ភ្នំពេញ៖ ​អ្នក​ជំនាញ​ប្រើ​ក្បាច់​កែង វង្ស ណយ ដែល​ទើប​បាន​សន្លប់​ក្រោម​កណ្តាប់​ដៃ​របស់​​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ កែវ​ រំចង់​ សម្រាប់​ការ​វិល​មក​ជាន់​សង្វៀន​ប្រដាល់​ជា​ថ្មី កាល​ពី​ពេល​ថ្មីៗ​នេះ ​គឺ​នៅ​​សប្តាហ៍​នេះ​ ​គណៈកម្មការ​ផ្គូផ្គង​សង្វៀន​បាយ័ន​បាន​ដាក់​ឱ្យ​ប្រកួត​ក្នុង​ទម្ងន់ ​៧៥ ​គីឡូក្រាម ​ជាមួយ​ជើង​ខ្លាំង​​​កំពុង​ល្បី​ឈ្មោះ ឈួន​ រិទ្ធី​ ​នៅ​ថ្ងៃ​សៅរ៍​។

បើ​ទោះបី​ជា វង្ស ណយ ទើប​ចាញ់ ​កែវ ​រំចង់​ ទឹក​ទី៤​ ​ប៉ុន្តែ​អ្នក​ទស្សនា​ភាគ​ច្រើន​បាន​លើក​ទឹក​ចិត្ត និង​​សរសើរ​ថា​ ណយ ខំ​វ៉ៃ​​អស់​ពី​សមត្ថភាព​ និង​ជក់​ចិត្ត។ ចំណែក​​ការ​វិល​មក​សង្វៀន​លើក​នេះ ​វង្ស​ ណយ​ បាន​ការ​គាំទ្រ​ច្រើន​ដដែល​ ហើយ​អ្វី​ដែល​ ណយ​ ពេញ​ចិត្ត​នោះ​ ពេល​ប្រកួត​ចាញ់​គ្មាន​អ្នក​ជេរ​ប្រមាថ​។​

អ្នក​ប្រដាល់​លក់​ងៀត​ក្របី វង្ស ​ណយ ​បាន​​ប្រាប់​​ថា​៖ «​ខ្ញុំ​ពេញ​ចិត្ត ​នឹង​ឡើង​សង្វៀន​វិញ ​ព្រោះ​​ពេល​ចាញ់​ គ្មាន​អ្នក​ជេរ ពិសេស​មាន​អ្នក​លើក​ទឹក​ចិត្ត​បាន​ធ្វើ​ឱ្យ​មុខ​របរ​លក់​ងៀត​ក្របី​ខ្ញុំ ​លក់​ដាច់​ទៅ​វិញ​។​ ម៉្យាង​ទៀត​ ឈួន​ រិទ្ធី ​ទោះ​ជា​ខ្លាំង​ក៏​មិន​ជា​ឧបសគ្គ​ធំ​ដូច​ ប្រកួត​ជាមួយ ​កែវ ​រំចង់ ​ដែរ»​។​

វង្ស​ ណយ​ និយាយ​ថា​៖ «​រិទ្ធី ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ កម្លាំង​នៅ​ល្អ​ គឺ​ជា​ឧបសគ្គ​ធំ​ដែរ ​ប៉ុន្តែ​ក្នុង​ឋានៈ​អ្នក​ជើង​ចាស់​ធ្លាប់​ល្បី​ឈ្មោះ ​១ ​រូប ​ខ្ញុំ​មិន​ចេះ​ខ្លាច​ដៃ​គូ​ទេ ​ចូល​ទៅ​ដឹង​តែ​វ៉ៃ​សម្រុក​តែ​ម្តង រី​ឯ​រឿង​ចាញ់ ​ឬ​ឈ្នះ​ មិន​ទាន់​ហ៊ាន​និយាយ​មុន​ទេ​ ប៉ុន្តែ​សុំ​តែ​ម៉្យាង​ទេ​ គឺ​ចាញ់​ ហាម​ចោទ​ និង​ហាម​ជេរ ​ប្រយ័ត្ន​ខ្ញុំ​ទ្រាំ​មិន​បាន​ជេរ​តប​វិញ»​។

តាម​​បទពិសោធ​​ ​វង្ស ​ណយ​ ធ្លាប់​ប្រកួត​​​ច្រើន​ជាង​ ​ឈួន​ រិទ្ធី ​ប្រហែល ​៤ ​ដង​នោះ ប៉ុន្តែ ​វង្ស ​ណយ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ចាញ់​ប្រៀប រិទ្ធី ​ផ្នែក​កម្លាំង​តែ​​​ល្បិច​ប្រយុទ្ធ​ ស្នៀត​កែង ​និង​ការ​ចូល​បោះ​ជង្គង់​ ណយ មាន​ប្រៀប​ជាង ​ឈួន ​រិទ្ធី ​ឆ្ងាយ​ណាស់​។

វង្ស​ ណយ​ ​និយាយ​ថា​៖ ​«ខ្ញុំ​ចាញ់​ផ្នែក​កម្លាំង​មែន​ ​តែ​បច្ចេក​ទេស​ ជង្គង់​ និង​កែង ​បើ​ខ្ញុំ​វាយ​ចូល​គោលដៅ​ធានា​ថា ​ស៊ី​ផុយ។ ​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​អាច​មើល​ស្រាល​ដៃ​គូ​បាន​ទេ ​សូម​ចាំ​មើល​ការ​ប្រកួត​ជាក់​ស្តែង​ទៅ​ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៧០ ​ភាគរយ​តែ​ខ្ញុំ​សូម​សំណូមពរ​បងប្អូន​អ្នក​ទស្សនា​ បើ​សិន​​​​ខ្ញុំ​ចាញ់​ កុំ​ជេរ​​អី​ ព្រោះ​ខ្ញុំ​ខឹង​អ្នក​​ជេរ​ណាស់​»។​

ចំណែក ឈួន ​រិទ្ធី ​ជា​កីឡាករ​ធ្លាប់​ប្រកួត​ល្បីល្បាញ​ក្នុង​គុន​ចម្រុះ​ MMA​ ហើយ​​នៅ​ឆ្នាំ​​នេះ ​គេ​ទទួល​បាន​​ជោគជ័យ​នៅ​​លើ​សង្វៀន​ថោន​។​ លោក ​ធន់ ​សុភា​ ជា​គ្រូ​បង្វឹក​ប្រាប់​​ថា​ ឆ្នាំ ​២០២០ ​នេះ​ ឈួន​ រិទ្ធី​ មាន​ស្ថិតិ​ប្រកួត​ល្អ​បំផុត ​​គឺ​ឈ្នះ​ជានិច្ច​ពិសេស​ ​៣ ​ប្រកួត​ចុង​ក្រោយ​នេះ ​ឈ្នះ​ជាប់ៗ​គ្នា​ គឺ​ឈ្នះ​ ឈឿង ​ល្វៃ, យ៉ាម ​ខេមរា​ និង​ឈ្នះ ​ទេស ​សំខាន់​។

លោក​​បន្ថែម​ថា​៖ «​តាម​ខ្ញុំ​មើល​ ប៉ះ​ វង្ស​ ណយ​ ពិត​ជា​លំបាក​ឈ្នះ​ណាស់​ ព្រោះ​គេ​ជា​កីឡាករ​​ជើង​ចាស់​មាន​ជំនាញ​​បញ្ឆោត​ខ្ពស់ ​ចំណែក​ រិទ្ធី ​​មាន​ប្រៀប​តែ​ផ្នែក​កម្លាំង​ និង​កណ្តាប់​ដៃ​ធ្ងន់​​ រីឯ​ជង្គង់ ​និង​កែង ​មិន​អាច​ប្រៀប​ជាមួយ ​វង្ស ​ណយ​ បាន​ទេ​។​ ​ទោះ​ជា​យ៉ាង​ណា ​ឡើង​ប្រដាល់​ត្រូវ​មាន​ទំនុក​ចិត្ត​ខ្ពស់ ​ហេតុ​នេះ​ខ្ញុំ​រំពឹង​​ឈ្នះ ​៧០ ​ភាគរយ ​ហើយ​បើ​សិន​ប្រើ​កណ្តាប់​ដៃ​បាន​ល្អ​ វង្ស​ ណយ​ អាច​សន្លប់​ទៀត​ក៏​ថា​បាន​ដែរ​ ព្រោះ​ រិទ្ធី ដៃ​ធ្ងន់​ណាស់​»។​

ចំណែក ឈួន ​រិទ្ធី ​​និយាយ​ថា៖ «​ខ្ញុំ​ហាត់​ត្រៀម​បាន​ល្អ។ ខ្ញុំ​នឹង​ប្រឹង​ទប់​កែង​គាត់​ឱ្យ​ជាប់​ និង​វ៉ៃសង​ដោយ​​កណ្តាប់​ដៃ​ ហេតុ​នេះ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៩០ ​ភាគរយ ព្រោះ​​ខ្ញុំ​ត្រូវ​អូស​ពេល​​ប្រកួត​ឱ្យ​ដល់​ទឹក​ទី​៤ ​ឬ​ទឹកទី​៥ ​គឺ​ពេល វង្ស ​ណយ ​ខ្សោយ​កម្លាំង​ទើប​ខ្ញុំ​សម្រុក​ផ្តាច់​តែ​ម្តង»​៕​​