ភ្នំពេញ៖ អ្នក​ប្រដាល់ វង្ស ណយ ត្រូវ​ឡើង​សង្វៀន TV5 Boxing Knock-Out Serie ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kwan Ek ថ្ងៃ​សៅរ៍ ទី​ ១៧ ខែ​សីហា ស្អែក​នេះ​ជា​គូ​មិត្តភាព​អន្តរជាតិ​កំដរ​គូ​ដណ្តើម​ពានរង្វាន់ TV5 Boxing Knock-Out Serie by K-Cement នៅ​សង្វៀន​ព្រែកកំពឹស​។

វត្តមាន​របស់ វង្ស ណយ មកកាន់​សង្វៀន TV5 ជាថ្មី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ដែល​ដាក់​ចម្ងល់​ថា «​តើ វង្ស ណយ អាច​ស៊ូ ជាមួយ​អ្នក​លេង​ជង្គង់​ថៃ Kwan Ek បាន​ដែរ​ឬ​យ៉ាងណា​?»​។

មួយរយៈ​ចុងក្រោយ​នេះ វង្ស ណយ បាន​ប្តូរ​ក្លិប​ថ្មី​គឺ​មក​នៅ​ក្លិប​កុលបុត្រ​គុន​ខ្មែរ ហើយ​ការ​ប្រកួត​ភាគច្រើន​នៅ​សង្វៀន​បាយ័ន​ក្រោម​ការជួយ​ទំនុកបម្រុង​ខ្លះ​ពី​អ្នកគ្រប់គ្រង​កម្មវិធី​ដែល​ភាគច្រើន​ត្រូវគេ​សង្ស័យ​ថា ទទួល​លុយ​ចិញ្ចឹម​ប្រចាំខែ​ដើម្បី​បម្រើការ​ប្រកួត​របស់​គេ​ផ្តាច់មុខ​នៅ​សង្វៀន​នេះ​ដូចគ្នា​នឹង​កីឡាករ កែវ រំចង់ អ៊ីចឹង​ដែរ​។

ការប្រកួត​រវាង​ជើង​ខ្លាំង​ទាំង​ ២ ​ក្នុង​ប្រភេទ​ទម្ងន់​ ៧៣ ​គីឡូក្រាម​នេះ​ធ្វើឲ្យ​អ្នកទស្សនា​រំពឹង​ថា ជា​ការប្រកួត​មួយ​អស្ចារ្យ​ណាស់​ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ និង​ធ្លាប់​ចាញ់-ឈ្នះ​ស្មើ​ជាមួយ​ជើង​ខ្លាំង ឡុង សុភី ផង​ដែរ​។

ចំពោះ វង្ស ណយ គឺជា​អ្នក​ប្រដាល់​ដែល​មាន​អាជីព​ឡើង​ចុះ​មិន​ទៀងទាត់ ចួនកាល​ខ្លាំង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​យ៉ាង​លឿន ប៉ុន្តែ​ពេល​ខ្លះ​ក៏​ភ្លាត់​ចាញ់​សន្លប់​យ៉ាង​ផុយស្រួយ​តែម្ដង ខណៈ​កិត្តិនាម​របស់​រូបគេ​វិញ​ចួនកាល​ល្បីល្បាញ ពេលខ្លះ​ក៏​ធ្លាក់​ចុះ​។

វង្ស ណយ ល្បីល្បាញ​ខ្លាំង​ក្រោយ​ឈ្នះ កែវ រំចង់ ពី​ប៉ុន្មាន​ឆ្នាំមុន​នៅ​សង្វៀន​បាយ័ន ខណៈ​ កែ រំចង់ ត្រូវគេ​ពង្វាង​លែង​ឲ្យ​ជួប​គ្នា​ជាថ្មី​ ប៉ុន្តែ​ពី​ដើម​ឆ្នាំ​ ២០១៩ ​នេះ​កីឡាករ​រូបនេះ​ធ្លាប់​ចាញ់ រឿង​​ សោភ័ណ្ឌ នៅ​សង្វៀន CNC ក្នុងជំនួប​ដ៏​ជក់ចិត្ត និង​កម្រ​បំផុត​។

អ្នកតាមដាន​ប្រដាល់​និយាយ​ថា​៖ «​នេះ​ជា​ជំនួប​ប្រកួត​គ្នា​ដោយ​កម្រ និង​គូ​ទម្ងន់​ជាង​ ៧៣ ​គីឡូក្រាម​គួរ​ឲ្យ​ចង់​ទស្សនា ប៉ុន្តែ​ពួកគេ​សុទ្ធតែ​រំពឹងថា ការ​ឈ្នះ​ ឬ​ចាញ់​លំបាក​នឹង​ប្រកួត​បាន​ ៥ ​ទឹក​ពេញ​ណាស់​ពោល​គឺ​អាច​ប្រើពេល ប្រកួត​ខ្លី ឬ​សន្លប់​មុន​ទឹក​ទី​ ៥»​។

កីឡាករ វង្ស ណយ និយាយ​ថា​៖ «​បច្ចុប្បន្ន​សង្វៀន​ណា​ក៏​ខ្ញុំ​ចេញ​ប្រកួត​បាន​ដែរ​ឲ្យ​តែ​ប្រាប់​មុន​ ដើម្បី​ត្រៀម​ហាត់​ឲ្យ​បានល្អ​ហើយ​ពេលនេះ​ខ្ញុំ​មិន​ជាប់​កិច្ចសន្យា​ផ្តាច់មុខ​ឲ្យ​សង្វៀន​ណា​នោះ​ឡើយ ហើយ​ជំនួប​នេះ ខ្ញុំ​គិតថា​គ្មាន​ឧបសគ្គ​ធំ​នោះទេ​ពីព្រោះ​ស្នៀត​ល្អ​របស់គេ​ (​កីឡាករ​ថៃ​) ​បាន​តែ​ឱប​កាច់​ឡើង​ជង្គង់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ខ្ញុំ​មាន​ឱកាស​ចេញ​កែង​ ឬ​វាយ​ប្រយោល​បាន​អាច​សន្លប់​ក្រោម​កែង​ខ្ញុំ​ក៏​ថា​បាន​ពីព្រោះ​វ៉ៃ​គ្នា​មិន​ទៀងទេ​»​។

កីឡាករ​រូបនេះ​បន្ថែម​ថា​៖ «​ខ្ញុំ​ក៏មាន​ចំណុច​ខ្សោយ​ខ្លះ​គឺ​បញ្ហា​កម្លាំង​លំបាក​ធានា​នៅ​ចុង​ទឹក ព្រោះ​អាយុ​រាង​ចាស់​ដែរ​ហើយ​កម្លាំង​ក៏​មិន​រឹងមាំ​ដូច​កាល​នៅ​ក្មេង​ដែរ​»​។

ទោះជា​យ៉ាងណា​កីឡាករ​ជើងចាស់​រូបនេះ​អះអាង​ថា​ធានា​វ៉ៃ​អស់ពី​សមត្ថភាព​រឿង​ចាញ់​ ឬ​ឈ្នះ​មិន​ហ៊ាន​និយាយ​មុន​ទេ ចាំមើល​ការប្រកួត​ជាក់ស្តែង​។

លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា​៖ «​កីឡាករ​ថៃ Kwan Ek Sor Sophap នេះ​ជំនាញ​ឱប​ឡើង​ជង្គង់​ ប៉ុន្តែ​បញ្ហា​ចំណុច​ខ្សោយ​គឺ​ថា​បើ​បិទ​កែង​ វង្ស ណយ មិន​បានទេ​អាច​ចាញ់​ត្រង់​បែក​ឈាម​ ឬ​សន្លប់​នេះ​តែម្តង ប៉ុន្តែ​បើ​ការប្រកួត​ធម្មតា​តាម​ក្បាច់​មិន​វ៉ៃ​ប្តូរ​គ្នា​នោះ​ទេ Kwan Ek មាន​ប្រៀប​ជាង វង្ស ណយ​»​។

រីឯ​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ថ្ងៃ​សៅរ៍ ទី​ ១៧ ​ខែ​សីហា​នេះ អ្នក​ប្រដាល់​ជើង​ថ្មី​ ភួង ណាំហុង ក្លិប​រស្មី​កំព្រា ត្រូវ​ជួប​ជាមួយ​ជើងចាស់ ស៊ឹម ប៊ុនឆៃ​ ក្លិប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់ដំបង​ដែល​ការប្រកួត​នេះ​ជា​ការប្រកួត​ជុំ​ទី ​១ នៃ​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​៕