ភ្នំពេញ៖ ការ​ប្រកាស​លា​ឈប់​ពី​អាជីព​ប្រដាល់ ហើយ​ទៅ​ចាប់​មុខ​របរ​រក​ស៊ី ជា​អ្នក​លក់​ងៀត​ក្របី និង​កន្ធាយ​អប់ ​(ចំហុយ)​ តាម​អនឡាញ​របស់​ជើង​ខ្លាំង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ​៣ ស្ថាប័ន វង្ស ណយ បាន​ធ្វើ​ឲ្យ​មហាជន​យល់​ឃើញ​ខុសៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ការ​អាណិត​ តែ​អ្នក​ខ្លះ​ទៀត​បាន​យល់​ថា គ្រាន់​តែ​ជា​ការ​សម្តែង ដើម្បី​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន ព្រោះ​​​កីឡាករ​ល្បី​ឈ្មោះ​ខ្លះ ដែល​​មាន​ប្រាក់​ចំណូល​ពី​ការ​ប្រកួត​មួយ​ខែៗ​ ខ្ទង់​ពាន់​ដុល្លារ​នោះ​ នៅ​តែ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា ​ក្រីក្រ​លំបាក​ ខណៈ​​រឿង​​ខ្លះ ​ផ្ទុយ​ពី​ការ​ពិត​។​

យ៉ាង​ណា​ក៏​ដោយ ជុំវិញ​​នឹង​ភាព​មន្ទិល​សង្ស័យ​នេះ វង្ស​ ណយ​ បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ក្រីក្រ​លំបាក​មែន​ ហើយ​អាយុ​ច្រើន​ ប្រកួត​មិន​បាន​ល្អ​ ក៏​​​សម្រេច​ឈប់​ប្រកួត ​គឺ​មិនមែន​សម្តែង​ឲ្យ​គេ​អាណិត​នោះ​ឡើយ។ ខ្ញុំ​​មក​រក​ស៊ី​វិញ ​ដោយ​ឈប់​ហាត់​ឡើង​ប្រដាល់​ទៀត​ហើយ»​។​

គួរ​រំឭក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ វង្ស ​ណយ ​បាន​ប្រកាស​លាឈប់​ពី​អាជីព​នេះ នៅ​លើ​ហ្វេសប៊ុក​​របស់​ខ្លួន ដោយ​បាន​សរសេរ​ថា «​ខ្ញុំ​វ៉ៃ​យូរ​ណាស់​ហើយ ល្បី​តែ​ឈ្មោះ អត់​​សល់​អី​ទេ។ ពេល​នេះ​ខ្ញុំ​អស់​កម្លាំង​វ៉ៃ​ទៀត​ហើយ​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ឈប់​វ៉ៃ ​​ព្រោះ​ខ្លាច​ពិការ​ខាន​បាន​រក​ស៊ី​ចិញ្ចឹម​កូន​ ព្រោះ​បើ​ខ្ញុំ​ពិការ​ទៅ​ គ្មាន​អ្នក​ណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ​»​។

មាន​ស្រុក​កំណើត ​នៅ​​ខេត្ត​ប៉ៃលិន ​វង្ស ​ណយ បាន​​សាង​ភាព​ល្បីល្បាញ​ គឺ​ឈ្នះ​ខ្សែ​ក្រវាត់​អាស៊ីអីរ៉ុប​នៅ​ប្រទេស​បារាំង ​ចំនួន ​២ ​ជំនាន់ ​និង​ឈ្នះ​ខ្សែ​ក្រវាត់​ស៊ីម៉ង់ត៍​ភ្នំ ​នៅ​សង្វៀន​បាយ័ន ដោយ​ផ្តួល​ជើង​ខ្លាំង ​កែវ ​រំចង់ ​ឲ្យ​សន្លប់ ​បង្ក​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ ប៉ុន្តែ វង្ស ​ណយ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ​មាន​ការ​ផ្លាស់​ប្តូរ​ក្លិប​ជា​បន្តបន្ទាប់ ខណៈ​ដែល​គ្រូ​បង្វឹក ​និង​អ្នក​គ្រប់គ្រង​មុនៗ ​បង្ហើប​ប្រាប់​ថា​ ខ្សោយ​វិន័យ ​និង​ពិបាក​គ្រប់គ្រង​។

វង្ស ​ណយ ​និយាយ​ថា​៖ «​ខ្ញុំ​សម្រេច​ចិត្ត​លា​ឈប់​ពី​អាជីព​អ្នក​ប្រដាល់ ​ដោយសារ​ក្រីក្រ កម្លាំង​ខ្សោយ​ ប្រកួត​ក្នុង​មុខ​របរ​នេះ ​គ្មាន​សល់​អី​ ពិសេស​ជាង​នេះ ​គឺ​ទ្រាំទ្រ​នឹង​ការ​ជេរ​ប្រមាថ​របស់​អ្នក​រិះគន់​មួយ​ចំនួន​តូច​មិន​បាន​ ​ព្រោះ​ពេល​យើង​វាយ​ឈ្នះ ​គេ​គាំទ្រ​ថា ​ល្អ ​ដល់​យើង​កម្លាំង​ខ្សោយ​ វ៉ៃ​ចាញ់ ​គេ​ជេរ​ ​ចោទ​យើង ​និង​មើល​ងាយ​យើង​»។​ ​

កីឡាករ​វ័យ ​៣៣ ​ឆ្នាំ វង្ស ណយ បាន​បញ្ជាក់​ថា៖​ «ទោះបី​ខ្ញុំ​មាន​ចិត្ត​អាឡោះ​អាល័យ​ចង់​បន្ដ​អាជីព​ ប៉ុន្តែ​ជីវភាព​ និង​ការ​ប្រកួត​ឈឺ​សាច់​ និង​ការ​រិះគន់​ជាន់​ពន្លិច ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​តែ​លា​ឈប់​ប្តូរ​មុខ​របរ​នេះ ​ខ្ញុំ​ពិត​ជា​ឈប់​ប្រាកដ​មែន​ ​គ្មាន​សម្តែង​អ្វី​ទេ​ ប៉ុន្តែ​បើ​បង​ប្អូន​អាណិត​ខ្ញុំ ​មេត្តា​ជួយ​ទិញ​ទៅ ​ខ្ញុំ​នឹង​ដឹក​ដល់​ផ្ទះ​ គឺ​ងៀត​ក្របី​ ១ គីឡូ​ក្រាម ​៦៥​ ០០០ រៀល​ និង​កន្ធាយ​ចំហុយ ​១ ក្បាល តម្លៃ ​២៧ ​ដុល្លារ​»។​

ចំណែក​ប្រពន្ធ​របស់ ​វង្ស ​ណយ ​ឈ្មោះ ​វ៉ាន់ ​គន្ធា បាន​​​ប្រាប់​​ថា៖ ​«​ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​​បាន​ជា​ប្តី​ប្រពន្ធ​គ្នា ​១៥ ​ឆ្នាំ​មក​ហើយ​។ ​សព្វ​ថ្ងៃ​​មាន​កូន​ ​២ ​នាក់ ​ប្រុស ​១ ​ស្រី ​១ ​នៅ​ក្នុង​ផ្ទះ​ជួល​ម្តុំ​ចោមចៅ ហើយ​​ចាប់​ផ្តើម​ប្រកប​របរ​លក់​ងៀត​ក្របី​ និង​អាហារ​កុម្មង់​តាម​អនឡាញ ​ដោយ​ប្តី​ខ្ញុំ​ ជា​អ្នក​ដឹក​ជញ្ជូន​​។ ​គ្រួសារ​ខ្ញុំ​ រស់​ក្នុង​របរ​អ្នក​ប្រដាល់​មក​ដល់​ពេល​នេះ​ គឺ​គ្មាន​សល់​អ្វី​ទេ​ ទើប​សម្រេច​ចិត្ត​ចាប់​អាជីព​ថ្មី​ ទើប​តែ​បាន ​៣ ​ខែ​ ដោយ​ទទួល​បាន​ប្រាក់​ចំណូល ត្រឹម​ម៉ា​រស់​ លើ​ការ​​ហូប​ចុក​ប្រចាំ​ថ្ងៃ​ និង​ថ្លៃ​ផ្ទះ»​។​

ជុំវិញ​ការ​ប្រកាស​លាឈប់​ពី​ប្រដាល់​របស់ វង្ស ណយ ដោយ​អះអាង​ថា ប្រកួត​យូរ​ឆ្នាំ តែ​គ្មាន​សល់​អ្វី​នេះ លោក ​តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​បាន​លើក​ឡើង​តប​ទៅ​វិញ​ថា​៖ ​«បញ្ហា​កីឡាករ​ប្រដាល់​មាន ​ឬ​ក្រ ​គឺ​មិន​អាច​មក​ពី​ប្រាក់​ចំណូល​នោះ​ទេ​ ព្រោះ​កីឡាករ​លំដាប់​ជួរ​មុខ​ក្នុង ​១ ប្រកួត​ខ្លះ ​បាន​រហូត​ខ្ទង់​ ​៥០០ ឬ​កម្មវិធី​ខ្លះ​​ដល់ ​១ ០០០ ​ដុល្លារ​ ហើយ​​មាន​កីឡាករ​ខ្លះ ​ប្រកួត​សឹង​តែ​រាល់​សប្តាហ៍​ក៏​មាន។​ អ៊ីចឹង​កត្តា​ភាព​ក្រីក្រ​ខ្លះ ​គឺ​មក​ពី​ការ​គ្រប់គ្រង​ការ​ចំណាយ​របស់​យើង​ផ្ទាល់​ខ្លួន​ ព្រោះ​កីឡាករ​ខ្លះ​ ហេតុ​អ្វី​គេ​មាន​ជីវភាព​សមរម្យ​​។ ចំណែក​​ការ​លាឈប់​របស់ ​វង្ស ​ណយ​ ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​​ ​ព្រោះ​ការ​ស្ម័គ្រ​ចិត្ត​ចូល​វ៉ៃ​ ក៏​ជា​សិទ្ធិ​របស់​គេ​ផ្ទាល់​​ខ្លួន»៕