លទ្ធភាព​គ្រប់គ្រាន់ ​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​មាស តាម​ទិសដៅ​ដែល​សហព័ន្ធ​បាន​ដាក់​ចេញ»៕